
បន្ទាប់ពីពិធីពុទ្ធជ័យមង្គល សូត្រមន្ដ ប្រោះព្រំបែបព្រះពុទ្ធសាសនាដែល មានសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេច សង្ឃនាយក សម្ដេចព្រះមហាត្ថេរស្វាធ្យាយ រួចមកលោកជំទាវឧកញ៉ា សៀង ចាន់ហេង បានថ្លែងឱ្យដឹងថា បន្ទាប់ពីការផលិត រថយន្ដម៉ាកអង្គរទាំង៣ម៉ូដែល រួមមាន រថយន្ដអង្គរឆ្នាំ២០០៣-២០០៤ឆ្នាំ ២០១០។ ថ្មីៗនេះ ក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានបញ្ចេញសមិទ្ធផលថ្មីមួយទៀត គឺ រថយន្ដអង្គរឆ្នាំ២០១៣។ ក្រុមហ៊ុនក៏បាន បើកពិធីបង្ហាញរថយន្ដថ្មីសន្លាងនេះឡើង ដើម្បីបង្ហាញពីស្នាដៃកូនខ្មែរដែលមាន អត្ថន័យស្មើទៅនឹងការដឹងគុណថ្ងៃ៧មករា។ ព្រោះថា បើគ្មានថ្ងៃ៧មករាក្រុមហ៊ុន នាងខ្ញុំក៏មិនអាចមានថ្ងៃនេះដែរ។
បន្ទាប់មកលោក ញាណ ផល្លឹក ស្ថាបនិកខ្មែរមួយរូបដ៏ឆ្នើមនិងប្រកប ដោយគំនិតច្នៃប្រឌិតដែលផលិតរថយន្ដ អង្គរក៏បានសម្ដែងក្ដីរំភើបនិងសុទិដ្ឋិនិយម របស់ខ្លួនថា ក្នុងនាមជាកុលបុត្រខ្មែរ មួយរូបរស់នៅក្នុងសម័យកាលនៃភាព ជឿនលឿនលោកនឹងបន្ដខិតខំប្រឹងប្រែង ថែមទៀតក្នុងការធ្វើអ្វីជារបស់ខ្មែរនិង តំណាងឱ្យប្រទេសជាតិទាំងមូល។ នេះជា មោទនភាពដ៏ធំធេងមួយសម្រាប់កូន ខ្មែរដែលបង្ហាញស្នាដៃរបស់ខ្លួនហើយក៏ ជារថយន្ដទី១ដែលផលិតដោយកូនខ្មែរពិតៗ ។
លោកស្រី ឃួន សុដារី ក្នុងនាមជា តំណាងរាស្ដ្រមួយរូបបានសម្ដែងការគាំទ្រ ចំពោះក្រុមហ៊ុនហេងអភិវឌ្ឍន៍ដែលជា ក្រុមហ៊ុនមួយក្នុងស្រុកបានជួយជ្រោម ជ្រែងដល់ផលិតករ ដែលមានលោក ញាណ ផល្លឹក ជាកូនខ្មែរមានស្នាដៃបង្កើត រថយន្ដម៉ាកអង្គរទាំង៣ម៉ូដែលហើយថ្មីៗនេះទៀត បានផលិតរថយន្ដអង្គរ២០១៣។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួម អបអរសាទរនូវស្នាដៃកូនខ្មែរ និងមាន ការលើកទឹកចិត្ដលើវិស័យឯកជននិង អ្នកវិនិយោគក្នុងស្រុកដែលគួរត្រូវបាន លើកទឹកចិត្ដពីរាជរដ្ឋាភិបាលការគាំទ្រពីអង្គការនីតិប្បញ្ញត្ដិនិង ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅស្រុក ។
លោកស្រីតំណាងរាស្ដ្រមណ្ឌល កណ្ដាលបន្ដទៀតថា កូនខ្មែរ ពូជខ្មែរមិន អន់ទេ ព្រោះយើងធ្លាប់មានប្រវត្ដិនិង ប្រពៃណីកសាងប្រាង្គប្រាសាទនានាដែលឥឡូវត្រូវបានចាត់ទុកជា អច្ឆរិយវត្ថុលើ ពិភពលោកដែលបុព្វបុរសខ្មែរបានសាងមកជាង១.០០០ឆ្នាំមកនេះ ។ ដូច្នេះខ្មែរ មិនល្ងង់ឬអន់ប៉ុន្មានដែរបើប្រៀបធៀប ទៅនឹងអរិយប្រទេស ប៉ុន្ដែដោយសារ សង្គ្រាមហែកហួរជាច្រើនទសវត្សកន្លងមក ទើបធ្វើឱ្យយើងបាត់បង់នូវអ្វីៗ ពិសេស គឺព្រលឹងជាតិនេះឯង ។ ប៉ុន្ដែក្នុង ឆ្នាំ២០១២កន្លងមក យើងបានធ្វើជា ម្ចាស់ផ្ទះក៏ដូចជាប្រធានអាស៊ានដែល កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងល្បីរន្ទឺនៅលើឆាកអន្ដរជាតិ ។
បន្ទាប់មកពពិធីសម្ពោធរថយន្ដ អង្គរ ឆ្នាំ២០១៣ ក៏បានផ្ដល់នូវបរិយាកាស សប្បាយរីករាយក្រោមសំណើចក្អាកក្អាយ និងទឹកមុខរីករាយពីអ្នកចូលរួមពិធី ។
គួររំលឹកផងដែរថា លោកជំទាវ ឧកញ៉ា សៀង ចាន់ហេង និងលោក ញាណ ផល្លឹក ក៏បានផ្ដល់បទសម្ភាសន៍ ជាមួយបណ្ដាញសារព័ត៌មានអំពីការ ផលិតរថយន្ដម៉ាកអង្គរឆ្នាំ២០១៣ ដែល នឹងត្រូវចាប់ផ្ដើមផលិត ហើយរហូត មកដល់ពេលនេះមានអតិថិជនជាង២០ម៉ឺននាក់បានកុម្ម៉ង់ទិញ ។ ក្នុងនោះក៏មាន អ្នកខ្លះសុំកក់ប្រាក់ជាមុន ប៉ុន្ដែក្រុម ហ៊ុនហេងអភិឌ្ឍន៍មិនទាន់ទទួលប្រាក់ទាំង នោះទេ ហើយយើងកំពុងប្រុងប្រៀប រៀបចំដំឡើងរោងចក្រផលិតជាបន្ដបន្ទាប់ ចាប់ពីពេលនេះតទៅដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់អតិថិជន និង ប្រជាពលរដ្ឋ ដែលពួកគេទាំងនោះបាន ញញឹមសង្ឃឹមទុកនូវផលិតផលដែលជាស្នាដៃរបស់ខ្មែរពិតៗ ។ រថយន្ដអង្គរនេះ បើកបរបានក្នុងល្បឿន៦០គីឡូម៉ែត្រក្នុង១ម៉ោង ហើយជារថយន្ដប្រើអាគុយដែល មិនប៉ះពាល់ដល់បរិស្ថានទៀតផង ៕(nokorwat)