Saturday, January 19, 2013

សាកល្បង លើក​ទី​១ ក្បួន​ដង្ហែ ព្រះរាជ​ពិធី​ព្រះ​បរម​រតន​កោដ្ឋ ចាប់​ពី​មុខ​តុលាការ​កំពូល ដល់​មុខ​វត្ត​ឧណ្ណាលោម​

ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ បាន​ធ្វើ​សាកល្បង លើក​ទី​១ បាន​ធ្វើឡើង កាលពី​ព្រឹក ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៣​។ ក្បួន​នោះ ចាប់​ពី​មុខ​តុលាការ​កំពូល រហូត​ទៅ​មុខ​វត្ត​ឧណ្ណា​លោម តាម​បណ្តោយ​ផ្លូវ​សុធារស ផ្លូវ​ជាប់​ខាង​មុខ​ព្រះបរមរាជវាំង​។ តាម​កម្មវិធី ក្បួន​សាកល្បង រៀបចំ​ព្រះរាជ​ពិធី​ដង្ហែ  លើកដំបូង​នូវ​ក្បួន​ដង្ហែ​ព្រះ​បរមសព ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មករា ឆ្នាំ​២០១៣ ត្រូវធ្វើឡើង ចាប់ពី​ម៉ោង ៧ និង ៣០ នាទី រហូតដល់​ម៉ោង ១២ ថ្ងៃត្រង់​។(cen)
លោកឧបនាយករដ្ឋមន្រី្តសុខ អាន លោកឧបនាយករដ្ឋមន្រី្តទៀ បាញ់ លោកឧបនាយករដ្ឋមន្រី្តគង់ សំអុល អញ្ជើញជាអធិបតីរៀបចំព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ នៅពេល​សាកល្បង​

​ ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ នៅពេល​សាកល្បង​នេះ មាន​អ្នកចូលរួម​ប្រមាណ​ជិត ២.០០០ នាក់ ដែលមាន ១១ ផែន​។ ការចូលរួម​ដឹកនាំ​បញ្ជា រៀបចំ​ក្បួន រួមមាន សម្តេចចៅហ្វា​វាំង ឧបនា​យ​រដ្ឋមន្ត្រី គង់ សំអុល រដ្ឋមន្ត្រី​ព្រះបរមរាជវាំង លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក​ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធ​ពល​​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និង​ជា​ប្រធាន​​គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ លោក ហ៊ឹម ឆែម រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌ និង​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​ជាតិ​។​

​នៅក្នុង​ ការរៀបចំ​ព្រះរាជ​ពិធី​ដង្ហែ​សាកល្បង​លើក​ទី​១​នោះ មាន​ផែន​មន្ត្រីរាជការ និស្សិត​សិស្ស ប្រជាពលរដ្ឋ ទាហាន កងរាជអាវុធហត្ថ នគរបាលជាតិ និង​យុវជន​កាយឫទ្ធិ ជាដើម​។​

​រហូតមក​ដល់​ព្រឹក​ម៉ោង ៩ និង ៣០ នាទី ការរៀបចំ​សាកល្បង ក្បួន​ដង្ហែ​ព្រះ​បរមសព នៅ​បន្ត​ឈរ ចាប់​ពី​តុលាការ​កំពូល មុខ​ព្រះបរមរាជវាំង រហូត​ដល់​មុខ​វត្ត​ឧណ្ណាលោម ដោយ​មិន​ទាន់​ដើរ​ដង្ហែ តាម​ផែនការ​ដែល​បាន​គ្រោងទុក​នៅឡើយ​ទេ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៣ បានឲ្យដឹងថា ព្រះរាជ​ពិធី​ដង្ហែ​សាកល្បង​ព្រះ​បរម​សព ព្រះករុណា ព្រះ​បរមកោដ្ឋ លើក​ទី​១ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៣ និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៣ ត្រូវ​ចាប់ផ្តើម​ដង្ហែ​ចេញពី​វាល​ព្រះមេរុ ឆ្ពោះ​ទៅ​ផ្លូវ​ព្រះអង្គ​ដង​កើ តា​ម​តិរ​វិថី​ព្រះស៊ីសុវត្ថិ ធ្វើដំណើរ​ត្រង់ រហូត​ដល់​ផ្លូវ​លេខ​៩៤ រួច​បត់​ឆ្វេង ហើយ​ធ្វើ​ដំណើរ​ជុំវិញ​រង្វង់​មូល​រមណីយដ្ឋាន​វត្តភ្នំ ទៅ​មហាវិថី​ព្រះ​នរោត្តម រួច​ធ្វើ​ដំណើ​ត្រង់ ដល់​រង្វង់​មូល​វិមានឯករាជ្យ ហើយ​បត់​ឆ្វេង ដោយ​ឆ្លងកាត់​មហាវិថី​ព្រះសីហនុ ហើយ​បត់​ឆ្វេង តាម​មហាវិថី​សម្តេច​សុធារស ចូល​វាល​ព្រះមេរុ​វិញ​។​

​ដើម្បី​ឲ្យ​ការ ​ដង្ហែ​សាកល្បង​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ជូនដំណឹង កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៣ ដោយ​ធ្វើ​ការបិទផ្លូវ សំរួល​សកម្មភាព​ចរាចរ​បណ្តោះអាសន្ន នៅ​ចំណុច​ផ្លូវ​ខាង​លើ ដែល​ក្បួន ត្រូវ​ដង្ហែ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ៨ ព្រឹក រហូតដល់​ម៉ោង ១២ ថ្ងៃត្រង់​។

