អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត ដើរចូលសវនាការសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៣។ |
កម្មការិនីឈ្មោះ នុត សាខន ដែលជាអ្នករងរបួសម្នាក់ក្នុងចំណោម ៣នាក់ បានថ្លែងថា ក្រៅពីកម្មករជាអ្នកចោទថា លោក ឈូក បណ្ឌិត ប្រើកាំភ្លើងបាញ់មកលើកម្មករធ្វើឲ្យគាត់របួស ៣នាក់នោះ ក៏មានសាក្សីជាសមត្ថកិច្ច មានសាក្សីខ្លះប្រាប់ចៅក្រមថា នៅថ្ងៃកើតហេតុ លោក ឈូក បណ្ឌិត កាន់អាវុធបាញ់មកលើកម្មការិនី។ អ្នកស្រីបន្តថា ពួកគាត់ឈរនៅក្បែរទ្វារបន្ទប់ទឹក មិនបានធ្វើកូដកម្មទេ បានត្រូវគ្រាប់កាំភ្លើងពីក្រោយខ្នងរងរបួសតែម្តង៖ «ខ្ញុំសង្ឃឹមថា នៅភ្នំពេញនេះ ជួយរកយុត្តិធម៌មែនទែនតែម្តង មិនដូចនៅខេត្តស្វាយរៀង ទេ»។
អង្គជំនុំជម្រះសាលាឧទ្ធរណ៍ បានធ្វើការដេញដោលសាកសួរទៅលើសាក្សីជាង ២០នាក់ នៅថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈ ដើម្បីស្វែងរកយុត្តិធម៌ក្នុងរឿងក្តីកម្មការិនី ៣នាក់ នៅខេត្តស្វាយរៀង រងរបួសគ្រាប់កាំភ្លើងពីក្រោយខ្នង ដែលមានជាប់ពាក់ព័ន្ធជាមួយជនសង្ស័យលោក ឈូក បណ្ឌិត។
មេធាវីរបស់លោក ឈូក បណ្ឌិត គឺអ្នកនាង ម៉ៅ សំពុទ្ធាវី ថ្លែងថា គាត់សុំឲ្យសាលាឧទ្ធរណ៍គាំទ្រសាលក្រមសាលាដំបូងខេត្តស្វាយរៀង៖ «ជួនណាសាក្សីមានសិទ្ធិនិយាយ តែតុលាការអត់បានចោទប្រកាន់ផង»។
ចំណែកមេធាវីរបស់កម្មការិនី គឺអ្នកនាង សារី ប៊ុតចរិយា ថ្លែងថា សុំឲ្យក្រុមប្រឹក្សាជំនុំជម្រះពិនិត្យអង្គច្បាប់ ដើម្បីរកយុត្តិធម៌ដល់កម្មការិនីទាំង ៣រូប ដែលរងរបួសគ្រាប់កាំភ្លើងពីក្រោយខ្នង៖ «សូមសំណូមពរឲ្យក្រុមប្រឹក្សា គាត់ពិចារណាទៅលើរឿងរ៉ាវដែលពាក់ព័ន្ធរួមទាំងអង្គច្បាប់ ទៅលើបញ្ហាហ្នឹងសាឡើងវិញ»។
មន្ត្រីសង្គមស៊ីវិល ថ្លែងថា សាក្សីជាសមត្ថកិច្ច ២រូប ម្នាក់ជាប៉ូលិសចរាចរ និងម្នាក់ជាប៉ូលិសក្រុងបាវិត នៅតែផ្តល់ចម្លើយនៅមុខអង្គជំនុំជម្រះថា លោក ឈូក បណ្ឌិត ប្រើអាវុធបាញ់លើកម្មការិនីឲ្យរបួស។ មន្ត្រីសង្គមស៊ីវិល អះអាងដូចគ្នានៅក្នុងប្រទេសកម្ពុជា មន្ត្រីរាជការដែលហ៊ាននិយាយការពិត តែងតែរងនូវសម្ពាធនៅពេលបំពេញការងារ។ អង្គការទាំង២នេះ នឹងឃ្លាំមើល ហើយជួយការពារសុវត្ថិភាពរបស់ពួកគាត់ដែលជាសាក្សីសំខាន់ក្នុងរឿង ក្តីបាញ់កម្មករឲ្យរបួសនៅខេត្តស្វាយរៀង នេះ។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កម្មកររោងចក្រខេត្តស្វាយរៀង បានធ្វើកូដកម្មទាមទារផលប្រយោជន៍កម្មករ។ អាជ្ញាធរក្រុងបាវិត មានលោកអភិបាលក្រុងបាវិត ឈ្មោះ ឈូក បណ្ឌិត ដឹកនាំកម្លាំងបង្រាសកូដកម្មនោះ។ ក្រោយមក មានការផ្ទុះអាវុធបណ្ដាលឲ្យកម្មការិនី ៣នាក់ មានឈ្មោះ ប៊ុន ចិន្តា រងរបួសខាងលើដោះឆ្វេងធ្លាយទៅខ្នង អ្នកស្រី នុត សុខន របួសខ្នង និងអ្នកនាង កែវ នា របួសដៃ។ ក្រោយរឿងហេតុផ្ទុះអាវុធ លោក ឈូក បណ្ឌិត ត្រូវព្រះរាជអាជ្ញាខេត្តស្វាយរៀង ចោទពីបទបង្ករបួសស្នាម។ ប៉ុន្តែនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១២ ចៅក្រមសាលាដំបូងខេត្តស្វាយរៀង សម្រេចទម្លាក់បទចោទនេះ៕(rfa)