ភ្នំពេញ:
ដូចការគ្រោងទុក គឺនៅរសៀលម៉ោងប្រមាណ ២ ថ្ងៃអាទិត្យ
ទី៣ ខែមីនា ឆ្នាំ២០១៣ ព្រះសង្ឃ ១០០ អង្គ បាននិមន្ត សូត្រធម៌
ស្វាធ្យាជយន្តោ ដើម្បីប្រោសព្រំ បណ្តេញឧបទ្រពចង្រៃ ដែលបានកើតឡើង
នៅតាមដងផ្លូវព្រះនរោត្តម ពិសេសនៅចំណុចមុខក្រសួងមហាផ្ទៃ
ដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី១
ខែមីនា ឆ្នាំ២០១៣។
ពិធីសូត្រធម៌តាមដងផ្លូវនោះ បានធ្វើឡើង
ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់
ដែលបង្កឡើងដោយស្ត្រីនិស្សិតពេទ្យ គាមពិសិដ្ឋ ណារីតា អាយុ ២៣
ឆ្នាំ កាលពីល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣។ ហេតុការណ៍នោះ
បណ្តាលឲ្យកុមារ ៣ នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ៦
នាក់ផ្សេងទៀត រងរបួសធ្ងន់។
លោក ខ័ណ្ឌ ច័ន្ទសុផល
ប្រធានបណ្តាញសង្គម ហ្វេសប៊ុក ក្រុមព័ត៌មានជាតិដោយសេរី ថ្មីៗ
និងប្រតិកម្មរហ័ស ដែលបានសរសេរលិខិតនិមន្តព្រះសង្ឃ នៅវត្តឧណ្ណាលោម
ដើម្បីរៀបចំពិធីសូត្រធម៌នោះ បានប្រាប់ CEN ថា ព្រះសង្ឃ ១០០ អង្គ
ត្រូវបាននិមន្ត ដើម្បីសូត្រធម៌ ស្វាធ្យាជយន្តោ លើផ្លូវព្រះនរោត្តម
ចាប់ពីវិមានឯករាជ្យ រហូតដល់ស្ពានអាកាស ក្បាលថ្នល់ ដើម្បីប្រោសព្រំ
បណ្តេញឧបទ្រពចង្រៃ ដែលបានកើតឡើង នៅតាមដងផ្លូវព្រះនរោត្តម
ពិសេសនៅចំណុចមុខក្រសួងមហាផ្ទៃ ដែលកើតមានគ្រោះថ្នាក់ចរាចរណ៍
កាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣។
សូម
រម្លឹកថា គ្រោះថ្នាក់ចរាចរណ៍ នៅមុខក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី១
ខែមីនា ឆ្នាំ២០១៣ បង្កឡើងដោយស្ត្រីនិស្សិតពេទ្យ គាមពិសិដ្ឋ ណារីតា
អាយុ ២៣ ឆ្នាំ បានបើកឡាន បុករះ បណ្តាលឲ្យកុមារ ៣ នាក់ ស្លាប់
និងរបួស ៦ នាក់ផ្សេងទៀត។ គ្រោះថ្នាក់ដ៏រន្ធត់នោះ មកពីនិស្សិតស្រី
បានបើកឡានបុកគេ នៅភ្លើងស្តុប ខាងត្បូងវិមានឯករាជ្យ ហើយមិនឈប់
ក៏បើករត់ រហូតដល់មានហេតុការណ៍ដ៏រន្ធត់នោះឡើង។
មកដល់
ព្រឹកថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០១៣ ស្ត្រីនិស្សិតពេទ្យនោះ
ត្រូវបានប៉ូលិស នាំមកកាន់តុលាការ ដើម្បីសួរនាំបន្ត
មុននឹងតុលាការសម្រេចធ្វើការចោទប្រកាន់ ឬក៏យ៉ាងណា។
កុមារ
ទាំងបីនាក់ ដែលបានស្លាប់ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យ
នៅវត្តចាក់អង្រែ និងនៅផ្ទះឯព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល។ កុមាររងគ្រោះទាំងនោះ រួមមាន៖ ទី១-កុមារា ស្រ៊ុន
គឹមហេង អាយុ ៨ឆ្នាំ ធ្វើបុណ្យនៅព្រែកតាមាក់។ ទី២-កុមារី រិន
បុប្ផា អាយុ ១២ ឆ្នាំ រៀនថ្នាក់ ៦ នៅសាលាបឋមសិក្សា ចៅពញាហុក
និងទី៣-កុមារី រិន រតនា អាយុ ៦ ឆ្នាំ រៀនថ្នាក់ទី១។
កុមារីពីរនាក់បងប្អូន ត្រូវបានតម្កល់ធ្វើបុណ្យ នៅវត្តចាក់អង្រែ
ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមរម្លឹកថា
កាលពីថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០១៣ ឪពុកស្ត្រីនិស្សិតពេទ្យ
ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅមុខក្រសួងមហាផ្ទៃ ក៏បានចូលរួមបុណ្យ
និងអុជធូបសុំខមាលទោសសពកុមារីរងគ្រោះពីរនាក់បងប្អូន
ព្រមទាំងចូលបុណ្យចំនួន ៥០០ ដុល្លារ។ ឪពុកនិស្សិតពេទ្យ
ក៏បានចូលបុណ្យ ២០០ ដុល្លារ សម្រាប់សពកុមារាម្នាក់ទៀត
ដែលធ្វើបុណ្យនៅផ្ទះ នៅឯព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល។
លោក ខ័ណ្ឌ ច័ន្ទសុផល បានឲ្យដឹងថា
ឪពុកម្តាយកុមារីរងគ្រោះទាំងពីរនាក់
បានទាមទារសំណងពីឪពុកយុវតីនិស្សិតពេទ្យ ចំនួន ២ ម៉ឺនដុល្លារ
សម្រាប់កុមាររងគ្រោះម្នាក់។
តែមិនទាន់មានការព្រមព្រៀងបែបណាពីឪពុកនិស្សិតពេទ្យនៅឡើយទេ។
ជាមួយគ្នានោះ តាមរយៈការអំពាវនាវតាមហ្វេសប៊ុក លោក ខ័ណ្ឌ ច័ន្ទសុផល
បានឲ្យដឹងថា លោកក៏បាននាំអំណោយពីសម្បុរសជន ចំនួន ៣០ ម៉ឺនរៀល
ជូនដល់គ្រួសារសពកុមារីរងគ្រោះពីរនាក់បងប្អូន និង ៣០ ម៉ឺនរៀលទៀត
ជូនដល់គ្រួសារសពកុមារារងគ្រោះ នៅឯព្រែកតាមាក់។
ដោយឡែក
ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ ក៏បានចូលបុណ្យ ១០ ម៉ឺនរៀល និងទឹកសុទ្ធ
១០ កេះ ដល់គ្រួសារសពកុមារី និងផ្តល់នូវអំណោយដូចគ្នានេះ
ដល់គ្រួសារសពកុមារារងគ្រោះ នៅឯព្រែកតាមាក់៕(CEN)