ក្រុមអាជីវករនៅផ្សារអូឡាំពិកប្រមាណជាង១៥០នាក់
កាលពីព្រលប់ថ្ងៃទី១៧ ធ្នូ និងបន្តដល់ព្រឹកថ្ងៃទី១៨ ធ្នូ
បានបណ្តាក់គ្នាទៅអង្គុយសំកុកមុខផ្ទះម្តាយមេតុងទីន
ម្នាក់ដែលស្ថិតនៅផ្លូវលេខ៤៦០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន
ខណៈមេតុងទីនរត់ទៅស្រុកសៀមបាត់ ។
ក្រុមអាជីវករបានប្រាប់ឱ្យដឹងថា មេតុងទីន
ឈ្មោះជា សោភ័ណ្ឌ ហៅលីលី ភេទស្រី អាយុ៣២ឆ្នាំ ប្តីឈ្មោះថោង
វណ្ណដេត អាយុ៣៣ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៩០៨ ផ្លូវបេតុង
ក្នុងបុរី៩៩៩ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ក្រុមអាជីវករបានឱ្យដឹងទៀតថា មេតុងទីនឈ្មោះជា សោភ័ណ្ឌ ហៅលីលី
មានមុខរបរលក់កាបូប នៅក្នុងផ្សារអូឡាំពិកយូរឆ្នាំមកហើយ
ដោយសារមានការរាប់អានពីសំណាក់អាជីវករដូចគ្នា
កាលពី២ឆ្នាំកន្លងមកនេះ
អ្នកស្រីលីលីបានបង្កើតជាក្រុមលេងតុងទីនដោយអ្នកស្រីធ្វើមេ
និងមានអាជីវករប្រមាណជាង១៥០នាក់ បានលេងជាមួយ
ព្រោះតែជឿទុកចិត្តគ្រប់គ្នា ។
តាមការរៀបរាប់ឱ្យដឹងទៀតថា
តុងទីនដែលលេងនោះ១ក្បាល៥០០ដុល្លារ ខ្លះ២០០ដុល្លារ
និងរហូតដល់១០ដុល្លារដេញក្នុង១ថ្ងៃ១ដង
ហើយនៅពេលដេញនោះក៏មានការលក់ពីមួយទៅមួយដែលមើលទៅ
គឺសប្បាយលេងព្រោះទទួលបានការប្រាក់ខ្ពស់ ។
ក្រុមអាជីវករជាកូនតុងទីនបន្តថា
៦ខែចុងក្រោយនេះ
តាមការកត់សម្គាល់មេតុងទីនទំនងដូចជាមិនសូវស្រួល
ព្រោះមេក្រឡុកកូនខ្លាំងណាស់ដូចជាពេលដេញបានមិនដឹងប្រាក់នៅ
ឯណា អ្នកដេញបានប្រៀបដូចដេញយកខ្យល់ ។
ប្រការដែលខុសប្លែកថែមទៀតនោះគឺគេតែងឃើញមេតុងទីនឈ្មោះលីលី
និងប្តីឧស្សាហ៍ចេញចូលកាស៊ីណូញឹកញាប់
ប្រហែលជាចាញ់វ័ណ្ឌ.កនៅកាស៊ីណូ បានជារត់ចោលស្រុក
ធ្វើឱ្យពួកគេកូនៗតុងទីនស្រឡាំងកាំងគ្រប់គ្នា ។
តាមការអះអាងពីក្រុមអាជីវករជាកូនតុងទីន
ប្រមាណជាង១៥០នាក់ថា មេតុងទីនឈ្មោះលីលី
នៅជាប់ប្រាក់ពួកគេសរុបរាប់លានដុល្លារព្រោះខ្លះបាត់បង់៤៥ម៉ឺន
ដុល្លារ ខ្លះ៣០ម៉ឺន ខ្លះ ២០ម៉ឺន ខ្លះ១០ម៉ឺន
និងតិចបំផុតក៏៣ម៉ឺនដុល្លារឡើងទៅដែរ ។
តែប្រាក់រាប់លានដុល្លារនោះមិនមែនជាប្រាក់លេងតុនទីនសុទ្ធសាធ
ទេ គឺប្រាក់ខ្លះខ្ចីដោយមានកិច្ចសន្យាត្រឹមត្រូវ
ហើយប្រាក់ខ្លះទៀតទិញរថយន្តគេមិនទាន់បានបង្វិលលុយឱ្យម្ចាស់ ។
ការរត់គេចដូរដីពីស្រុកខ្មែរទៅស្រុកសៀមនោះ
ទំនងមកពីមេតុងទីនបានដឹងខ្លួនថា
មិនមានសមត្ថភាពយកឈ្នះក្នុងកាស៊ីណូយកលុយមកសងកូនៗតុងទីន
វិញបាន ដែលមានតែផ្លូវម្យ៉ាងគឺដូរដីរត់ចោលស្រុក ។
បានកត់សម្គាល់ឃើញថា កាលពីព្រឹកថ្ងៃទី១៧ ធ្នូ មេតុងទីនរូបនេះ
បានលក់តូប៣កន្លែងនៅក្នុងផ្សារអូឡាំពិកបានប្រាក់ជាង១០ម៉ឺន
ដុល្លារ និងផ្ញើកូនម្នាក់ឱ្យម្តាយបង្កើតនៅខេត្តបាត់ដំបង
កូនម្នាក់ទៀតផ្ញើម្តាយក្មេកនៅទួលទំពូង
និងយកកូនច្បងទៅជាមួយដែលគេដឹងថា
បានចេញពីភ្នំពេញបាត់តាំងពីព្រលឹម
និងបានឆ្លងផុតពីដីខ្មែរចូលទៅប្រទេសថៃតាមច្រកទ្វារចាំយាម
ខេត្តកោះកុង ។ ពេលដឹងថា អ្នកស្រីលីលីនាំប្តី
និងកូនចេញផុតពី
ស្រុកខ្មែរបាត់ទៅហើយនោះ ពួកគេហាក់ដូចជាមិនអស់ចិត្ត
បាននាំគ្នាទៅពពាក់ពពូននៅឈរមុខផ្ទះម្តាយក្មេកអ្នកស្រីលីលី
ដើម្បីប្រមូលព័ត៌មានរៀបចំសំណុំរឿងដាក់បណ្តឹងទៅកាន់សាលាដំបូង
រាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ ។
បើទោះជាយ៉ាងណា
ការដាក់ពាក្យបណ្តឹងនោះមិនប្រាកដថានឹងអាចយកប្រាក់បានគ្រប់
ចំនួនពីមេតុងទីនវិញទេ ។
ប៉ុន្តែម្នាក់ៗជាកូនតុងទីនចង់ឃើញមេតុងទីនចេញមុខទទួលខុសត្រូវ
និងត្រូវទទួលទោសតាមផ្លូវច្បាប់មិនត្រូវគេចខ្លួនបែបនេះឡើយ ៕