Sunday, December 18, 2011

ឱក សុគន្ធកញ្ញា ឯកអគ្គរាជទូតសុឆន្ទៈ

បុប្ផារូបស្រស់សោភា ដែលទទួលបានការគាំទ្រ ពីទស្សនិកជន មិត្តយុវវ័យជាច្រើន កញ្ញា ឱក សុគន្ធកញ្ញា បើទោះបីជានាងមានការមមាញឹកច្រើន ជាមួយការងារសិល្បៈ ក៏ពិតមែន តែនាងក៏មិនភ្លេចក្នុង ការងារសង្គមដើម្បីរួមចំណែក ក្នុងការលើកទឹកចិត្តដល់ក្មេងៗ ក៏ដូចជាយុវវ័យ ដែលបាន រងគ្រោះ ពីការជួញដូរពលកម្ម និងផ្លូវភេទជាដើម ឲ្យពួកគេទាំងអស់នោះ មានទឹកចិត្តឡើងវិញ ក្នុងការបន្តអនាគតរបស់ខ្លួន។
កញ្ញា ឱក សុគន្ធកញ្ញា បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រឆាំងជួញដូរមនុស្ស កាលពីកន្លងទៅថ្មីៗ ថាបច្ចុប្បន្ន នាងមិនត្រឹមតែជាតារាចម្រៀង តែមួយមុខទេ ប៉ុន្តែនាងត្រូវបានអង្គការ AFESIP ចាត់តាំងនាងឲ្យ ធ្វើជាឯកអគ្គរាជទូតសុឆន្ទៈ រយៈពេល៣ឆ្នាំមកហើយ ។

តារាចម្រៀង ដែលជារឿយៗ តែងតែបញ្ចេញក្បាច់រាំ ដែលរស់រវើក រូបនេះបន្តទៀតថា ”គោលបំណងរបស់អង្គការ ដែលផ្តល់កិត្តិយសឲ្យនាងខ្ញុំ ធ្វើជាឯកអគ្គរាជទូតសុឆន្ទៈ ក្នុងការជួយផ្សព្វផ្សាយ បញ្ជា្របឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បានយល់អំពីការជួញដូរមនុស្ស ជាពិសេស ចំពោះនាងខ្ញុំ គឺជាតារាចម្រៀង បែបយុវវ័យនាងខ្ញុំ អាចជួយផ្សព្វផ្សាយ ដល់មិត្តយុវវ័យក្មេងៗ ដែលគាត់កំពុងតែភ្លើតភ្លើន សប្បាយភ្លេចខ្លួន ក្នុងការដើរលេងសេពគប់មិត្តភក្តិមិនល្អ ការជួញដូរ មនុស្ស និងសេពគ្រឿងញៀន អញ្ចឹងនាងខ្ញុំអាចចូលរួម ក្នុងការជួយណែនាំ និងពន្យល់ពួកគាត់ ឲ្យជៀសវាងពីការប្រើប្រាស់ គ្រឿងញៀន និងការជួញដូរមនុស្ស” ។

តារាចម្រៀង ដែលមានភាពលេចធ្លោ ប្រចាំផលិតកម្មហង្សមាសរូបនេះ បានបន្ថែមទៀតថា នាងមានចិត្តសប្បាយរីករាយ និងរំភើបចិត្តខ្លាំងណាស់ ចំពោះការដែល លើកឡើង បែបនេះមិនមែន មានន័យថា នាងអាចធ្វើបានទាំងអស់នោះទេ នេះគ្រាន់តែការចូលរួមចំណែក ចែករំលែកបញ្ហាសង្គមមួយ ផ្នែកតូច តែប៉ុណ្ណោះ ហើយនាង នឹងនៅតែបន្តចូលរួម ចំណែកក្នុងការជួយសង្គម ជាបន្តទៀតផងដែរ។
តារាចម្រៀង ដែលមានឈ្មោះបោះសំឡេង កញ្ញា ឱក សុគន្ធកញ្ញា នៅក្នុងឆ្នាំ២០១១ នេះ នាងហាក់បីដូចជាមានយីអ៊ុនឡើងស្រឺតៗ ដូចកាំជណ្តើរ គឺនាងមិនត្រឹមតែទទួលបាន ការគាំទ្រ ត្រឹមតែបទចម្រៀង ពីមិត្តយុវវ័យ និងទស្សនិកជនតែប៉ុណ្ណោះទេ នាងថែមទាំងត្រូវបានអង្គការ AFESIP សម្រេចចាត់តាំង ឲ្យក្លាយជា ឯកអគ្គរាជទូតសុឆន្ទៈទៀតផង ៕

Comments system

Disqus Shortname