ខេត្តស្វាយរៀង ៖
មានភ្លៀងមួយមេធំលាយឡំខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង
បណ្តាលឱ្យរលំផ្ទះរបស់ប្រជាពលរដ្ឋអស់២៣ខ្នងជាបន្តបន្ទាប់
និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនមិនតែប៉ុណ្ណោះ
បណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស២នាក់ទៀតផង ។
បើតាមអាជ្ញាធរបានឱ្យដឹងថា
ភ្លៀងមួយមេធំលាយឡំនឹងខ្យល់ព្យុះរលំផ្ទះប្រជាពលរដ្ឋនេះបានកើតឡើង
កាលពីថ្ងៃទី២៥មីនា ២០១៣ វេលាម៉ោង៣ និង៣០នាទីរសៀល ។
លោកសរ វណ្ណា
នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានឱ្យដឹងថា
ខ្យល់ព្យុះនេះធ្វើឱ្យរលំផ្ទះប្រជាពលរដ្ឋនៅស្រុកស្វាយទៀប៣ខ្នង
ស្រុកកំពង់រោទ៍៣ខ្នង ស្រុករមាសហែក៨ខ្នង ក្រុងស្វាយរៀង៨ខ្នង
និងស្រុកស្វាយជ្រុំ១ខ្នង ហើយធ្វើឱ្យមនុស្សរងរបួសធ្ងន់១នាក់
និងរបួសស្រាល១នាក់ ។ ចំពោះទ្រព្យសម្បត្តិគេពុំទាន់វាយតម្លៃថា
ខូចខាតអស់ប៉ុន្មាននោះទេ ដោយកំពុងធ្វើការវាយតម្លៃ នៅថ្ងៃទី២៧
មីនា ២០១៣ ដើម្បីឧបត្ថម្ភគ្រឿងបរិភោគឧបភោគជូនប្រជាពលរដ្ឋរងគ្រោះ
ដែលជាអំណោយកាកបាទក្រហមសាខាខេត្តស្វាយរៀង ៕
( កោះសន្តិភាព)