Tuesday, February 26, 2013

អនុសាសន៍​​លើ​សេចក្ដី​ព្រាង​បទបញ្ជា​និង​នីតិវិធី​បោះ​ឆ្នោត

ក្រុម​អង្គការ​សង្គម​ស៊ីវិលចំនួន ៦ ដែល​ធ្វើ​ការ​តាម​ដាន​ស្ថានភាព​នយោបាយ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា រួម​ទាំង​តំណាង​គណបក្ស​នយោបាយ បាន​សរសេរ​លិខិត​ដោយ​ភ្ជាប់​នូវ​អនុសាសន៍ ១៦​ចំណុច ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។


អនុសាសន៍​ផ្ដោត​លើ​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត មាន​គោល​បំណង​ស្នើ​សុំ​ឲ្យ គ.ជ.ប ពិចារណា និង​កែ​សម្រួល​នីតិវិធី​អនុវត្ត​ជាក់ស្ដែង​ខ្លះ​ក្នុង​ការ​ជ្រើសតាំង​ តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ វិធានការ​ដែល​មាន​ចែង​នៅ​ក្នុង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ថ្មី គួរ​តែ​រឹតត្បិត​រាល់​សកម្មភាព​រើស​អើង​នយោបាយ និង​ធានា​ឲ្យ​បាន​នូវ​សុចរិត​ភាព​របស់​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​រៀបចំ​បោះ​ឆ្នោត និង​សមធម៌​នៅ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​ពិសេស​ក្នុង​ដំណាក់កាល​ឃោសនា​បោះ​ឆ្នោត។
អង្គការ​ចំនួន ៦ ដែល​តាម​ដាន​ស្ថានភាព​នយោបាយ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា រួម​មាន​គណៈកម្មាធិការ ខុមហ្រ្វែល (Comfrel) គណៈកម្មាធិការ និចហ្វិក (Nicfec) អង្គការ ដ្រាក អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍន៍ និង​សន្តិភាព និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ផ្ដល់​អនុសាសន៍​លើ​សេចក្ដី​ព្រាង​នេះ ដោយ​ដាក់​ទៅ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ដោយ​ស្នើ​សុំ​កែ​លំអ​ខ្លះ​ស្ដីពី​ការ​ដាក់​ស្លាក​សញ្ញា​គណបក្ស និង​សម្ភារៈ​ឃោសនា​របស់​គណបក្ស​នយោបាយ ត្រូវ​ឲ្យ​ឋិត​នៅ​ក្រៅ​រង្វង់ ១០០​ម៉ែត្រ​ពី​អាគារ ឬ​ការិយាល័យ​របស់​រដ្ឋ។ ហាម​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ដែល​មិន​មាន​ស្លាក​លេខ ឬ​ស្លាក​លេខ​ក្លែងក្លាយ។
សំណើ​សុំ​កែ​ប្រែ​នោះ ក៏​មាន​ការ​បូក​បញ្ចូល​ហាម​មិន​ឲ្យ​មន្ត្រី​រាជការ​ស៊ីវិល កង​យោធពល​ខេមរភូមិន្ទ នគរបាល​ជាតិ និង​មន្ត្រី​តុលាការ ចូល​រួម​ក្នុង​សកម្មភាព​ឃោសនា​គាំទ្រ​ចំពោះ​គណបក្ស​នយោបាយ វៀរលែង​តែ​បេក្ខជន​ឈរ​ឈ្មោះ​ដែល​ទទួល​បាន​ច្បាប់​ឈប់​សម្រាក​ពិសេស។ គ.ជ.ប ក៏​ត្រូវ​យក​របាយការណ៍​ចំណូល​ចំណាយ​របស់​គណបក្ស​នយោបាយ​ក្នុង​ពេល​ឃោសនា​បោះ ​ឆ្នោត​បង្ហាញ​ដល់​សាធារណៈ។ ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ការ​បោះ​ឆ្នោត​ឆ្នោត ត្រូវ​បញ្ឈប់​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មិថុនា និង​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ និង​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​អាច​ស្នើ​សុំ​ដាក់​អ្នក​សង្កេតការណ៍​ជាតិ​ ចល័ត​ទូទាំង​ប្រទេស ដោយ​មិន​កំណត់​ចំនួន​សម្រាប់​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន ។ល។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បាន​ពន្យល់​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ថា អនុសាសន៍​ទាំង​នោះ​សុទ្ធ​តែ​ជា​ចំណុច​ល្អ ប៉ុន្តែ​គេ​មិន​អាច​យក​មក​អនុវត្ត​បាន​ទាំង​ស្រុង​នៅ​ក្នុង​បរិបទ​ខ្លះ​ ក្នុង​ប្រទេស។ លោក​បញ្ជាក់​ថា ខាង គ.ជ.ប ទទួល​យក​អនុសាសន៍​ចំនួន ៤០​ភាគរយ មក​កែប្រែ​ក្នុង​បទបញ្ជា និង​នីតិវិធី ដែល​រួម​មាន​ទាំង​អនុសាសន៍​ពី​ក្រសួង​មហាផ្ទៃ ខាង​គណៈ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ គណៈ​លេខាធិការដ្ឋាន​ព្រឹទ្ធ​សភា គណបក្ស​នយោបាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ។
លោក ទេព នីថា៖ «គ.ជ.ប បាន​សម្រេច​ហើយ យើង​បាន​កែលំអ​ចំណុច​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​នេះ។ ទាក់ទង​មន្ត្រី​រាជការ​ឃោសនា​បោះ​ឆ្នោត​អី​ហ្នឹង យើង​អនុវត្ត​កន្លង​មក គឺ​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ​ក្រៅ​ម៉ោង​ធ្វើ​ការ ពេល​យប់​សម្រាក​អី គាត់​អាច​មាន​សិទ្ធិ​ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ចូល​រួម​ការ​ឃោសនា​បោះ​ឆ្នោត ក៏ប៉ុន្តែ​យើង​មាន​ដាក់​បម្រាម​មិន​ឲ្យ​ចូល​រួម​សកម្ម ហើយ​តាម​យោបល់​របស់​គាត់​ដែល​គាត់​សុំ​ឲ្យ​បដិសេធ​មិន​ឲ្យ​ចូល​រួម​ឃោសនា វា​ដូច​ជា គ.ជ.ប ពុំ​មាន​សិទ្ធិ និង​បំបាត់​សិទ្ធិ​នយោបាយ​របស់​នរណា​ម្នាក់​បាន​ទេ អ៊ីចឹង​យើង​ធ្វើ​ក្នុង​ចន្លោះ​កណ្ដាល​មួយ ដែល​សមស្រប​នឹង​ច្បាប់​បោះ​ឆ្នោត​ជា​ធរមាន ព្រម​ទាំង​សភាពការណ៍​សង្គម និង​នយោបាយ​របស់​យើង»
ទោះ​ជា​យ៉ាង​ចំណុច​កែលំអ​ទាំង​នោះ ខ្លះ​ត្រូវ​បាន​កែ​ក្នុង​បទបញ្ជា និង​នីតិវិធី​ផង​តាម​អនុសាសន៍​ដែល​ដាក់​សុំ​មក គ.ជ.ប។ ប៉ុន្តែ​ចំណុច​ខ្លះ​ទៀត ឧទាហរណ៍​ការ​បោះ​ឆ្នោត​ជា​សកម្មភាព​ជាក់ស្ដែង​នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត ដូច្នេះ​ប្រការ​ត្រូវ​កែ​ប្រែ​នោះ មិន​មែន​ដាក់​ក្នុង​បទបញ្ជា និង​នីតិវិធី​នោះ​ទេ តែ​ត្រូវ​បង្វែរ​កែ​ចូល​ក្នុង​សៀវភៅ​ណែនាំ​មន្ត្រី​បោះ​ឆ្នោត​វិញ។
ប្រភព​ពី គ.ជ.ប បញ្ជាក់​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ខាង​មុខ ត្រូវ​បាន​អនុម័ត និង​ចូល​ជា​ធរមាន​រួច​ហើយ កាល​ពី​សប្ដាហ៍​មុន និង​កំពុង​បោះ​ពុម្ព និង​ធ្វើការ​ផ្សព្វផ្សាយ​បន្ត៕(rfa)

Comments system

Disqus Shortname