DJ អេដា ដែលគេស្គាល់តាមរយៈចម្រៀងហ៊ីបហបនោះបានឲ្យដឹងនៅ ថ្ងៃពុធថា នាងមានគម្រោងចេញទៅសម្ដែងនៅប្រទេសជប៉ុននៅចុងខែ មករា ឆ្នាំ២០១២ ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងច្រៀងប្រមូលថវិកាដល់អង្គការ ដើម្បីជួយដល់កុមារកំព្រានៅកម្ពុជា។
DJ អេដា ដែលល្បីខ្លាំងក្នុងចំណោមតារាចម្រៀងហ៊ីបហបនឹងចាកចេញពីប្រទេស កម្ពុជានៅថ្ងៃទី២៨ ដោយមានវត្តមានរយៈពេល១សប្តាហ៍នៅប្រទេសជប៉ុន។ ពាក់ព័ន្ធគម្រោងចាកចេញនេះ តារាមានវ័យត្រឹម២២ឆ្នាំរូបនេះឲ្យដឹងថា មូលហេតុដែលចេញពីប្រទេសកំណើតនោះ ដោយសារតាមរយៈទស្សនកិច្ចរបស់ក្រសួងការពារជាតិដែលបញ្ជូន និស្សិតចំនួន៧នាក់ និងក្នុងនាមនាងជាសហសេវិកមួយរូបនៅបញ្ជា ការដ្ឋានកងទ័ពជើងទឹក។
អេដា បញ្ជាក់ថា ” ដោយសារតែបែបនេះហើយ ទើបខ្ញុំបានទទួលការស្នើសុំរបស់បងប្អូនខ្មែរនៅទីនោះ ឲ្យសម្ដែង និងដើម្បីប្រមូលថវិកាជួយកុមារកំព្រា។ នេះជាលើកទីមួយហើយដែលខ្ញុំ ចេញទៅប្រទេសជប៉ុន ហើយចូលរួមសកម្មភាពមនុស្សធម៌” ។