Wednesday, January 18, 2012

បាញ់ប្លន់អាជីវករផ្សារ សាំហាន់

ក្រុមចោរពីរនាក់ បានធ្វើសកម្មភាពបាញ់ ប្លន់អាជីវករប្តូរប្រាក់ផ្សារភូមិថ្មី ហៅផ្សារសាំហាន់ បណ្តាលឲ្យរងរបួសជើង ប៉ងយកថង់ប្រាក់តែមិនបានសម្រេច ត្រែត្រូវប្រជាពលរដ្ឋជួយអន្តរាគមន៍ ធ្វើឲ្យក្រុមចោរភ័យជិះម៉ូតូគេចខ្លួនបាត់ទៅ។
នាយប៉ុស្តិ៍នគរបាលសង្កាត់ទួលសង្កែ លោក ហ៊ុយ ហ៊ាន បានឲ្យដឹងថា នៅវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃនេះ ក្រុមចោរមានគ្នា២នាក់ បានជិះម៉ូតូទៅភ្ជង់ និងបាញ់ប្លន់អាជីវករប្តូរប្រាក់ផ្សារសាំហាន់ ឈ្មោះ ឡាំង ប៊ុណ្ណារិទ្ធ ហៅ ឆេង ថូ អាយុ ៣៨ឆ្នាំ នៅខាងជើង ឈាងខាងលិចផ្សារសំាហាន់ ចម្ងាយ៥០០ម៉ែត្រ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ខណៈដែលជនរងគ្រោះកំពុងឌុបប្រពន្ធត្រឡប់ទៅផ្ទះវិញ តែមិនបានសម្រេចនោះទេ។
លោកនាយប៉ុស្តិ៍នគរបាលរូបនេះ បានបន្តទៀតថា ក្រុមចោរបានបាញ់ចំនួន៣គ្រាប់ តែសំណាង់ល្អមួយគ្រាប់មិនផ្ទុះ និងមួយគ្រាប់ទៀតត្រូវចំជើង ហើយមួយគ្រាប់ទៀតបាញ់ឡើងលើ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានរៀបរាប់ឲ្យដឹងថា នៅម៉ោងកើតហេតុ គឺជនរងគ្រោះបានឌុបប្រពន្ធចេញផ្សារ ត្រឡប់ទៅផ្ទះវិញ លុះចេញពីផ្សារបាន ចម្ងាយប្រមាណ៥០០ម៉ែត្រ ស្រាប់ក្រុមចោរមានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានជិះមកកៀរម៉ូតូជនរងគ្រោះ និងដកកាំភ្លើងភ្ជង់ជនរងគ្រោះ យកថង់ប្រាក់ តែជនរងគ្រោះមិនព្រម ថែមទាំងមានការប្រតាយប្រតប់គ្នា។ ពេលនោះក្រុមចោរបានបាញ់សំដៅលើជនរងគ្រោះ តែសំណាងល្អបាញ់គ្រាប់ ទីមួយមិនចេញ ហើយគ្រាប់ទីពីរបាញ់ត្រូវត្រង់ជើងជនរងគ្រោះ ភ្លាមៗនោះស្រាប់តែមានអ្នកធ្វើដំណើរផ្សេងទៀតបានមកដល់ ដោយមើលឃើញស្ថានការណ៍ មិនស្រួលក្រុមចោរបានសម្រេចចិត្ត បាញ់ឡើងលើមួយគ្រាប់ទៀត ជាការគំរាម ហើយក៏ជិះម៉ូតូគេចខ្លួនបាត់ ដោយមិនបានយកថង់ប្រាក់របស់ជនរងគ្រោះនោះទេ។
ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសត្រង់ជើងនោះ ត្រូវបាន ក្រុមគ្រួសារបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

Comments system

Disqus Shortname