
អនុសេនីយ៍ទោ ឈុម សំបាន នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់គោកចក បានប្រាប់ឱ្យដឹងថា បុរសឈ្មោះវិន គ្រួច អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ដែលតែងតែវាយធ្វើបាបកូនប្រុសទាំង២នាក់ របស់ខ្លួនឱ្យដើរសុំលុយភ្ញៀវទេសចរដើម្បី មកឱ្យខ្លួនយកទៅផឹកស្រានោះត្រូវបាន នគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ខណៈដែលគាត់វិលត្រលប់ចូលផ្ទះវិញ បន្ទាប់ពីគេចខ្លួនមួយរយៈ ។
លោកឈុម សំបាន និយាយថា បុរសរូបនេះត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាន ក្រុងសៀមរាបបញ្ជូនទៅតុលាការនៅថ្ងៃ ទី១ ខែមករានេះ។ ដោយឡែកកូនៗ ទៅទាំងពីនាក់របស់គាត់ត្រូវបានអង្គការ កល្យាណមិត្ដទទួលយកទៅចិញ្ចឹម និងផ្ដល់ ការរៀនសូត្រ ។
គួររំឭកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១២ បុរសវិន គ្រួច បានវាយកូន ប្រុសអាយុ១៧ឆ្នាំ របស់គាត់ឈ្មោះគ្រួច គ្រឿន បណ្ដាលឱ្យមានរបួសស្នាមរហូត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កុមារគន្ធបុបា្ពខេត្ដសៀមរាប។ ដោយ ឡែកកូនប្អូនឈ្មោះគ្រួច គ្រៀប អាយុ១៣ ឆ្នាំ នៅពេលឃើញឪពុកវាយដំបងប្រុស របស់ខ្លួនក៏រត់គេចចេញពីផ្ទះ ។
ពួកគេរស់នៅជាមួយឪពុកដែលម្ដាយ បានស្លាប់ចោលតាំងពី៤-៥ឆ្នាំមុននៅ ភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុង សៀមរាប ។ ឪពុកដែលតែងតែផឹកស្រា មិនលស់ថ្ងៃនោះឈ្មោះ វិន គ្រួច អាយុ៥០ឆ្នាំ តែងតែវាយធ្វើបាបកូនប្រុស ទាំង២នាក់ ពេលដែលពួកគេមិនមានប្រាក់ ឱ្យគាត់ទិញស្រាផឹក ។ កូនប្រុសច្បង ឈ្មោះ គ្រួច គ្រឿត អាយុ១៧ឆ្នាំ និងកូន ប្អូនឈ្មោះ គ្រួច គ្រៀប អាយុ១៣ឆ្នាំ ។
អ្នកភូមិអង្គរក្រៅដែលរស់នៅជិត ខាងផ្ទះកុមារទាំង២នាក់បានឱ្យដឹងថា កុមារា គ្រួច គ្រឿន កំពុងទទួលរងរបួស គ្រាំគ្រានិងប្អូនប្រុសកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់ឪពុក ពោះម៉ាយតែង ទទួលរងការវាយដំធ្វើបាបជាញឹកញាប់។
