Monday, April 8, 2013

បាញ់ម្ដាយមីង និងក្មួយស្លាប់ ខណៈស្រ្តីម្នាក់ទៀត របួស នៅក្នុង បុរីញូវថោន

ស្រ្តីរងរបួស ឈ្មោះ ទិត សុម៉ាឡែន ជាអតីតតារាចម្រៀង
ភ្នំពេញ ៖ ស្ដ្រីវ័យក្មេង និងក្មួយប្រុស របស់ខ្លួនម្នាក់ បានស្លាប់ និងស្ដ្រីជាបងប្អូន និងគ្នាម្នាក់ទៀត បានរងរបួស នៅក្នុងករណី បាញ់ប្រហារ ដែលមានការគ្រោងទុកមួយ នៅក្នុងបុរីញូវថោន ដែលមានទីតាំងនៅក្នុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៣ នេះ ។
ស្ដ្រី និងក្មេងប្រុស ដែលស្លាប់បាត់បង់ជីវិត នៅក្នុងអំពើបាញ់ប្រហារ ខាងលើ ត្រូវបាន គេស្គាល់ឈ្មោះទិត ធារ៉ា ភេទស្រី អាយុ ២៦ ឆ្នាំ ជាបុគ្គលិក ធនាគារកាណាឌីយ៉ា មានទីលំនៅ ផ្ទះចំណុចកើតហេតុខាងលើ និងក្មួយ ប្រុសម្នាក់ទៀត ត្រូវបានគេស្គាល់ឈ្មោះ យុទ្ធ ធារ៉ា អាយុជាង ១ ខួប ។ ដោយឡែកស្ដ្រី ដែលរងរបួស ត្រូវជា បងប្អូនដែរនោះ ឈ្មោះ ទិត សុម៉ាឡែន អាយុ ៣៥ ឆ្នាំ អតីតតារាចម្រៀងមិនសូវល្បីឈ្មោះមួយរូបផងដែរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ដ្រីរងគ្រោះ ដែលធ្វើដំណើរពីកន្លែង ធ្វើការមកផ្ទះ ដោយ រថយន្ដក្រុមហ៊ុនជូនមកនោះ ពេលមកដល់មុខផ្ទះ បានចុះពីរថយន្ដ ដើរសំដៅចូលទៅ ក្នុងផ្ទះ ស្រាប់តែមានមនុស្សម្នាក់ ដែលឈរ ចាំនៅក្បែរនោះ បានដើរសំដៅទៅ រួចហើយ ដកកាំភ្លើង បាញ់ ប្រហារអស់ជាច្រើនគ្រាប់ ធ្វើឱ្យជនរងគ្រោះមីង និងក្មួយ ត្រូវគ្រាប់កាំភ្លើង ហើយខ្មាន់កាំភ្លើង ក៏បានរត់ឡើង ជិះម៉ូតូគេចខ្លួនបាត់ទៅ។
តាមការសន្និដ្ឋាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីបាញ់ប្រហារខាងលើនេះ ជារឿងគំនុំ ឬជាឃាតក ស៊ីឈ្នួលបាញ់សម្លាប់ ច្រើនជាងករណីប្លន់ ព្រោះក្រោយបាញ់ប្រហារ ហើយ ជនសង្ស័យ មិនបានយកទ្រព្យ សម្បត្ដិ របស់ជនរងគ្រោះនោះទេ។ ប្រភពបង្ហើបពីសមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា ករណីបាញ់សម្លាប់នេះ អាចជាការបាញ់ច្រឡំ ពោលមុខសញ្ញាបាញ់ប្រហាររបស់ជនសង្ស័យ អាចសំដៅលើស្រ្តីជាបង ឈ្មោះ ទិត សុម៉ាឡែន ដែលអតីតជាតារា ចម្រៀង។
ទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ  ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្នងការរងឧត្តមសេនីយ៍ ជួន ណារិន បានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញ បន្តស៊ើបអង្កេតស្វែងរកខ្មាន់កាំភ្លើង និងដំណើររឿង នៃការបាញ់ប្រហារនេះ៕(DAPNEWS)
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname