Thursday, February 28, 2013

សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សម្រេច​ករណី​លោក ឈូក បណ្ឌិត នៅ​ថ្ងៃ​ទី៤​មីនា

អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ដើរ​ចូល​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៣។
អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ នឹង​ប្រកាស​សេចក្តី​សម្រេច​លើ​ជន​សង្ស័យ ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត លើ​ករណី​បាញ់​កម្មករ​នៅ​ក្រុង​បាវិត នៅ​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ​២០១៣ ម៉ោង ២​រសៀល​ខាង​មុខ។
កម្មការិនី​ឈ្មោះ នុត សាខន ដែល​ជា​អ្នក​រង​របួស​ម្នាក់​ក្នុង​ចំណោម ៣​នាក់ បាន​ថ្លែង​ថា ក្រៅ​ពី​កម្មករ​ជា​អ្នក​ចោទ​ថា លោក ឈូក បណ្ឌិត ប្រើ​កាំភ្លើង​បាញ់​មក​លើ​កម្មករ​ធ្វើ​ឲ្យ​គាត់​របួស ៣​នាក់​នោះ ក៏​មាន​សាក្សី​ជា​សមត្ថកិច្ច មាន​សាក្សី​ខ្លះ​ប្រាប់​ចៅក្រម​ថា នៅ​ថ្ងៃ​កើត​ហេតុ លោក ឈូក បណ្ឌិត កាន់​អាវុធ​បាញ់​មក​លើ​កម្មការិនី។ អ្នកស្រី​បន្ត​ថា ពួក​គាត់​ឈរ​នៅ​ក្បែរ​ទ្វារ​បន្ទប់​ទឹក មិន​បាន​ធ្វើ​កូដកម្ម​ទេ បាន​ត្រូវ​គ្រាប់​កាំភ្លើង​ពី​ក្រោយ​ខ្នង​រង​របួស​តែ​ម្តង៖ «ខ្ញុំ​សង្ឃឹម​ថា នៅ​ភ្នំពេញ​នេះ ជួយ​រក​យុត្តិធម៌​មែន​ទែន​តែ​ម្តង មិន​ដូច​នៅ​ខេត្ត​ស្វាយរៀង ទេ»
អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ បាន​ធ្វើ​ការ​ដេញ​ដោល​សាកសួរ​ទៅ​លើ​សាក្សី​ជាង ២០​នាក់ នៅ​ថ្ងៃ​ទី២៧ និង​ទី២៨ ខែ​កុម្ភៈ ដើម្បី​ស្វែង​រក​យុត្តិធម៌​ក្នុង​រឿង​ក្តី​កម្មការិនី ៣​នាក់ នៅ​ខេត្ត​ស្វាយរៀង រង​របួស​គ្រាប់​កាំភ្លើង​ពី​ក្រោយ​ខ្នង ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជន​សង្ស័យ​លោក ឈូក បណ្ឌិត។
មេធាវី​របស់​លោក ឈូក បណ្ឌិត គឺ​អ្នកនាង ម៉ៅ សំពុទ្ធាវី ថ្លែង​ថា គាត់​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​គាំទ្រ​សាលក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង៖ «ជួន​ណា​សាក្សី​មាន​សិទ្ធិ​និយាយ តែ​តុលាការ​អត់​បាន​ចោទ​ប្រកាន់​ផង»
ចំណែក​មេធាវី​របស់​កម្មការិនី គឺ​អ្នកនាង សារី ប៊ុតចរិយា ថ្លែង​ថា សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ពិនិត្យ​អង្គ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ដល់​កម្មការិនី​ទាំង ៣​រូប ដែល​រង​របួស​គ្រាប់​កាំភ្លើង​ពី​ក្រោយ​ខ្នង៖ «សូម​សំណូមពរ​ឲ្យ​ក្រុម​ប្រឹក្សា គាត់​ពិចារណា​ទៅ​លើ​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​រួម​ទាំង​អង្គ​ច្បាប់ ទៅ​លើ​បញ្ហា​ហ្នឹង​សាឡើងវិញ»
មន្ត្រី​សង្គម​ស៊ីវិល ថ្លែង​ថា សាក្សី​ជា​សមត្ថកិច្ច ២​រូប ម្នាក់​ជា​ប៉ូលិស​ចរាចរ និង​ម្នាក់​ជា​ប៉ូលិស​ក្រុង​បាវិត នៅ​តែ​ផ្តល់​ចម្លើយ​នៅ​មុខ​អង្គ​ជំនុំ​ជម្រះ​ថា លោក ឈូក បណ្ឌិត ប្រើ​អាវុធ​បាញ់​លើ​កម្មការិនី​ឲ្យ​របួស។ មន្ត្រី​សង្គម​ស៊ីវិល អះអាង​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា មន្ត្រី​រាជការ​ដែល​ហ៊ាន​និយាយ​ការ​ពិត តែង​តែ​រង​នូវ​សម្ពាធ​នៅ​ពេល​បំពេញ​ការងារ។ អង្គការ​ទាំង​២​នេះ នឹង​ឃ្លាំ​មើល ហើយ​ជួយ​ការពារ​សុវត្ថិភាព​របស់​ពួក​គាត់​ដែល​ជា​សាក្សី​សំខាន់​ក្នុង​រឿង​ ក្តី​បាញ់​កម្មករ​ឲ្យ​របួស​នៅ​ខេត្ត​ស្វាយរៀង នេះ។
កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ កម្មករ​រោងចក្រ​ខេត្ត​ស្វាយរៀង បាន​ធ្វើ​កូដកម្ម​ទាមទារ​ផល​ប្រយោជន៍​កម្មករ។ អាជ្ញាធរ​ក្រុង​បាវិត មាន​លោក​អភិបាល​ក្រុង​បាវិត ឈ្មោះ ឈូក បណ្ឌិត ដឹកនាំ​កម្លាំង​បង្រាស​កូដកម្ម​នោះ។ ក្រោយ​មក មាន​ការ​ផ្ទុះ​អាវុធ​បណ្ដាល​ឲ្យ​កម្មការិនី ៣​នាក់ មាន​ឈ្មោះ ប៊ុន ចិន្តា រង​របួស​ខាង​លើ​ដោះ​ឆ្វេង​ធ្លាយ​ទៅ​ខ្នង អ្នកស្រី នុត សុខន របួស​ខ្នង និង​អ្នកនាង កែវ នា របួស​ដៃ។ ក្រោយ​រឿង​ហេតុ​ផ្ទុះ​អាវុធ លោក ឈូក បណ្ឌិត ត្រូវ​ព្រះរាជ​អាជ្ញា​ខេត្ត​ស្វាយរៀង ចោទ​ពី​បទ​បង្ក​របួស​ស្នាម។ ប៉ុន្តែ​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១២ ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង សម្រេច​ទម្លាក់​បទ​ចោទ​នេះ៕(rfa)

Comments system

Disqus Shortname