ខេត្តបាត់ដំបង ៖
គ្រូបង្រៀនម្នាក់ត្រូវបានសមត្ថកិច្ចចរាចរដេញឃាត់ខ្លួនប្រគល់ឲ្យ
នគរបាលព្រហ្មទណ្ឌក្រោយពីត្រូវយុវជនម្នាក់បើករថយន្ត ISUZU
ពីរបាំងដេញកៀរគាត់ឲ្យដួល រួចចោទថា គ្រូបង្រៀននោះបានវាយកញ្ចក់
និងជញ្ជាំងរថយន្តខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧ មីនា ២០១៣
នៅចំណុចខាងមុខសាកលវិទ្យាល័យឌូវី ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ
ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុនិយាយថា
គេឃើញអ្នកបើករថយន្តនោះដេញកៀរអ្នកជិះម៉ូតូឱ្យដួលនៅកន្លែងគោលដៅនគរបាល
ចរាចរ ហើយកម្លាំងចរាចរណ៍ជាច្រើនបានចោមរោមជួយចាប់អ្នកជិះម៉ូតូនោះ
ក្រោយពីឃើញរថយន្តកៀរឲ្យដួល ។ សាក្សីថា
គេឃើញអ្នកជិះម៉ូតូរបួសបែកក្បាលដែលគេសង្ស័យថា ជាស្នាដៃនគរបាលចរាចរ
ពេលអន្តរាគមន៍
ហើយគ្រានោះក្រុមសមត្ថកិច្ចក៏បានគេចចេញពីកន្លែងកើតហេតុភ្លាមៗដែរ
ពេលកម្លាំងនគរបាលព្រហ្មទណ្ឌមកដល់។
សមត្ថកិច្ចប្រាប់ថា រថយន្តនោះម៉ាក ISUZU
ពីរបាំងពណ៌ស បើកដោយយុវជនឈ្មោះវង គឹមហាប់ អាយុ២៥ឆ្នាំ នៅភូមិកាប់គោថ្មី
សង្កាត់អូរចា ក្រុងបាត់ដំបង។ រីឯអ្នកជិះម៉ូតូឈ្មោះអ៊ំ សារ៉ន ភេទប្រុស
អាយុ២៧ឆ្នាំ ជាគ្រូបង្រៀនភាសានៅសាលា «អង្គរ» នៅក្នុងក្រុងបាត់ដំបង។
ម្ចាស់រថយន្តបានបើកដេញកៀរម៉ូតូគ្រូបង្រៀននោះ ដោយអះអាងថា
គ្រូបង្រៀននោះបានវាយកញ្ចក់ និងជញ្ជាំងរថយន្តខ្លួននៅតាមផ្លូវ
ហើយដួលនៅគោលដៅសមត្ថកិច្ចចរាចរតែម្ដង៕