ខេត្តឧត្តរមានជ័យ ៖
កុមារី២នាក់បងប្អូននៅក្នុងបន្ទុកគ្រួសារ
មួយដែលក្រីក្ររស់នៅដាច់ឆ្ងាយពីទីប្រជុំជន
បាននាំគ្នាយកថ្នាំបំពុលប្រភេទដីសំរាប់ដាក់ការពារសត្វកណ្តៀរមកស៊ីលេង
ដែលម្តាយឪពុកបានដាក់នៅក្បែរក្បាលដំណេក
បណ្តាលឱ្យក្មេងស្រីអាយុជាងមួយខួបជាប្អូនបានពុលស្លាប់
ចំណែកបងស្រីអាយុ៤ឆ្នាំ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែក
ស្រុកអន្លង់វែង ។
កុមារីរងគ្រោះទាំង២នាក់
ត្រូវបានគេបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកអន្លង់វែង
កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២២ មីនា ២០១៣ ។ កុមារីដែលស្លាប់ឈ្មោះស៊ឹម
ណារិន អាយុ១ឆ្នាំកន្លះ ត្រូវជាប្អូន ចំណែកកុមារីបងឈ្មោះស៊ឹម ណារីន
អាយុ៤ឆ្នាំ កំពុងសង្គ្រោះបន្ទាន់កុមារីទាំងពីររស់នៅភូមិទួលប្រាសាទ
ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
តាមការឱ្យដឹងពីលោកស៊ឹម រឿន អាយុ៤០ឆ្នាំ
និងប្រពន្ធឈ្មោះលឿម ភឿ អាយុ៣៧ឆ្នាំ
ត្រូវជាម្តាយឪពុកបង្កើតកុមារីរងគ្រោះទាំង២ បានរៀបរាប់ទាំងទឹកភ្នែកថា
នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២២ មីនា
ពួកគាត់បានក្រោកពីដេកប្រលែងលេងជាមួយកូនស្រីទាំងពីរ
បន្ទាប់មកកូនរបស់ពួកគាត់បានចេញពីក្នុងមុងហើយយកថ្នាំកណ្តៀរ
មកលេងដែលគាត់ជាប្តីបានទុកនៅក្បាលដំណេក លុះដល់ប្រហែលវេលាម៉ោងជាង៤
ស្រាប់តែឃើញកូនស្រីទាំងពីរប្រកាច់បែកពពុះមាត់ពុលថ្នាំ
ពេលនោះគាត់ទាំងពីរនាក់បានពឹងអ្នកជិតខាងបងប្អូនដឹកតាមម៉ូតូយកមកមន្ទីរ
ពេទ្យក្នុងស្រុកអន្លង់វែងភ្លាមៗផងដែរ ៕(KOHSANTEPHEAP)