Tuesday, March 12, 2013

សម្តេច​ ហ៊ុន សែន ៖ ​ថ្ងៃនេះ​ និង​ថ្ងៃស្អែក​ សូម​កុំឱ្យ​​មានគ្រោះថ្នាក់​ចរាចរណ៍

រាជ​ធានី​ភ្នំពេញ  ៖ សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្តែងការ​សោកស្តាយ និងចូលរួមមរណ​ទុក្ខជាមួយក្រុម​គ្រួសារសព ដែលបាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ទៅលើ​រថយន្តអ្នកចម្រៀង​ខេមរៈ សិរីមន្ត នៅខេត្តព្រះ​សីហនុ និងគ្រោះ​ថ្នាក់ចរា​ចរណ៍​ដែលបង្ក​ឡើងដោយ​​និស្សិតពេទ្យនៅ​មុខក្រសួង​មហាផ្ទៃ កាលពី​ពេលថ្មីៗ​នេះ ។
ជាមួយគ្នា​នេះដែរ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ក៏បានថ្លែង​អំពាវនាវដល់​ប្រជាពលរដ្ឋ និងអាជ្ញាធរ​​ពាក់​ព័ន្ធ​​ទំាង​អស់ ត្រូវចូល​រួមទាំងអស់​គ្នា ដើម្បីទប់​ស្កាត់ និងការពា​រកុំឲ្យមានគ្រោះ​ថ្នាក់ចរា​ចរណ៍ ដែលបានបង្កមហន្ត​រាយដល់សង្គម​គ្រួសារ និង​ដល់ប្រទេស​​ជាតិ។ សម្តេចក៏បានអំពាវ​នាវផងដែរ សូមឲ្យអនុវត្តនូវ​ពាក្យស្លោកថា «ថ្ងៃនេះ និងថ្ងៃស្អែក សូម​កុំឲ្យមាន​​គ្រោះ​ថ្នាក់​ចរា​ចរណ៍» ។
ថ្លែងជាសា​ធារណៈនៅវិទ្យា​ស្ថានជាតិអប់រំ នាព្រឹក​ថ្ងៃទី១១ មីនា ២០១៣ ក្នុងពិធីប្រគល់​វិញ្ញាណបនបត្រ​ដល់សិស្ស​ជំនាញ​​ថ្នាក់វិជ្ជា​ជីវៈ និង​និ​ស្សិតថ្នាក់បរិញ្ញា​បត្ររងចំនួន១៩៥៩​នាក់ មកពីវិទ្យាស្ថាន​ខ្មែរជំនាន់​ថ្មី សម្តេច​តេជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ជាថ្មីផង​ដែរ ​​ឲ្យប្រជា​ពល​រដ្ឋនៅទូទាំង​ប្រទេសប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះគ្រោះ​អគ្គិភ័យដែល​បានឆក់យកអាយុជីវិត​មនុស្សសត្វ​ និងបំផ្លាញ​ទ្រព្យ​​សម្បត្តិអស់ជា​ច្រើន​​ចាប់តំាងពីដើម​ឆ្នាំ២០១៣​នេះ ។
សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឲ្យ​ស្ថានីយ៍ទូរទស្សន៍ វិទ្យុ ត្រូវធ្វើការផ្សព្វ​ផ្សាយ​ឲ្យបានទូលំ​ទូលាយ​ មុនបញ្ចប់ការ​ផ្សាយ​របស់ខ្លួន ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹងមួយ​បន្ថែមទៀតទាក់ទង​ទៅនឹងគ្រោះអគ្គិ​ភ័យ ក៏ដូចជាគ្រោះ​ថ្នាក់ចរា​ចរណ៍ ៕

Comments system

Disqus Shortname