
នគរបាលចរាចរ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រី ហៀង ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិដំបូកស ឃុំ ក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1BN-4054 ។ ឯរថយន្តកុងតឺន័រវិញ ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-7059 គេដឹងថា រថយន្តកុងតឺន័រនេះ ជារថយន្ត របស់ក្រុមហ៊ុនតេងឡាយ អ្នកបើកបរ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ ម៉ូតូជនរងគ្រោះ បើកបរក្នុងទិសដៅកើតទៅលិច ស្របទិសជាមួយរថយន្តកុង តឺន័រដែរ ប៉ុន្តែពេលនោះ ក៏បានប៉ះដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យ ម៉ូតូជនរងគ្រោះខ្ទាតចូលកុងតឺន័រកិន បណ្តាលឲ្យខូច ខាតយ៉ាងដំណំ ចំណែកឯជនរងគ្រោះវិញ សំណាងល្អណាស់ គឺផុតពីកង់កុងតឺន័របន្តិច ប៉ុន្តែរងរបួសបាក់ជើងម្ខាង ដោយសារគៀបជាមួយ នឹងម៉ូតូ បន្ទាប់ពីកើតហេតុត្រូវ បានគេដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ។
សាក្សីបានបន្តទៀតថា ភ្លាមៗនោះនគរបាល បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងហៅរថយន្តសាម៊ុយដឹកជនរងគ្រោះ ទៅសង្គ្រោះ បន្ទាន់ រួចហើយក៏យកវត្ថុតាងទាំងពីរ មករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយ ទៅតាមផ្លូវច្បាប់៕(DAPNEWS)