​ផុត​ រយៈពេល​កំណត់​នេះ នឹងដាក់​ឲ្យធ្វើ​ចរាចរ​ណ៍​ជា​ប្រក្រតី​ឡើងវិញ​។ ហេតុនេះ សូម​សាធារណ​ជន​ទាំងអស់ មេត្តា​ជ្រាប និង​ធ្វើការ​ពង្វាង​ចរាចរ​ពី​ទីតាំង ផ្លូវ​មុខ​ព្រះបរម​រាជ​វាំង ផ្លូវ​តាម​ជួរ​មាត់ទន្លេ នៅ​បរិវេណ​វត្តភ្នំ ផ្លូវ​ព្រះ​នរោត្តម ចាប់​ពី​វត្ត​ភ្នំ ទៅ​វិមាន​ឯករាជ្យ ផ្លូវ​ពី​វិមានឯករាជ្យ ទៅ​មាត់​ទន្លេ កាត់​តាម​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ខាងត្បូង​ព្រះបរមរាជវាំង​។​

​ក្បួន​ដង្ហែ​សាកល្បង​ដូចគ្នានេះ ក៏​នឹង​ត្រូវ​ធ្វើឡើង​ម្តងទៀត នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មករា ឆ្នាំ​២០១៣ ផងដែរ​។​

​ ជា​ការកត់សម្គាល់ សារាចរ ស្តីពី ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ចុះ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៣ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​កំណត់​ថា ក្បួន​ដង្ហែ​ព្រះ​បរមសព អាច​នឹង​មាន​ប្រវែង​ប្រមាណ ១,៥ គីឡូម៉ែត្រ ទៅ ២ គីឡូម៉ែត្រ ដែល​ត្រូវ​ដង្ហែ​តាម​វិថី និង​មហាវិថី ចំងាយ ៦ គីឡូម៉ែត្រ​។​

ក្បួនសាកល្បង ដង្ហែព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ ( រូបថត៖ ស៊ីវ ចាន់ណា )

​ ក្នុងពេលដង្ហែក្បួននោះ ​ផ្លូវ​សំខាន់ៗ រួមមាន​៖ ផ្លូវ​ព្រះ​នរោត្តម ផ្លូវ​ជួរ​មាត់ទន្លេ និង​ផ្លូវ​វត្តភ្នំ ជាដើម ដែល​ក្បួន​ដង្ហែ​ឆ្លងកាត់ ក៏ដូចជាសា លារៀន ផ្សារ​ថ្មី ផ្សារ​កណ្តាល និង​គ្រឹះស្ថាន​រដ្ឋ ព្រម​ទាំង​គ្រឹះស្ថាន​ឯកជន​មួយ​ចំនួន ក៏​នឹង​ត្រូវ​បិទ​ផងដែរ ដើម្បី​សម្រួល​កុំឲ្យ​កកស្ទះ​ចរាចរណ៍នៅ​ថ្ងៃ​ដង្ហែ​ព្រះ​បរម​សព​។​
​    ​
​ ជាមួយនឹង​ការ​ដង្ហែ​ក្បួន​សាកល្បង​នោះ ក្រសួង​ការពារជាតិ ក៏​បាន​ប្រកាសថា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៣ កងទ័ព​ក៏​នឹង​មាន​ការបាញ់​សាកល្បងកាំភ្លើង​ធំ ១០៥ មិលី្ល​ម៉ែត្រ ចំនួន ១០១ ណាត់ ( គ្រាប់ ) សម្រាប់​ព្រះរាជ​ពិធី​ដង្ហែ ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ​។ ការបាញ់​កាំភ្លើង​ធំ​នោះ នឹង​ត្រូវ​ធ្វើឡើង​ជា​ផ្លូវការនៅ​ថ្ងៃ​ដង្ហែ​ព្រះ​បរម​សព សម្តេចព្រះ នរោត្តម សីហនុ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កុម្ភៈ និង​នៅ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។​

​សារាចរ បាន​កំណត់​ថា ក្នុង​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព សម្តេចព្រះ នរោត្តម សីហនុ នឹង​មាន​ការ​បាញ់កាំភ្លើង​ធំ ១០១ ណាត់ ចំនួន ៣ លើក គឺ​លើក​ទី​មួយនឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅពេល​ដែល​ព្រះ​បរម​សព ត្រូវ​ដង្ហែ​ចេញពី​ព្រះបរមរាជវាំង និង​លើក​ទី​ពីរប្រព្រឹត្តទៅ​នៅ​ពេល​ដែល​ព្រះ​បរមសព ដង្ហែ​ដល់​ទីលាន​វាល​ព្រះមេរុ​។ ការបាញ់​លើក​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​ពេល​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​៕​ S







ទីវាលព្រះមេរុ សំរាប់តម្កល់ព្រះបញ្ចា ព្រះបរមរតនកោដ្ឋ

ក្បួនសាកល្បង ដង្ហែព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ ( រូបថត៖ ស៊ីវ ចាន់ណា )

Comments system

Disqus Shortname