Monday, April 8, 2013

សារលិខិតសម្តេច ហ៊ុន សែន ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧

ភ្នំពេញ: ​សារលិខិត​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៣ ផ្ញើជូន​ជនរួមជាតិ កម្ពុជា​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​បាន​ឲ្យ​ដឹងថា ថ្ងៃ​៤-៥ និង ៦ កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​១៤ ថ្ងៃ​ចន្ទ ទី​១៥ និង​ថ្ងៃ​អង្គារ ទី​១៦ ខែមេសា ឆ្នាំ​២០១៣ គឺជា ទិវា​ដ៏​មហាប្រសើរ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​រៀបចំ​ពិធី​អបអរសាទរ​ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ បញ្ច​ស័ក ព​.​ស ២៥៥៧ ប្រកបដោយ​សេចក្តីសោមនស្ស​រីករាយ សិរី​សួស្តី និង ជ័យ​មង្គល​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ក្នុង​គ្រួសារ និង សង្គមជាតិ​ទាំងមូល​។


​ នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ​ទូលបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម​ចូលរួម​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល កំពុង​រស់នៅ​ក្នុងប្រទេស និង ក្រៅប្រទេស​ក្នុង​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់ បញ្ច​ស័ក ព​.​ស ២៥៥៧ ស្រប​ពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​បន្ត​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បន្តថា ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៥៥៦ ដែល​កន្លងផុតទៅ​ក៏ដូចជា​បណ្តា​ឆ្នាំមុនៗ​ដែរ គឺ​តែងតែ​បន្សល់ទុក​នូវ​សមិទ្ធផល​ជាច្រើន​ដែល រាជរដ្ឋាភិបាល​សម្រេច​បាន​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ ទី​២ ដើម្បី កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព​នៅ​កម្ពុជា​។ ជោគជ័យ​ប្រកបដោយ​ផ្លែផ្កា​នេះ​គឺ​កើត ឡើង​ដោយសារ​ការខិតខំ​ប្តេជ្ញា​ដ៏​មោះមុត ពុះពារ​គ្រប់​ឧបសគ្គ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ទាំង​នៅ​ស្ថាប័ន​ថ្នាក់ជាតិ ទាំង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​ភារកិច្ច​ការពារ​សន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ការរក្សា​នូវ​ស្ថិរភាព នយោបាយ និង ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ទាំងមូល​។ ក្នុង​ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៥៥៦ កន្លងទៅនេះ រាជរដ្ឋាភិបាល​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ប្រមាណ ៧,៣% ដែលជា​កំណើន ខ្ពស់​ជាងគេ​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ អាស្រ័យ​ដោយ​ផ្នែក​កសិកម្ម ឧស្សាហកម្ម កាត់ដេរ និង សេវាកម្ម​ទេសចរណ៍​បាន​បន្ត​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​អាច​រក្សាបាន​នូវ​ស្ថេរភាព​ជា​សារវន្ត​នៃ​អតិផរណា​ទៀតផង​។​

​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​កន្លងទៅ​បរិមាណ​ផលិតផល​ស្រូវ​រដូវវស្សា និង ស្រូវ​រដូវប្រាំង ស​ម្រ​ច​បាន​ជាង ៩​លាន​តោន និង សល់​ស្រូវ​ជាង ៤​លាន​៧​សែន​តោន បន្ទាប់ពី​កាត់ចេញ​នូវ​បរិមាណ​ស្រូវ​ដែល​ត្រូវការ​ជា​ស្បៀង ពូជ ចំណី​សត្វ និង ការបាត់បង់​ដោយ​ការប្រមូល​ផល​។ រោងចក្រ​កាត់ដេរ និង ចាក់ សរុប​នៅ​ទូទាំងប្រទេស មាន​ចំនួន ៥៤៣ មាន​ពលករ​បម្រើការ​ងារ​ចំនួន​ប្រមាណ ៤៩ ម៉ឺន​នាក់​។ ភ្ញៀវទេសចរ​អន្តរជាតិ​បាន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ជាង ៣​លាន​៥​សែន​នាក់ កើនឡើង​ជាង ២៤% បើ​ធៀប​នឹង​ឆ្នាំ​២០១១​។ ការវិនិយោគ​លើ​គម្រោង​ថ្មី និង គម្រោង​ដែលមាន​ស្រាប់​មាន​ចំនួន ២១៨ គម្រោង មាន​ទុនវិនិយោគ​សរុប​ជិត ៣​ពាន់​ដុល្លា​អាមេរិក និង បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ជាង ៣៣ ម៉ឺន​កន្លែង​។​

​សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បន្ត​បន្ថែមទៀតថា នៅក្នុង​ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៥៥៦ រាជរដ្ឋាភិបាល​បាន​បន្ត​កសាង​បើក​ការដ្ឋាន​សាងសង់​សំណង់​ធំៗ និង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​មួយចំនួន​មាន​ជាអាទិ៍ ផ្លូវជាតិ សំណង់​អាគារ​ឯកជន ខ្ពស់ៗ ស្ពាន​អាកាស​នៅ​រាជធានី​ភ្នំពេញ អាគារ​ទីស្តីការក្រសួង អាគារ​រដ្ឋបាល មណ្ឌល​សុខភាព អាគារ​សិក្សា រោងចក្រ និង ទីផ្សារ​ទំនើបៗ ព្រមទាំង​បាន​ស្តារឡើងវិញ​នូវ ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដូចជា ផ្លូវ​ខេត្ត ផ្លូវលំ​ជនបទ លូ និង សំណង់​ធារាសាស្ត្រ​មួយចំនួន ទៀត​ដែល​បាន​រង​ការខូចខាត​ដោយសារ​ទឹកជំនន់​ក្នុង​ឆ្នាំ ២០១១ កន្លងទៅ​ផងដែរ​។ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការដឹកនាំ​ឆ្ពោះទៅរក​ការរីកចម្រើន​ប្រកបដោយ​ និរន្តរភាព រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​កែទម្រង់​លើ​វិស័យ​ជាច្រើន ក្នុងនោះ​មាន ការកែទម្រង់​វិស័យ​ជលផល និង ការកែទម្រង់​វិស័យ​ដីធ្លី​ដ៏​ស៊ីជម្រៅ​ជាដើម​។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១២ កន្លងទៅ រាជរដ្ឋាភិបាល​បានសម្រេច​លុប​ឡូ​តិ៍​នេសាទ​ទឹកសាប​ទាំងអស់​នៅក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ប្រគល់ជូន​ប្រជាពលរដ្ឋ​ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង រក្សា​ទុកជា​តំបន់​អភិរក្ស​ជលផល​ដោយមាន​ការទទួល​អប​អរសាទរ​យ៉ាងខ្លាំង​ពី​ ប្រជាពលរដ្ឋ និង បានធ្វើ​ឲ្យ​ទិន្នផល​ត្រី​ទឹកសាប​កើនឡើង​។ ព្រម​ជាមួយនេះ រាជរដ្ឋាភិបាល​បាន​ចាត់​វិធាន ការផ្អាក​ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​បន្ថែមទៀត បន្ទាប់មក​បាន​អនុវត្ត​យុទ្ធនាការ “​នយោបាយ​ចាស់ សកម្មភាព​ថ្មី​” លើ​វិស័យ​ដីធ្លី​ដើម្បី​វាស់វែង និង ផ្តល់​កម្មសិទ្ធិ​ដី​លំនៅដ្ឋាន និង ដីស្រែ​ចម្ការ​ជូន​ប្រជាពលរដ្ឋ​ទូទៅ និង កសិករ​ជា​អ្នកកាន់កាប់​ប្រើប្រាស់​ដី​ជាក់ស្តែង​ដែល គ្របដណ្តប់​លើ​ផ្ទៃដី​ជិត ២​លាន​ហិកតា និង មាន​ប្រជាពលរដ្ឋ​ជិត ៥០​ម៉ឺន​គ្រួសារ​ដែល​ត្រូវ ទទួលបាន​កម្មសិទ្ធិ​ដី​។ វិ​រ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ជាង ២.០០០ នាក់ មន្ត្រី​ជំនាញ និង មន្ត្រី​ជំនាញ​ពី​ស្ថាប័ន​នានា​ជិត ២.០០០ នាក់ បាន​នឹង​កំពុង​អនុវត្ត​យ៉ាងសកម្ម​នូវ​ការងារ​នេះ នៅ​ខេត្ត​គោលដៅ​នៅ​ទូទាំងប្រទេស​ដែល​នឹងត្រូវ​បញ្ចប់​នៅ​រវាង​ដើមឆ្នាំ ២០១៤​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមទៀត​ថា ក្រៅពី​សមិទ្ធផល សំខាន់ៗ​លើ​វិស័យសេដ្ឋកិច្ច និង សង្គម ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​នៅក្នុង​ឆ្នាំ ២០១២ នេះ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទ​តួ​ល​កិត្តិយស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ ធ្វើជា​ប្រធាន​អាស៊ាន និង ជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃទៀត​ទទួលបាន​លទ្ធផល ប្រកបដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ដែល​បានធ្វើ​ឲ្យ​ប្រទេស​នៅក្នុង​តំបន់ និង ពិភពលោក មើលឃើញ​ថែមទៀត​អំពី​សមត្ថភាព​របស់​ក​ម្ពុ​ជា​ក្នុង​ការចូលរួម​ដោះស្រាយ​ កិច្ចការ​នៅក្នុង តំបន់ ក៏ដូចជា​នៅក្នុង​ពិភពលោក​ផងដែរ​។ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពង្រឹងស្មារតី និង វប្បធម៌​សន្តិភាព​រួមចំណែក​រក្សា​សន្តិភាព​នៅក្នុង​តំបន់ និង ពិភពលោក ដោយបាន​ចូលរួម​ជា ភាគី​នៃ​អនុសញ្ញា និង សន្ធិសញ្ញា​អន្តរជាតិ​ជាច្រើន​ទៀត ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​សព្វាវុធ ការទប់ស្កាត់​ការរីក​សាយ​នៃ​អាវុធ​ប្រល័យ​លោក ការប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​ជាដើម​។ ទន្ទឹមនេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចាប់បញ្ជូន​កងយោធពល​ខេមរភូមិន្ទ​ទៅ​ បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ដែល​ បច្ចុប្បន្ន​កំពុងមាន​វត្ត​មាននៅ ប្រទេស​លី​បង់ និង ប្រទេស​ស៊ូដង់​ខាងត្បូង​សរុប​ចំនួន ៣៧០ នាក់​។​

​សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ផងដែរ​ថា ទន្ទឹមនឹង​សមិទ្ធផល​ធំៗ ដែល​សម្រេចបាន​នៅក្នុង​ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៥៥៦ កន្លងផុត​ទៅនេះ​រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ​គ្រប់ផ្នែក ព្រះសង្ឃ និង ប្រជាជន​កម្ពុជា​ទាំង​នៅក្នុង និង ទាំង​នៅក្រៅ ប្រទេស​មានទុក្ខ​ក្រៀមក្រំ​ជាទីបំផុត និង មាន​ក្តី​សោកសង្រេង​ដ៏​មហា​ធំធេង​ក្រៃលែង​ដោយ សារ​ការយាង​ចូល​ព្រះ​ទិ​វ​ង្គ​ម​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏ ខ្ពង់ខ្ពស់​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ កន្លងទៅ​។ ការយាង​ចូល​ព្រះ​ទិវង្គត​របស់​ព្រះអង្គ គឺជា​ការបាត់បង់​ព្រះមហាវីរក្សត្រ​មួយ​ព្រះអង្គ​ប្រកបដោយ​ទសពិធរាជធម៌​កម្រ​ រកបាន ដែលមាន​បទពិសោធ​ចាស់ទុំ​ក្នុង​ចលនា​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ មហា​សាមគ្គី​ជាតិ និង ឯកភាព​ជាតិ​រឹងមាំ និង ក៏​ជាការ​បាត់បង់​កំពូល​ស្ថាបនិក​សន្តិភាព​ជាតិ អន្តរជាតិ​មួយ​ព្រះអង្គ ដ៏​មាន​ប្រជាប្រិយភាព​ផងដែរ​។ ជាថ្មី​ម្តងទៀត​សូម​សំដែង​នូវ​ការកោតសរសើរ​ដោយស្មោះ ចំពោះ​វីរភាព​របស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ទាំង​កងយោធពល​ខេមរភូមិន្ទ និង កង​នគរបាលជាតិ​គ្រប់ផ្នែក គ្រប់លំដាប់​ថ្នាក់​ដែលមាន​ឆន្ទៈ​មោះមុត អង់អាច​ក្លាហាន​កា​ពារ បាន​រឹងមាំ​នូវ​បូរណភាព​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា និង សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ សមាជិក សមាជិកា​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ សមាជិក សមាជិកា​រាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រះសង្ឃ សង្គម​ស៊ីវិល ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ និង ដៃគូ​អភិវឌ្ឍ​នានា​ដែល បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ និង អនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២ របស់​រាជរដ្ឋាភិបាល​ដោយបាន​ធ្វើ​ឲ្យ​មាតុភូមិ​កម្ពុជា យើង​រក្សា​ការពារ​បាន​នូវ​សន្តិភាព ស្ថិរភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់​សាធារណៈ​យ៉ាង​ល្អ ប្រសើរ​ដែលជា​កត្តា​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ផងដែរ​ថា សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំម្សាញ់ បញ្ច​ស័ក ព​.​ស ២៥៥៧ រាជរដ្ឋាភិបាល​នឹង​ខិតខំ​បន្ត​ថែរក្សា​សន្តិភាព ស្ថេរភាព សន្តិសុខ និង សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​កាន់តែ​រឹងមាំ​ដែល​ធានាបាន​នូវ​បរិស្ថាន​ អនុគ្រោះ​សម្រាប់​ការ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង ការនាំចេញ​អង្ករ ព្រម​ជាមួយនឹង​កសិផល​ដទៃទៀត បន្ត​ការកសាង និង កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដែល​បាន​ខូចខាត​ដោយ​ទឹកជំនន់​ក្នុង​ឆ្នាំ ២០១១ បន្ត​ពង្រឹង និង ពង្រីក​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ និង ផ្នែក​សេវាកម្ម​ទេសចរណ៍ បន្តធ្វើ​កំណែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ​លើ​វិស័យ​សំខាន់ៗ​មួយចំនួន ក្នុងនោះ​បន្ត​ជំរុញ​ការអនុវត្ត​នយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី និង ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​ពិតប្រាកដ សម្រាប់​សាងសង់​លំនៅដ្ឋាន និង បង្កបង្កើនផល ព្រមទាំង​បន្ត​អនុវត្ត​ភារកិច្ច ធំៗ​ផ្សេងទៀត​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ ប្រជាពលរដ្ឋ និង ឆ្ពោះទៅរក​អនាគត​មួយ​ដ៏​រុងរឿង ភ្លឺស្វាង​ស្របតាម​ឆន្ទៈ និង បំណងប្រាថ្នា​របស់​ប្រជាជាតិ កម្ពុជា​ទាំងមូល​។ ក្នុងនាម​រាជរដ្ឋាភិបាល និង ក្នុងនាម​ទូលបង្គំជាខ្ញុំ ព្រមទាំង​មន្ត្រីរាជការ កងយោធពល​ខេមរភូមិន្ទ កង​នគរបាលជាតិ និង បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​លំឱនកាយវាចា​ចិត្ត​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម ទុ​ង្សា​ទេវី សូម​ថ្វាយ​ព្រះរាជ​សព្ទសាធុការពរ បវរ​មហាប្រសើរ ចំពោះ​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ដែល​ព្រះអង្គ​កំពុង​គង់ប្រថាប់​ជា​ម្លប់​ដ៏​ ត្រជាក់​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប សូម​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះ​វររាជ​មាតា​ជាតិ ខ្មែរ​មាន​ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា និង ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​បន្ត​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅកាន់​ត្រើយ​វឌ្ឍនភាព និង សុភមង្គល​។​

