រាជធានីភ្នំពេញ ៖ សវនាការផ្ទាល់មាត់ជុំទី២
សំរាប់ភាគីកម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិ( ICJ )
នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៨ មេសា ២០១៣ ចាប់ពីម៉ោង៣
ដល់ម៉ោង៥រសៀល ម៉ោងក្នុងប្រទេសហូឡង់ ត្រូវនឹងម៉ោង៨ ដល់ម៉ោង១០យប់
ម៉ោងក្នុងប្រទេសកម្ពុជា ។
នៅក្នុងសវនាការផ្ទាល់មាត់ក្នុងជុំទី១
កាលពីព្រឹកថ្ងៃទី១៥ មេសា ២០១៣ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង
រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាជាដើមបណ្តឹងបានឡើងថ្លែងសុន្ទរកថា
ជាភាសាបារាំង នៅចំពោះមុខចៅក្រមអន្តរជាតិជិត២០រូប
ដោយក្នុងសុន្ទរកថាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង
បានធ្វើការរំលឹកឡើងវិញ នូវប្រវត្តិសាស្ត្រថ្មីៗ
នៃជម្លោះព្រំដែនប្រាសាទព្រះវិហារ ដែលបង្កឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ
អាប់ភីស៊ីត វេចាជីវ៉ា ក្នុងនោះក៏មានសភាពការណ៍បច្ចុប្បន្ន
នៅព្រំដែនតំបន់ប្រាសាទព្រះវិហារ
អាកប្បកិរិយារបស់ថៃពាក់ព័ន្ធនឹងសាលក្រមឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ
រួមទាំងសំណើរបស់កម្ពុជា ដែលបានស្នើសុំឲ្យមានការបកស្រាយឲ្យបានច្បាស់លាស់
ជាស្ថាពរនូវសាលក្រម ១៥ មិថុនា ១៩៦២ ។
ក្នុងសុន្ទរកថា៧ទំព័រជាភាសាខ្មែរ
ដែលក្រសួងការបរទេសកម្ពុជាផ្សព្វផ្សាយជាសាធារណៈនោះ លោកប្រមុខការទូត ហោ
ណាំហុង បានគូសបញ្ជាក់ថា "វាមិនមែនជាបញ្ហាការអនុវត្តសាលក្រមនោះទេ
ហើយវាក៏មិនមែនជាបញ្ហាកំណត់ព្រំដែននោះដែរ ដោយហេតុថា ការកំណត់ព្រំដែននេះ
ត្រូវបានកំណត់រួចហើយតាមរយៈផែនទីឧបសម្ព័ន្ធ១ ដែលតុលាការបានផ្អែកជាសំខាន់
ដើម្បីសម្រេចចេញសាលក្រមឆ្នាំ១៩៦២ វាមានតែការចោទសួរពី "អត្ថន័យ
និងវិសាលភាព" នៃសាលក្រមថ្ងៃទី១៥ មិថុនា ១៩៦២ តែប៉ុណ្ណោះ" ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង
បានលើកឡើងចំពោះមុខចៅក្រម១៨ រូបថា "ចំពោះកម្ពុជា ការបកស្រាយសាលក្រមនេះ
មានន័យថា កម្ពុជាមានអធិបតេយ្យភាពលើដែនដី
ដែលព្រំប្រទល់ក្នុងតំបន់ប្រាសាទព្រះវិហារ
ត្រូវបានរៀបរាប់ក្នុងផែនទីឧបសម្ព័ន្ធ១
ដែលតុលាការបានផ្អែកលើទាំងស្រុង ដើម្បីធ្វើសេចក្តីសម្រេចកាលពីឆ្នាំ១៩៦២
ហើយនេះជាកាតព្វកិច្ចបន្តតម្រូវឲ្យថៃដកកងកម្លាំងរបស់ខ្លួនចេញ
ពីព្រំប្រទល់នៃដែនដីនេះ" ។
កម្ពុជាបានទន្ទឹងរង់ចាំយ៉ាងអន្ទះសានូវសេចក្តី
សម្រេច ដែលអង្គតុលាការនឹងប្រកាន់យក ដើម្បីបិទជំពូកវិវាទគ្នា
ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជិតខាងនេះ
ដែលម្នាក់ៗស្គាល់ពីសារៈសំខាន់ជាចម្បងនៃប្រវត្តិសាស្ត្រ នយោបាយ
និងវប្បធម៌ សម្រាប់ប្រជាជនកម្ពុជា" ។ លោកហោ ណាំហុង
បានគូសបញ្ជាក់ទៀតថា ពេលនេះ គឺជាការបិទនីតិក្រម ដែលនឹងនាំឲ្យអង្គតុលាការ
ធ្វើសេចក្តីសម្រេច ជាលើកចុងក្រោយលើរឿងក្តី
ដែលធ្វើឲ្យយើងមានកង្វល់ទាំងអស់គ្នា ។ ហេតុដូចនេះ
ខ្ញុំយល់ច្បាស់ណាស់ពីសារសំខាន់នៃកាលៈទេសៈនេះ សម្រាប់ប្រទេសខ្ញុំ
ហើយខ្ញុំសូមឲ្យតុលាការចេញនូវសាលដីកាមួយ ដែលនឹងបញ្ចប់ជាស្ថាពរវិវាទនេះ
ដែលបានធ្វើឲ្យល្អក់ខ្វល់ដល់ទំនាក់ទំនងជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាង
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
គួរបញ្ជាក់ថា សវនាការដោយផ្ទាល់មាត់២ជុំ
នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលភាគីទំាងពីរកម្ពុជា-ថៃ
ត្រូវឡើងបកស្រាយនូវអំណះអំណាងរៀងៗខ្លួន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩
មេសា ២០១៣នេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់កម្ពុជាកាលពីថ្ងៃទី៣០ មេសា ២០១០
ដែលស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិបកស្រាយឡើងវិញនូវសាលក្រមថ្ងៃទី១៥
មិថុនា ១៩៦២ ដែលតុលាការដដែលនេះ
បានសម្រេចឲ្យភាគីកម្ពុជាឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ ។
បណ្តឹងរបស់កម្ពុជាធ្វើឡើងបន្ទាប់ពីថៃ
ក្នុងរជ្ជកាលរបស់លោកអតីតនាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា
បានលើកទ័ពចូលលុកលុយឈ្លានពានបូរណភាពទឹកដី
កម្ពុជានៅព្រំដែនប្រាសាទព្រះវិហារជាបន្តបន្ទាប់
និងរីករាលដាល់ដល់តំបន់ព្រំដែនមួយចំនួនទៀត
ចាប់តំាងប្រាសាទព្រះវិហាររបស់កម្ពុជា
ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ កក្កដា ២០០៨
នោះរួចមក ៕(KOH)