Sunday, December 25, 2011

ស្ពាយ​កាំភ្លើង​AK បាញ់​ប្លន់​ម៉ូតូ​ពី​ស្ត្រី​ម្នាក់​ធ្លាយ​ពោះ ទាំង​ព្រឹក​ព្រលឹម នៅ​ខណ្ឌ​៧​មករា

  កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាល ខណ្ឌ ៧មករា បានឃាត់ខ្លួនក្រុមចោរប្លន់ បាន ៤នាក់ភ្លាមៗ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាព បាញ់ប្លន់ជនរងគ្រោះ ធ្លាយពោះ កាលពីវេលាម៉ោង ៥ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១១ នេះ ស្ថិតនៅមុខឃ្លាំងលក់គ្រឿងម៉ាស៊ីន មួយកន្លែង នៅតាមបណ្ដោយផ្លូវលេខ ១៨២ សង្កាត់វាលវង់ ខណ្ឌ ៧មករា ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៤នាក់ រួមមាន ទី១-ឈ្មោះ ហ៊ុន ហុល ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៣ សង្កាត់ព្រៃវែង ខណ្ឌដង្កោ, ទី២-ឈ្មោះ គ្រុយ គីម ភេទស្រី អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣០ ផ្លូវលេខ ៥៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ហើយមានស្រុកកំណើត នៅឃុំអង្គារ ស្រុកត្រាំង ខេត្ដតាកែវ, ទី៣-ឈ្មោះ ហុត ភារម្យ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ជាអ្នករត់ម៉ូតូ និងលក់ពងទាកូន និងទី៤-ឈ្មោះ ឡេង សូលី ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥០៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ។
ដោយឡែកជនរងគ្រោះ ឈ្មោះ សួន ម៉ាលីស ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ ជាអ្នកលក់បបរ ស្នាក់នៅផ្ទះលេខ ៩៧ សេ ផ្លូវលេខ ២០៤ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក ។

សមត្ថកិច្ច បានបន្ដថា មុនពេលកើតហេតុ ខណៈដែលជនរងគ្រោះ កំពុងជិះម៉ូតូ ស្រាប់តែដល់កន្លែងកើតហេតុ ក្រុមចោរ ទាំងនេះ បានកៀរម៉ូតូ និងភ្ជង់ឱ្យឈប់ ពេលនោះជនរងគ្រោះគិតថា ក្រុមចោរចង់ប្លន់ម៉ូតូ ក៏ហុចសោម៉ូតូឱ្យក្រុមចោរ ប៉ុន្ដែ ពួកវាមិនយក ក៏បាញ់មួយគ្រាប់ចំពោះ ហើយឆក់យកកាបូប និងឆែកទៅលើរាងកាយជនរងគ្រោះ មានលុយចំនួន ២ម៉ឺនរៀល ។ ភ្លាមៗនោះ នៅពេលឮសំឡេងផ្ទុះ កម្លាំងសមត្ថកិច្ចដែលល្បាតនៅក្បែរកន្លែងកើតហេតុ ក៏ធ្វើការឃាត់ក្រុម ចោរភ្លាមៗតែម្ដងទៅ ។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានរឹបអូស កាំភ្លើង អាកា វែងមួយដើម និងម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១បេ ៤៥៦៤ ។ ដោយឡែកជនរងគ្រោះ អស់ត្រឹមតែលុយ ២ម៉ឺនរៀល ប៉ុន្ដែ ត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ ៧មករា ដើម្បីចាត់ការបន្ដ ៕

Comments system

Disqus Shortname