Monday, March 25, 2013

អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាសែត​បានរត់​គេច​ខ្លួន​ទៅដល់​ប្រទេសថៃ​ហើយ​

រាជធានីភ្នំពេញ ៖ ប្រភពព័ត៌​មាន​ច្បាស់​ការបាន​ប្រាប់​ឱ្យ​ដឹងថា លោក​យាន ស៊ីណា អនុ​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ និង​អតីត​​ក្រឡា​បញ្ជី​សាលា​​ដំបូងរាជ​ធានីភ្នំពេញ ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​អ្នក​កាសែត​​ជិត​១០​នាក់​ឱ្យ​រង​របួស​ខ្លះ​ ធ្ងន់ ខ្លះ​ស្រាល កាល​ពី​យប់ថ្ងៃទី ១៩ មីនា ស្ថិត​នៅទឹក​ដី​​សង្កាត់​បឹង​រាំង ខណ្ឌ​ដូនពេញ ក្នុងហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ ពេល​នេះ​បាន​រត់​គេច​ខ្លួន​ទៅ​ដល់​ប្រទេសថៃ​បាត់​ទៅ​ហើយ​មុន​ពេល​តុលា​ការ​ បាន​ចេញដីកា​បញ្ជា​ឱ្យ​នាំ​ខ្លួន​ទៀត​ផង ។
ប្រភព​បន្តថា លោក​អនុ​រដ្ឋលេខាធិការ​ យាន ស៊ីណា ​គេច​ខ្លួន​ទៅ​ប្រទេសថៃ តាម​ច្រក​របៀង​ខេត្ត​កោះ​កុង ដោយ​​ធ្វើ​ដំណើរ​តាម​ទូក​នេសាទ​ឆ្លង​កាត់​សមុទ្រ​ដ៏​ល្វឹង​ល្វើយ និង​​មាន​មិត្តភក្តិ​​ជា​អ្នកធំ​ជូន​ទៅ ។ ប្រភព​ឱ្យ​ដឹងថា យប់​ថ្ងៃទី១៩ មីនា ពេល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​លោក​យាន ស៊ីណា ស្រវឹង​ជោក​ជាំ​​ខ្លួន​អន់​មារយាទ​បាន​ប្រើ​អំពើ​ហិង្សា​​វាយ​ទៅ​​លើ​អ្នក​ កាសែត​​ ទូរទស្សន៍ ជិត​១០​នាក់​ឱ្យ​រង​របួស គ្រាន់តែ​ទៅថត​យក​ព័ត៌​មាន​នៅ​​កន្លែង​កើត​ហេតុ​​នោះ ​ក្នុង​អំពើ​ហិង្សា​យប់​នោះ​​ក្រុម​លោក​យាន ស៊ីណា មាន​បក្ស​ពួក​៧-៨​នាក់​ ព្រួត​គ្នាវាយ​អ្នក​កាសែត រួច​មាន​បំណង​គេច​ខ្លួនទាំង​អស់ ។ ប៉ុន្តែ​ពេល​​នោះ​ត្រូវ​បាន​ក្រុមអ្នក​កាសែត​ចាប់​ខ្លួន​ភាគី​បង្ក​៣​​នាក់​ ​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ចាត់​ការ​​តាម​ផ្លូវច្បាប់​ ជនទាំង​៣​នាក់​នោះ​មាន​លោក​យាន ស៊ីណា ​​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​ ​លោក​ដេវីត ឆាណាយវា អតីត​​មេ​ធាវី និង​​ជា​មន្ត្រី​​នគរ​បាល​​ក្រសួង​​មហា​ផ្ទៃ និង​ឈ្មោះ​អ៊ូ ហ្វី ត្រូវ​ជា​ក្មួយ​​លោក​ដេវីត ឆាណាយវា៕(KOHSANTEPHEAP)

Comments system

Disqus Shortname