ក្មេងប្រុសឈ្មោះ គ្រួច គ្រៀប ដែល មានរូបកាយស្គមស្គាំងស្បែកដណ្ដប់ឆ្អឹងនិយាយថា ជារៀងរាល់ថ្ងៃខ្លួននិងបង ប្រុសឈ្មោះ គ្រួច គ្រឿត តែងនាំគ្នា ចេញពីផ្ទះតាំងពីព្រឹកព្រលឹមទៅតំបន់ អង្គរធំដើម្បីជូននិងសុំលុយពីភ្ញៀវទេសចរយកទៅឱ្យឪពុកនៅចាំឯ ផ្ទះដែលមិន ធ្វើការអ្វីសោះ គឺចេះតែផឹកស្រា ។ កុមារ ដដែលបានបញ្ជាក់ថា ឪពុករបស់ខ្លួន តែងវាយធ្វើបាបនិងបងប្រុសជាញឹកញាប់ នៅពេលដែលពួកគេរកប្រាក់មិនបាន ហើយកាលពីថ្ងៃទី២០ខែធ្នូកន្លងទៅថ្មីៗនេះ ឪពុករបស់ខ្លួនបានវាយធ្វើបាបបងប្រុសយ៉ាងធ្ងន់ធ្ងរធ្វើឱ្យខ្លួនភ័យ ខ្លាច និងរត់ គេចចេញពីផ្ទះជាប្រញាប់ ។ កុមារប្អូន និយាយយ៉ាងនេះថា “គាត់ផឹកស្រាពេល រកលុយអត់បានគាត់ខឹងគាត់វាយទាត់ វាយនឹងដៃ វាយដោយខ្សែក្រវាត់ ។ ពេល ខ្លះយកអង្រែវាយក្បាលខ្ញុំលើកមុនគប់ខ្ញុំនឹងដែកកេះចេញឈាម ។ គាត់យកជើង ជាន់ដើមទ្រូងបងខ្ញុំទន្ទ្រាំ ហើយចាប់ចងវាយ ខ្ញុំរត់អត់ហ៊ាននៅផ្ទះខ្លាចឪរបស់ខ្ញុំវាយ”។
ស្ដ្រីម្នាក់ដែលមិនហ៊ានបញ្ចេញ ឈ្មោះ បាននិយាយថា កន្លងទៅបុរសឈ្មោះ វិន គ្រួច ជាឪពុកបានវាយធ្វើបាបកូនប្រុស ច្បងបណ្ដាលឱ្យមានបញ្ហាសុខភាពយ៉ាងធ្ងន់ បន្ទាប់មកឪពុកនោះក៏បានគេច ចេញពីផ្ទះនៅពេលដែលដឹងថា អាជ្ញាធរ បានតាមរកចាប់ខ្លួន ។ ស្ដ្រីដដែលបាន មានប្រសាសន៍ថា បុរសនោះចូលចិត្ដ ផឹកស្រាដោយមិនធ្វើការងារអ្វីទេ ហើយ តែងតែវាយធ្វើបាបកូនប្រុសទាំង២នាក់ជាញឹកញាប់ ។
អ្នកភូមិឱ្យដឹងថា បុរសម្នាក់នោះ មិនត្រឹមតែប្រើអំពើហិង្សាវាយដំកូន ប្រុសទាំង២នាក់នោះទេ គឺគាត់បានវាយ ដំនិងធ្វើបាបប្រពន្ធរបស់គាត់រហូតដល់ឈឺស្លាប់កាលពី៤-៥ឆ្នាំមុន ។ អ្នកភូមិ បញ្ជាក់ថា កាលពីម្ដាយរបស់កុមារ ទាំង២នៅរស់ បុរសជាប្ដីតែងវាយធ្វើ បាបប្រពន្ធរហូតដល់ប្រពន្ធនាំកូនតូចៗ រត់ចោលផ្ទះទៅពួននៅតាមគុម្ពោតព្រៃ ដាច់បាយដាច់ទឹកមិនហ៊ានចូលទៅផ្ទះ ឡើយ ។ ចំណែកកូនប្រុស២នាក់កាលពី ម្ដាយនៅរស់បាននាំទៅចុះឈ្មោះចូលរៀន នៅសាលាបឋមសិក្សាក្នុងភូមិ ប៉ុន្ដែ ក្រោយមកកុមារទាំង២បានឈប់ទៅ សាលារៀន បន្ទាប់ពីឪពុកតែងទៅជេរប្រមាថ និងរករឿងវាយតប់គ្រូបង្រៀនផងនោះ ។
ក្រោយពេលប្រើអំពើហិង្សាលើកូន យ៉ាងដំណំ បុរសប្រមឹក វិន គ្រួច បានរត់ចេញពីលំនៅឋានដើម្បីគេចខ្លួនពីការ តាមចាប់របស់អាជ្ញាធរមានសមត្ថកិច្ច។
តាមប្រភពីប្រជាពលរដ្ឋបាននិយាយ ថា បុរសប្រមឹកម្នាក់នេះតែងតែវាយធ្វើ បាបកូនៗស្ទើរតែគ្មានលុះថ្ងៃនៅពេល កូនៗបស់គាត់ដើរសុំលុយពីភ្លៀវមិនបាន មួយថ្ងៃ៥០ដុល្លារ តាមគាត់កំណត់។ អ្នក ភូមិនិយាយទៀតថា មិនត្រឹមតែកូនៗទេ ប្រពន្ធរបស់គាត់កាលនៅរស់ក៏ទទួលរង នៅការវាយដំពីគាត់ដែរ ។
