ខេត្តកំពង់ចាម ៖
ចង្ក្រានហ្គាសបានផ្ទុះឡើងបង្កឱ្យឆាបឆេះកៅស៊ូតង់នៅកន្លែងលក់ដូរ
មួយកន្លែង ស្ថិតនៅបរិវេណវត្តអង្គួញដី ក្នុងភូមិអង្គួញដី
ឃុំក្រឡា ស្រុកកំពង់សៀម
បណ្តាលឱ្យ២នាក់ប្តីប្រពន្ធរងរបួសត្រង់ផ្ទៃមុខ
នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១២ មីនា ២០១៣ ។
តាមស្ត្រីរងគ្រោះឈ្មោះកូវ តុល អាយុ៥២ឆ្នាំ
នៅភូមិភ្នំមន្ទីរ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ប្រាប់ឱ្យដឹងថា
ក្នុងហេតុការណ៍ផ្ទុះកំប៉ុងហ្គាសខាងលើនេះ
បណ្តាលឱ្យរងរបួសរូបគាត់ និងប្តីឈ្មោះប៉ាត ញ៉ អាយុ៦៦ឆ្នាំ
ហើយត្រូវបានកូនៗនាំមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្ត ។
ស្ត្រីរងគ្រោះបន្តថា ដោយនៅវត្តអង្គួញដីមានកម្មវិធីបុណ្យកាន់អង្គ
រូបគាត់និងប្តីព្រមទាំងកូនៗ បាននាំគ្នាមកលក់ដូរនៅវត្តនេះ
ដើម្បីយកប្រាក់ដោះស្រាយជីវភាពគ្រួសារ ៕(KOH)