Tuesday, April 2, 2013

ក្រសួង​ព្រមាន​ចំពោះ​ការ​តវ៉ា​បិទ​ផ្លូវ


130402_06b
កម្មករ​រោង​ចក្រ​យ៉ុង​វ៉ាធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២​កន្លង​មក​។ រូបថត លីណា

ភ្នំពេញៈ ក្រសួង​ការងារ បាន​ធ្វើ​ការ​ព្រមាន​ដល់​កម្មករ​និយោជិត​គ្រប់​រោងចក្រ​កាត់​ដេរ និង​ស្បែក​ជើង ដែល​ពាក់​ព័ន្ធ​ទាំង​អស់​សូម​កុំ​ធ្វើ​ការ​តវ៉ា​ដោយ​បិទ​ផ្លូវ បើ​ពុំ​នោះ​ទេ ក្រសួង និង​អាជ្ញាធរ នឹង​ធ្វើ​ការ​អនុវត្ត​យ៉ាង​តឹង​រ៉ឹង​ទៅ​លើ​កូដករ​ទាំង​នោះ​។
លោក វង សូត រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​បាន​ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈ​កម្មការ ​ប្រឹក្សា​ការងារ(LAC) លើ​ការ​ចុះ​ហត្ថលេខា សម្រាប់​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ដល់​កម្មករ កាល​ពី​ថ្ងៃ​សុក្រ​ថា​ទាំង​អស់​គ្នា ត្រូវ​ធ្វើ​ការ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​មុន​ពេល​ធ្វើ​អ្វី​មួយ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​សាធារណជន​។
លោក​បន្ត​ថា​ការ​អង្គុយ​ចរចា​ជាមួយ​គ្នា ជា​មធ្យោបាយ​ប្រសើរ​បំផុត​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​។​សេរីភាព​របស់​ កម្មករ​អាច​ធ្វើ​បាន​ទៅ​តាម​អ្វី​ដែល​ច្បាប់​បាន​ចែង​ប៉ុន្តែ​ថ្មីៗ នេះ កម្មករ មិន​បាន​គោរព​ច្បាប់​ទេ។
លោក​វង សូត បញ្ជាក់​ថា​៖ «​ខ្ញុំ​មាន​ការ​សោក​ស្តាយ​នៅ​ពេល​ដែល​កម្មករ​កាត់​ដេរ មាន​បញ្ហា ហើយ​ពួក​គេ បាន​ចាប់​ផ្តើម​បិទ​ផ្លូវ​។ ថា​តើ​វា​ត្រឹម​ត្រូវ​ឬ​អត់ (​ក្នុង​ការ​ធ្វើ​ដូច្នេះ)​?»​។ លោក​បាន​ចោទ​សួរ​ថា នៅ​ពេល​ដែល​ពួក​គេ មាន​ជម្លោះ តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ចរចា​គ្នា​ដោយ​សន្តិវិធី ប៉ុន្តែ​បែរ​ជា​បិទ​ផ្លូវ​សាធារណៈ​ទៅ​វិញ​។
លោក​វង សូត​បាន​មាន​ប្រសាសន៍​បន្ត​ថា៖«ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​ធ្វើ​ទៅ​តាម​ អ្វី​ដែល​គេ​ចង់ នោះ​វា​ដូច​ជា​សង្គម​មួយ​មិន​មាន​ច្បាប់​អ៊ីចឹង»។
កម្មករ​និង​សហជីព​បាន​និយាយ​ជា​បន្ត​បន្ទាប់​មក​ថា​ការ​ធ្វើ​ការ​តវ៉ា ឬ​ការ​បិទ​ផ្លូវ​ធ្វើ​ឡើង​ដោយ​សារ​តែ​គ្មាន​ជម្រើស​ប៉ុណ្ណោះ ខណៈ​ដែល​ការ​តវ៉ា​បន្ត​អូស​បន្លាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប៉ុន្តែ​ភាគី​រោងចក្រ និង​ស្ថាប័ន​ពាក់​ព័ន្ធ​មិន​បាន​អើពើ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​។
អតីត​កម្មករ​នៅ​រោងចក្រ​យ៉ុង​វ៉ា​ម្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល ដែល​ធ្លាប់​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​កន្លង​មក​បាន​និយាយ​កាល​ពី​ថ្ងៃ​ អាទិត្យ​ថា កម្មករ​មិន​ចង់​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​ទេ ប៉ុន្តែ​ពួក​គេ គ្មាន​ជម្រើស​ដើម្បី​បង្ខំ​ឲ្យ​អាជ្ញាធរ​ឬ​ថៅ​កែ​ធ្វើការ​ដោះ​ស្រាយ​បញ្ហា​ របស់​ពួក​គេ​។
កម្មការិនី ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ លើក​ឡើង​ថា​៖«​ពួក​គេ(​មន្រ្តី​រដ្ឋាភិបាល​) គិត​ថា យើង​ចង់​ឈរ​ក្រោម​កម្ដៅ​ថ្ងៃ​ដើម្បី​បិទ​ផ្លូវ​ណាស់​ឬ? តាម​ពិត​ទៅ​យើង​មិន​ចង់​ទាល់​តែ​សោះ ប៉ុន្តែ​វា​ជា​ជម្រើស​ចុង​ក្រោយ​របស់​យើង​ដើម្បី​បង្ខំ​ឲ្យ​ពួក​គេ​ស្វែង​រក ​ដំណោះ​ស្រាយ​ឲ្យ​យើង​»។​នាង​បន្ត​ថា​នាង ប្រាកដ​ណាស់​ដែល​ថា កម្មករ នឹង​នៅ​តែ​បិទ​ផ្លូវ​ទោះ​បី​មាន​បញ្ជា​ក៏​ដោយ​។ ដូច​នៅ​រោងចក្រ​យ៉ុង​វ៉ា​អ៊ីចឹង។ ខ្ញុំ គិត​ថា ប្រសិន​បើ​យើង​មិន​បិទ​ផ្លូវ​ទេ​យើង​នឹង​មិន​ទទួល​បាន​ប្រាក់​ខែ​រហូត​មក​ ដល់​ពេល​នេះ»។
កាល​ពី​ថ្ងៃ​សុក្រ​សមាជិក LAC បាន​ចុះ​ហត្ថលេខា​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ដែល​ ដំឡើង​ពី ៦១ ដុល្លារ ដល់ ៨០ ដុល្លារ​ក្នុង​មួយ​ខែ ហើយ​វា​នឹង​មាន​ប្រសិទ្ធភាព​ចាប់​ពី​ខែ​ឧសភា​នេះ​ទៅ៕ NR(POSTKHMER)

Comments system

Disqus Shortname