Saturday, April 13, 2013

របួស៤៤នាក់ ដោយសារធ្លាក់ យន្តហោះនៅបាលី

Photo by DAP-NEWS
ហ្សាការតា៖ យ៉ាងហោចណាស់អ្នកដំណើរ ៤៤នាក់ ត្រូវបានជួយសង្រ្គោះចេញពីយន្តហោះ Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រនៅកោះបាលី ហើយត្រូវបានព្យាបាល។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរាយការណ៍នៅថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០១៣ ដោយបានដកស្រង់អ្នកនាំពាក្យមន្ទីរពេទ្យ Kasih Ibu ថា អ្នករបួស៣៣នាក់ បានទទួលការព្យាបាល ក្នុងចំណោមនោះ មានរបួសធ្ងន់ផងដែរ។
ស្ត្រីអាយុ៦០ឆ្នាំ កំពុងត្រូវបានសង្គ្រោះ ជាបន្ទាន់ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរ។ ដោយឡែកនៅមន្ទីរពេទ្យ  Sanglah អ្នករបួស១០នាក់ផ្សេងទៀត ត្រូវបានជួយព្យាបាលផងដែរ។
អ្នកដំណើរសរុប១០១នៅលើយន្តហោះ ដែលចំណាយសោហ៊ុយថោកសម្រាប់ធ្វើដំណើរនោះ បានរស់រានមានជីវិត បន្ទាប់ពីយន្តហោះ បានចុះខុសផ្លូវ ហើយរអិលធ្លាក់ចូលសមុទ្រ ខណៈវាព្យាយាមចុះចតនៅឯអាកាសយានដ្ឋានមួយនាកោះបាលី នារសៀលថ្ងៃសៅរ៍នេះ។
រដ្ឋមន្រ្តីគមនាគមន៍ឥណ្ឌូនេស៊ី លោក E.E. Mangindaan បានថ្លែងថា យន្តហោះមិនអាចបន្ថយល្បឿនបានទេ ដោយសារតែកន្ទុយវាខូច។
អគ្គនាយកទទួលបន្ទុកចរាចរណ៍ផ្លូវអាកាសលោក Herry Bakti Gumai បានថ្លែងថា ឧបទ្ទវហេតុនេះ កើតឡើង នៅពេលដែលយន្តហោះធ្វើដំណើរពីបានដុង រដ្ឋធានីនៃរដ្ឋ West Java ព្យាយាមចុះចត នៅឯអាកាសយានដ្ឋានមួយនៅក្នុងតំបន់Denpasarនៃកោះបាលី ប្រហែលម៉ោង២រសៀល៕

Comments system

Disqus Shortname