ភ្នំពេញ : កុមារីកម្ពុជាដ៏ក្លាហានវ័យ១១ឆ្នាំនិងគូស្នេហ៍បរទេសមួយគូទៀត រួមជាមួយនឹងមនុស្សម្នាចំនួនសរុបជាងមួយរយនាក់បានមកជួបជុំគ្នា ចូលរួមកម្មវិធីហែលទឹកនៅលើដងទន្លេមេគង្គកាលពីថ្ងៃម្សិលម៉្ងៃ។
ព្រឹត្តិការណ៍ ហែលទឹកនៅទន្លេមេគង្គ (Mekong River Swim) នេះបានប្រារព្ធឡើងអស់រយៈពេល១៧ឆ្នាំមកហើយ ដោយមានកីឡាករគ្រប់វ័យហែលទឹកសរុបចំនួន១១២នាក់ និងមកពីបណ្តាប្រទេសជាង២០។
នៅក្នុងព្រឹត្តិការណ៍នេះមានកីឡាករហែលទឹកកម្ពុជាចូលរួមជារឿយៗ ខណៈកម្មវិធីបានរៀបចំដោយសាលារៀនអន្តរជាតិអង់គ្លេសមួយឈ្មោះថា iCan។ ការប្រកួតហែលទឹកនេះត្រូវប្រារព្ធនៅឯម្តុំសាលាកសិកម្មព្រែកលៀប។
លោក ហ្សាវីយ៉េ រីបឡេត វ័យ៤៧ឆ្នាំជាវិស្វករជាតិបារាំងបានទទួលជ័យជម្នះលើការប្រកួតនោះ ដោយការប្រើថិរវេលា៧នាទី ២៩វិនាទីសម្រាប់ចម្ងាយហែល៨០០ម៉ែត្រ។
គួរបញ្ជាក់ថាលោកបានប្រើថិរវេលាវែងជាងមុនខណៈកាលពីកន្លងទៅ លោក ហ្សាវីយ៉េ រីបឡេត បានហែលចម្ងាយដូចគ្នានេះដោយប្រើពេលតែ៧នាទីនិង៥វិនាទី ប៉ុណ្ណោះ។
បុរសជាតិបារាំងរូបនេះធ្លាប់ហែលទឹកយ៉ាងហោចណាស់ចម្ងាយ៤គីឡូ ម៉ែត្រឯណោះក្នុងមួយថ្ងៃតែលោកហាក់ដូចជាមានផលលំបាកបន្តិចកាលពី ម្សិលមិញ ដោយសារតែចរន្តទឹកទន្លេហូរខ្លាំង។
សម្រាប់អ្នកចូលរួមការប្រកួតនេះត្រូវស្លៀកពាក់ឯកសណ្ឋានឈុត ហែលទឹកនិងខោខ្លី។ ចំពោះអាយុដែលអាចចូលរួមបានចាប់ពី១១ឆ្នាំដល់៦១ឆ្នាំ។ ថិរវេលាសម្រាប់ការហែលទឹកដល់ទីផ្តាច់ព្រ័ត្រគិតជាមធ្យមគឺមាន ត្រឹម១៧នាទី។
លោក ដាវីត ហ៊ុន នាយករងសាលាiCan និងជាគ្រូបង្វឹកហែលទឹកនោះបាននិយាយថាព្រឹត្តិការណ៍ហែលទឹកនេះ មិនដែលកើតមានគ្រោះថ្នាក់អ្វីឡើយ។
លោកនិយាយថា៖ «មនុស្សម្នាតែងមានការបារម្ភពីរឿងគុណភាពអនាម័យនៃទឹកទន្លេត្រង់ ទីកន្លែងប្រកួត តែតាមការពិតទឹកនៅចម្ងាយ៦គីឡូម៉ែត្រពីរាជធានីភ្នំពេញនោះវានៅ ស្អាតទេ»។
លោកបញ្ជាក់ថា ការរៀបចំបីលើកកន្លងមកនេះសាលា iCan ក៏បានសហការជាមួយនឹងភ្នាក់ងារនៃបេសកកម្មទន្លេមេគង្គយ៉ាងល្អផង ដែរក្នុងការត្រួតពិនិត្យលើគុណភាពទឹកនេះ។
លោក ដាវីត បន្តថា៖ «ទឹកនេះវាគ្មានបញ្ហាឡើយ ខ្ញុំមិនដែលបានឮអ្នកណាម្នាក់រអ៊ូនឹងគុណភាពទឹកទីនេះផង»។
ចំណែកថវិកាដែលបានពីការចុះឈ្មោះចូលរួមនៃកម្មវិធីហែលទឹកនេះ ត្រូវគេយកទៅជួយផ្គត់ផ្គង់ដល់អង្គការទំនុកចិត្តសង្គ្រោះកុមារ កម្ពុជា (CCTS) ដែលខ្វះលទ្ធភាព។ដោយឡែកកម្មវិធីហែលទឹកនេះគេឃើញមានគម្រោងរៀបចំ បង្ហាត់បង្រៀនក្មេងៗពីជំនាញខាងសង្គ្រោះ និងការហែលទឹកដោយសុវត្ថិភាពតែម្តង។
ចំណោមកុមារកម្ពុជា១៣នាក់ចូលរួមការប្រកួតនេះមានកុមារីវ័យ១១ ឆ្នាំម្នាក់មកពីអង្គការអាល្លឺម៉ង់ ជាកីឡាករក្មេងជាងគេ។ ដ្បិតថានាងចំណាយថិរវេលាយូរជាងគេក្នុងការប្រកួត ប៉ុន្តែស្នាមញញឹមរបស់នាងបានស្ដែងចេញពីភាពក្លាហាន និងកាយវិការមាំមួនពេលហែលទឹកទន្លេមេគង្គចម្ងាយវែងនេះ៕ PR(POSTKHMER)