Thursday, April 18, 2013

ផ្ទះ​២​ខ្នង ត្រូវអគ្គិភ័យ​​លេប​ត្របាក់​​ហ្មត់​​ និងរបួស​២​នាក់ នៅ​ក្រុង​សិរីសោភ័ណ្ឌ​

​ខេត្ត​បន្ទាយមានជ័យ ៖ នាថ្ងៃចុងបញ្ចប់​ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីនេះ ផ្ទះចំនួន២ខ្នង​​ត្រូវបានអគ្គិភ័យ​ឆាបឆេះអស់ទាំង​ស្រុង បន្ទាប់​ពីមាន​​ភ្លៀង​ធ្លាក់​មួយមេយ៉ាងធំ។ ហេតុការណ៍​បង្កឲ្យមានការ​ភ្ញាក់ផ្អើលទាំង​យប់នេះ បានកើត​ឡើងកាល​ពីវេលាម៉ោង​១០និង២០​នាទី​យប់​ថ្ងៃ​ទី១៦ មេសា ២០១៣ នៅភូមិ៣ សង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ។
ខណៈពេលដែល​ភ្លើងកំពុងតែឆាបឆេះ​​យ៉ាងសន្ធោសន្ធៅ​នេះ មានប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ រួមទាំងកម្លាំង​នគរបាល និងកម្លាំង​ក​ងរាជ​អាវុធ​ហត្ថ​ក្រុង-ខេត្ត​បាន​មមាញឹកក្នុងការជួយ​ពន្លត់ ដោយ​ខ្លះទាញ​​ទុយោទឹក ខ្លះទៀតប្រើ​ឡាំងបាច ទម្រាំរថយន្ត​ពន្លត់អគ្គិភ័យ​របស់​នគរបាលខេត្ត ចុះជួយ​​អន្តរាគមន៍ តែទោះជាយ៉ាង​ណាក៏មិនអាច​ជួយ​សង្គ្រោះផ្ទះទាំង​២ខ្នងនេះបាន​ឡើយ ព្រោះទំរាំ​ដឹងថា ភ្លើង​ឆេះ​​ឡើងពេញក្រមុំ​ទៅហើយ​។ ជាមួយ​គ្នា​នោះ​​ដែរ គេសង្កេតឃើញ​វត្តមានលោក​វរ​សេនីយ៍ឯក ចាន់ តារា ស្នង​ការរង និងជា​ប្រធាន​ការិយា​ល័យ​កណ្តាល ស្ថិតិ-អគ្គិភ័យ លោកអ៊ុំ រាត្រី អភិ​បាល​​ក្រុងសិរីសោភ័ណ្ឌ និង​លោកវរ​សេនីយ៍ត្រី រ៉ែម វីរៈ អធិការនគរ​បាលក្រុង រួមទាំង​ថ្នាក់ដឹកនាំកងរាជ​អាវុធហត្ថ​ផងដែរ ។
តាមប្រភពព័ត៌មាន​ពីនគរបាលក្រុងសិរី​សោភ័ណ្ឌ បានឲ្យដឹងថា ប្រជាពលរដ្ឋដែល​រងគ្រោះដោយ​​សារអគ្គិភ័យនេះ ១-ឈ្មោះ​ទេព សុកឿន ភេទ​ប្រុស អាយុ៤៩ឆ្នាំ ប្រពន្ធឈ្មោះ​នួន ចរិយា អាយុ៤២ឆ្នាំ ២-ឈ្មោះក្រៀល វិជ្ជា ភេទប្រុស អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ​ណុប ចាន់នី អាយុ៤២ឆ្នាំ ជន​រងគ្រោះទាំង​២គ្រួសារនេះ នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ៕(KOHSANTEPHEAP)


Comments system

Disqus Shortname