Sunday, March 24, 2013

បើកម៉ូតូលឿនពេក ជ្រុលទៅបុក រថយន្ត ចតស្ងៀមពីក្រោយ ដួលស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បាន ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ក្រោយពីជនរងគ្រោះ បានបើកម៉ូតូ ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែជ្រុលទៅបុក រថយន្តដែល ចតស្ងៀមពីក្រោយ បណ្តាលឲ្យម៉ូតូដួល ហើយជនរងគ្រោះដួលបោកក្បាល និងផ្លូវស្លាប់ភ្លាមៗ តែម្តង។
គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២៖៥០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅលើ ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាង លិចបញ្ជរបង់ ប្រាក់កំបូល ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។
មន្រ្តីនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ ដែលចុះទៅជួយ អន្តរាគមន៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ អ៊ុន ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិរំលិច ឃុំរលាំងគ្រឿង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៤  ក្នុងទិសពីលិចទៅ កើត ចូលភ្នំពេញ លុះមកដល់ចំណុច កើតហេតុ ខាងលើ ក៏ជ្រុលទៅបុក ពីក្រោយ រថយន្តមួយគ្រឿង ដែលចតស្ងៀម ម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-0204 បណ្តាលឲ្យជនរងគ្រោះ ដួលម៉ូតូបោកក្បាលស្លាប់ភ្លាមៗ តែម្តង។
ប៉ុន្តែក្រោយកើតហេតុ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់។ មន្រ្តីនគរបាលចរាចរ បានឲ្យដឹងថា ក្រោយកើតហេតុ ទាំងរថយន្ត និងម៉ូតូត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តទៀត។
បើតាមមន្រ្តី នគរបាលចរាចរ បានឲ្យដឹងថា មូលហេតុដែលនាំមាន គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គឺបណ្តាលមកពីអ្នក បើកម៉ូតូ បើកក្នុងល្បឿនលឿន និងមិនមានការប្រុងប្រយ័ត្ន៕(DAPNEWS)

Comments system

Disqus Shortname