លោក ចៅ ល័ក្ខវណ្ណា មន្ដ្រីអង្គការ លីកាដូ (LICADHO) ដែលជាអ្នក ស៊ើបអង្កេតករណីនេះ បាននិយាយថា តាមការអង្កេតរកឃើញថា កុមារ២ នាក់បងប្អូនត្រូវឪពុកវាយធ្វើបាបតាំងពី ពួកគេមានអាយុ៧ឬ៨ឆ្នាំមកម្ល៉េះ។ អំពើទាំងនេះគឺជាការបំពារបំពានយ៉ាង ធ្ងន់ធ្ងរទៅលើអនុសញ្ញារបស់អង្គការ សហប្រជាជាតិស្ដីពីសិទ្ធិកុមារផង និង ក៏ជាបទល្មើសដែលបង្កឱ្យមានរបួសស្នាម ដោយមានចែងនៅក្នុងមាត្រាខ្លះនៃក្រម ព្រហ្មទណ្ឌថ្មីរបស់ប្រទេសកម្ពុជាផង។ ដូច្នេះលោកសុំឱ្យអាជ្ញាធរមានសមត្ថ កិច្ចចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះបុរសជាឪពុករូបនេះ ។
នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ ២០១៣ គេនៅមិនទាន់ដឹងថា តុលាការ សម្រេចយ៉ាងណាចំពោះបុរសប្រមឹក ដែលចូលចិត្ដវាយដំកូនៗនេះទេ។ ប៉ុន្ដែ ប្រភពពីមន្ដ្រីតុលាការមួយរូបដែលសុំមិនបញ្ចេញឈ្មោះនិយាយថា បុរសនេះ គេចមិនផុតពីការឃុំខ្លួនបណ្ដោះអាសន្ន នោះទេ។ ព្រោះទង្វើរបស់គាត់មិនមែន ធ្វើដោយអចេតនានោះទេ ហើយក៏មិន មែនតែម្ដងដែរ ។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ឱ្យដឹងថា បច្ចុប្បន្នមានស្ដ្រី និងកុមារ មួយចំនួននៅតាមបណ្ដាខេត្ដក្នុងប្រទេស កម្ពុជានៅតែទទួលរងការវាយដំលើរាងកាយនៅឡើយ ហើយសមត្ថកិច្ចមូល ដ្ឋានមិនបានចាត់វិធានការផ្លូវច្បាប់ទេ ដោយតែងតែចាត់ទុកថា ជារឿងជម្លោះ ក្នុងគ្រួសារប៉ុណ្ណោះ ហើយសមត្ថកិច្ចមិន អាចលូកដៃចូលផ្ទៃក្នុងគ្រួសាររបស់គេ បានទេ ។
សេចក្ដីថ្លែងការណ៍របស់អង្គការ សហប្រជាជាតិកាលពីខែវិច្ឆិកា ឆ្នាំ១៩៨៩ស្ដីពីសិទ្ធិកុមារបានចែងថា កុមារ ត្រូវទទួលបាននូវកិច្ចគាំពារឱ្យជៀសផុតពីអំពើឃោរឃៅ និងការជិះជាន់គ្រប់ បែបយ៉ាង ។
ប្រទេសកម្ពុជាបានចូលជាសមាជិក នៃអនុសញ្ញានេះតាំងតែពីអំឡុងខែកញ្ញា ឆ្នាំ១៩៩២មកម្ល៉េះ ។ ការចូលជាសមា ជិកនៃអនុសញ្ញានេះជាការសន្យាគោរព និងអនុវត្ដតាមមាត្រាទាំងឡាយដែលការពារទៅលើសិទ្ធិកុមារ ។
បច្ចុប្បន្នកុមារកម្ពុជាមួយចំនួន នៅ តែទទួលរងគ្រោះលើរាងកាយនិងផ្លូវចិត្ដ ដោយសារតែអំពើហិង្សាក្នុងគ្រួសារ។ ចំណែកអាជ្ញាធរមូលដ្ឋានតែងតែចាត់ ទុកថា ការដែលឪពុកឬម្ដាយ វាយដំលើ រូបកាយកុមារធ្ងន់ធ្ងរនោះជារឿងសង្គម គ្រួសារផ្ទាល់ទៅវិញ ។ តើបញ្ហានេះផ្លូវច្បាប់ត្រូវមានវិធានការយ៉ាងណា? ៕(nokorwat)