Tuesday, April 2, 2013

យកស្រ្តីអាក្រាតកាយរបួសពេញខ្លួន ទៅទម្លាក់ចោល ក្បែរក្លោងទ្វារផ្សារតាខ្មៅថ្មី

ស្ថិតក្នុង​រាងកាយ​អាក្រាត​សល់​តែ​ខោ​ទ្រនាប់ និង​អាវទ្រនាប់ យុវនារី​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ ដឹក​យកទៅ​ទម្លាក់ចោល​ក្បែរ​ក្លោងទ្វារ​ផ្សារ​តាខ្មៅ​ថ្មី ជាមួយនឹង​ឈាម​ប្រឡាក់​ពេញ​ខ្លួន​កាលពីព្រលឹមស្រាងៗថ្ងៃទី២មេសានេះ។


​ ជនរងគ្រោះ​មាន​ស្នាម​ចាក់​នឹង​របស់​ស្រួច​ជាច្រើន​កន្លែង ហើយ​នៅពេលដែល​សន្តិសុខ​ផ្សារ និង​សមត្ថកិច្ច​ចុះទៅពិនិត្យ នាង​ស្រែក​ដោយ​រវើរវាយ​។ សមត្ថកិច្ច​បាន​បញ្ជូន​នាង​ទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​ តាខ្មៅ​។​
​បន្ទាប់ពី​សម្រាក​ព្យាបាល​មាន​ស្មារតី​ឡើងវិញ នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នាង​ឈ្មោះ ផុង ស្រី​ជិន អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​ស្រី​បម្រើការ​នៅក្នុង​ហាង​ខារ៉ាអូខេ ១៦៨​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​នៅវេលា​ម៉ោង​១​រំលងអធ្រាត្រ ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៣ ពេល​ឈប់​ពី​ការងារ នាង​បាន​ដើរទៅ​កា​រ៉ា​ស​សាំង​កាល់​តិច មុខ​សាលារៀន​បឹងត្របែក ស្រាប់​តែមាន​មនុស្ស​ប្រុស​ពីរ ស្រី​មួយ ជិះ​ម៉ូត​ពីរ​គ្រឿង មក​ស្ទាក់​ពីមុខ​នាង​ហើយ​ស្ត្រី​ម្នាក់​នោះ បាន​យក​កូនកាំបិត​ចុង​ស្រួច​មក​ភ្ជង់​ក ហើយគ​ម្រាម​បង្ខំ​នាង​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​បុរស​ម្នាក់ មកកាន់​ផ្ទះសំណាក់​ដើម​មៀននៅ​ក្រុង​តាខ្មៅ​។ ពេលទៅដល់​ផ្ទះសំណាក់ បុរស​ម្នាក់ និង​ស្ត្រី​ដែល​គម្រាម​នាង​ឲ្យ​ឡើង​ជិះ​ម៉ូតូ​នោះ បានគេច​ខ្លួន​បាត់ទៅ ចំណែកឯ​មនុស្ស​ប្រុស​ដែល​ឌុប​រូបនាង​មក បាន​រុញ​ខ្លួន​នាង​ចូលក្នុង​បន្ទប់​ផ្ទះសំណាក់ ហើយ​ចាប់រំលោភ​នាង​ក្នុង​បន្ទប់ទឹក នៅលើ​ចាន​បង្គន់ ពេលនោះ​នាង​បានប្រកែក​មិន​ព្រម ក៏បាន​ប្រតាយប្រតប់​គ្នា រួច​ជន​នោះ យក​កូនកាំបិត​ចាក់​ចំ​ទ្រូង​នាង និង​ដៃស្តាំ​មួយ​កាំបិត បណ្តាល​ឲ្យ​នាង​សន្លប់​បាត់ស្មារតី​។

​ប៉ូលិស​និយាយថា នារី​រងគ្រោះ​បាន​រៀបរាប់​ហាក់​មាន​ចន្លោះ និង​អាថ៌កំបាំង​ច្រើន ប៉ូលិស​នឹង​ស៊ើបអង្កេត​រក​ការពិត​៕(CEN)

Comments system

Disqus Shortname