
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុំ ចន្ទ្រា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅក្នុងភូមិ កំពង់ឈើទាល ឃុំកំពង់ឈើទាល ស្រុកសំបូរ ខេត្តកំពង់ធំ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះក្នុងទិសដៅពីកើតទៅលិច រងរបួសធ្ងន់ ត្រូវបាន ក្រុមសង្គ្រោះលេខ៧១១ កងពលតូចង៧០ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ចំណែកឯស្រីស្នេហ៍នោះ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។
ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យមឌុបស្រីស្នេហ៍ ម្នាក់ ដោយជិះបណ្តើរសាសងគ្នាបណ្តើរ យ៉ាងផ្អែមត្រជាក់ មិនមើលមុខទេ លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូធ្លាក់ជង្ហុកតែបន្តិចសោះ ស្រាប់តែរ៉េចង្កូច ដួលខ្ទាតចេញពីម៉ូតូផ្កាប់មុខ ឈូសនឹងថ្នល់ ដូចជាអាប៊ុលឈូសថ្នល់ ដាច់មុខដាច់មាត់យ៉ាងដំណំ ឈាមរហាចសន្លប់ស្តូកស្តឹង ចំណែកឯម៉ូតូនិងស្រីស្នេហ៍ ពុំមានកើតអីនោះទេ បន្ទាប់ពីកើតហេតុ ត្រូវបាននគរបាល ហៅរថយន្តសាមុយ របស់អង្គភាពសង្រ្គោះ លេខ៧១១ កងពលតូច ង៧០ មកដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ។
បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរលោកសង្ឃបន្ត និងម៉ូតូត្រូវនគរបាល យកទៅរក្សាទុកនៅប៉ុស្តិ៍កំបូល ដើម្បីរង់ចាំម្ចាស់ទៅ ទទួលយកទៅវិញ៕

