Tuesday, March 26, 2013

ភ្លៀងលាយខ្យល់ នៅក្រុងព្រះវិហារ ប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ របើកដំបូលអាគារ សាលាខេត្ត និងបើងដំបូលកន្លែងដាំស្ល របស់ក្រុមយុវជន ស្ម័គ្រចិត្ត

-អភិបាល ខេត្តព្រះវិហារ បាននាំយកក្រុម យុវជនស្ម័គ្រចិត្ត មកស្នាក់នៅ សណ្ឋាគារ នៅក្រុងព្រះវិហារ
ព្រះវិហារ៖ ភ្លៀងលាយខ្យល់ ប្រមាណជិត១ម៉ោង នៅក្រុងព្រះវិហារ នាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣នេះ បានបណ្តាលឲ្យ ផ្ទះប្រជាពលរដ្ឋ រងផលប៉ះពាល់ និងបើងដំបូល អគារសាលាខេត្ត ព្រះវិហារ ព្រមទាំងបើងដំបូរោងកន្លែងដាំស្ល របស់ក្រុមយុវជនស្ម័គ្រចិត្ត ទី៧២ នៅក្រុងព្រះវិហារផងដែរ។
អភិបាល ខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា បានថ្លែងឲ្យដឹងថា ភ្លៀងលាយខ្យល់បាន ធ្លាក់យ៉ាងខ្លាំង នៅក្រុងព្រះវិហារ នាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣នេះ ប្រហែល៤០នាទី ដែលបណ្តាលបើងដំបូល ផ្ទះប្រជាពលរដ្ឋ មួយចំនួន ដើមឈើតូចៗ នៅតាមផ្លូវ បាក់ និងដួលរំលំ ព្រមទាំងបើង ដំបូលកន្លែងដាំស្ល របស់ក្រុមយុវជនស្ម័គ្រចិត្ត នៅក្រុងព្រះវិហារ និងដំបូលរបស់អគារសាលា ខេត្តព្រះវិហារ ក៏រងផលប៉ះពាល់ ផងដែរ ។
យ៉ាងណាក៏ដោយ អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា  ចំពោះហេតុការណ៍ ភ្លៀងធ្លាក់លាយខ្យល់ ខាងលើនេះ មិនបានបណ្តាលឲ្យ ប្រជាពលរដ្ឋណាម្នាក់ រងរបួសនោះទេ ។
ដោយឡែក ក្រុមយុវជនស្ម័គ្រចិត្ត លោកបានឲ្យមកស្នាក់នៅ ជាបណ្តោះអាសន្ន នៅសណ្ឋាគារនៅ ក្រុងព្រះវិហារ សិនដើម្បីជៀសវាង បញ្ហាណាមួយ ដែលអាចកើតមានឡើង។ទាំងនេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ របស់អាជ្ញាធរ ខេត្តព្រះវិហារ ចំពោះក្រុមយុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ។
ចំពោះករណីខាងលើនេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យ ផលប៉ះពាល់ ដែលបានកើតមានឡើង ដោយសារតែភ្លៀងលាយខ្យល់ ដើម្បីមានវិធានការដោះស្រាយភ្លាមៗ ជូនប្រជាពលរដ្ឋទាំងឡាយណា ដែលផ្ទះរបស់ពួកគាត់ រងផលប៉ះពាល់នោះ ៕(ដើមអម្ពិល)

Comments system

Disqus Shortname