Saturday, March 9, 2013

លោក ហោ ណាំហុង ប្រាប់កងទ័ព ឲ្យត្រៀមទប់ស្កាត់នូវការបង្កហេតុ ឬការឈ្លានពានរបស់ភាគីថៃ

ភ្នំពេញ: ​ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៣ បាន​ជួប​សំណេះសំណាល​ជាមួយ​កងទ័ព ដែល​ឈរជើង​នៅ​តំបន់​ព្រះវិហារ និង​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងការបរទេស ចុះ​ពិនិត្យ​តំបន់​ភូមិសាស្ត្រ នៅ​តំបន់​ប្រាសាទ​ព្រះ​វា​ហារ​ផងដែរ​។ ដំណើរ​ទៅកាន់​ព្រំដែន​របស់​ប្រមុខ​ការទូត​កម្ពុជា​ពេលនេះ ជា​ការចុះពិនិត្យ​ភូមិសាស្ត្រ នៅមុន​ពេលដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​នឹងធ្វើ​ការបកស្រាយ​សាលក្រម​របស់​តុលាការ​យុត្តិធម៌ ឆ្នាំ​១៩៦២ នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខ​។​

​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ កងយោធពល​ខេមរភូមិន្ទ នៅ​តំបន់​ប្រាសាទព្រះវិហារ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍​ទៅកាន់​នាយទាហាន និង​ពលទាហាន ដែល​ប្រចាំការ​នៅ​តំបន់​នោះ ដោយ​រម្លឹក​ពី​ទំនាស់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ថៃ ដែល​ជាការ​ចិញ្ចឹមចិត្ត​របស់​ភាគី​ថៃ តាំងពី​យូរ​មកហើយ ក្នុងការ​ដណ្តើមយក​ប្រាសាទព្រះវិហារ​ពី​កម្ពុជា​។​

​ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍ប្រាប់​កងយោធពល​ខេមរភូមិន្ទ អំពី​បេសកកម្ម របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ហើយ​តុលាការអន្តរជាតិ គ្រោង​នឹងធ្វើ​ការបកស្រាយ​សាលដីកា ឆ្នាំ​១៩៦២ ម្តងទៀត នៅ​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០១៣ ខាងមុខនេះ វា​ជាការ​បកស្រាយ​ចុងក្រោយ របស់​ភាគី​កម្ពុជា និង​ថៃ នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ តុលាការអន្តរជាតិ មុននឹង​តុលាការ​នេះ សម្រេច​ថា (​នឹង​សម្រេច​បកស្រាយ ឬ​មិន​បកស្រាយ សាលក្រម​ថ្ងៃទី​១៥ មិថុនា ១៩៦២) ដែលជា​បណ្តឹង​របស់​ក​ម្ពុ​ជា​”​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា “​ម្តងនេះ ជាការ​បកស្រាយ​ផ្ទាល់មាត់​លើកចុងក្រោយ​ហើយ​។ តុលាការ​គេ​នឹង​សម្រេច​ថា បកស្រាយ ឬ​មិន​បកស្រាយ​សាលក្រម ១៩៦២​នេះ ហើយ​លទ្ធផល យើង​នឹង​ដឹង​មុន​ដំណាច់​ឆ្នាំនេះ​”​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហាញ​សមាសភាព​ក្រុមមន្ត្រី​គណៈប្រតិភូ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​គ្រោង​នឹង​អញ្ជើញ​ទៅ​ចូលរួម​ធ្វើការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ដោយផ្ទាល់​មាត់​នៅ​តុលាការអន្តរជាតិ នៅ​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០១៣ នោះ រួមមាន លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង , លោក ឡុង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស រួមជាមួយ​មេធាវី​បរទេស​ចំនួន ៣ នាក់​ទៀត ដែលមាន​ជនជាតិ​អង់គ្លេស អាមេរិក និង​បារាំង​។​

​ នៅក្នុង​ឱកាស​នោះដែរ ប្រមុខ​ការទូត​កម្ពុជា បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា ដែល​ប្រចាំការ​នៅ​តំបន់​ប្រាសាទព្រះវិហារ និង​នៅតាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​ថៃ ឲ្យ​ត្រៀមលក្ខណៈ​ទប់ស្កាត់​ជាប្រចាំ​នូវ​ការបង្ក​ហេតុ ឬ​ការឈ្លានពាន​របស់​ភាគី​ថៃ​មកលើ​បូរណៈភាព​ទឹកដី​កម្ពុជា ពីព្រោះ​កម្ពុជា បាន​រក្សា​ភាពស្ងប់ស្ងាត់​ល្អ​ជាង​ប្រទេស​ថៃ ដែលមាន​ទំនាស់​ផ្ទៃក្នុង ដែល​បង្កឡើង​ដោយ​ក្រុម​អាវ​លឿង​មួយចំនួន និង​យោធា​ខ្លះ ក្នុងប្រទេស​ថៃ​៕​(CEN)

Comments system

Disqus Shortname