​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា ក្នុងនាម​រាជរដ្ឋាភិបាល និង ក្នុងនាម​ទូលបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម​ថ្វាយ និង ប្រគេន​ព្រះ​ពរ​ចំពោះ​សម្តេច​អគ្គ​មហា សង្ឃរាជា​ធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះ​រាជាគណៈ និង ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង សូម​ជូនពរ​ដល់​ជនរួមជាតិ​កម្ពុជា​ដែល​កំពុង​រស់នៅក្នុង និង ក្រៅប្រទេស មន្ត្រីរាជការ នាយទាហាន ពលទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​តំបន់​ព្រំដែន និង កំពុង​បំពេញ បេសកកម្ម​រក្សា​សន្តិភាព និង មនុស្សធម៌​នៅក្រៅ​ប្រទេស នាយ​នគរបាល ពល​នគរបាល ក្មួយៗ​សិស្សានុសិស្ស និស្សិត យុវជន យុវនារី កម្មករ និយោជិត ធុរជន និង វិនិយោគិន​ដែល កំពុង​ប្រកប​ធុរកិច្ច​នៅលើ​ទឹកដី​កម្ពុជា សូម​ទទួលបាន​នូវ​សិរី​សួស្តី ជ័យ​មង្គល និង វិបុល​សុខ ជា​ដរាប​តរៀង​ទៅ​៕(CEN)

Comments system

Disqus Shortname