|
លោកអ៊ឹម សួស្ដី ប្រធាន គជប នៅក្នុងសន្និសីទកាសែតស្ដីពីការបោះឆ្នោតជាតិនីតិកាលទី៥ កាលពីថ្ងៃទី២៧កក្កដា ឆ្នាំ២០១៣ |
ឆ្លើយតបទៅនឹងការរកឃើញរបស់អង្គការ
អង្កេតការណ៍បោះឆ្នោត ខុមហ្វ្រែល ដែលទើបតែរកឃើញថា
ទឹកខ្មៅជ្រលក់ដៃអ្នកបោះឆ្នោត អាចលុបលាងជ្រះនោះ
កាលពីល្ងាចមិញនេះ លោក អ៊ឹម សួស្ដី
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា
ទឹកខ្មៅជ្រលក់ដៃអ្នកបោះឆ្នោត មិនអាចលុបបានទាំងស្រុងទេ។
លោក អ៊ឹម សួស្ដី
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ម្ដងហើយម្ដង
ទៀតថា ទឹកខ្មៅជ្រលក់ដៃអ្នកបោះឆ្នោត
មិនអាចលុបជ្រះបានទាំងស្រុងទេ។
ការបកស្រាយបញ្ជាក់របស់ គជប នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន
កាលពីល្ងាចថ្ងៃទី២៧កក្កដា ក្រោយពេលអង្គការអង្កេតការណ៍បោះឆ្នោត
ខុមហ្វ្រែល
ប្រកាសឲ្យដឹងពីលទ្ធផលនៃការធ្វើតេស្តន៍សាកល្បងគុណភាពទឹកខ្មៅ
ជ្រលក់ដៃអ្នកបោះឆ្នោត។ លទ្ធផលដែលបង្ហាញឲ្យឃើញថា
ទឹកខ្មៅជ្រលក់ដៃអ្នកបោះឆ្នោត គឺអាចលុបលាងបាន។
បើតាមលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល
ទឹកខ្មៅជ្រលក់ដៃដែលអាចលុបលាងជ្រះនេះ
នឹងផ្ដល់ឱកាសដល់ជនទុច្ចរិតមួយចំនួន
ដែលមានបំណងបន្លំបោះឆ្នោតពីរបីដង។ ការបោះឆ្នោតពីរ បីដងនេះ
ត្រូវបានលោកអះអាងថា អាចធ្វើទៅបាន
ដោយសារតែបញ្ជីឈ្មោះអ្នកបោះឆ្នោតសព្វថ្ងៃមានឈ្មោះស្ទួនជា
ច្រើន។
ចំណែកលោកទេព នីថា អគ្គលេខាធិការ គជប បានទទួលស្គាល់ជាចុងក្រោយថា
ធាតុពិតទៅ ទឹកខ្មៅនេះ វាជាល្បាយសារធាតុគីមី
ហើយវាក៏អាចលុបលាងជ្រះទៅវិញ ដោយប្រើសារធាតុគីមីដែរ។
យ៉ាងណាក៏ដោយ លោកទេព នីថា ឲ្យដឹងថា បញ្ហាទឹកខ្មៅអាចលាងជ្រះនេះ
មិនមែនជាបញ្ហាដែលគួរបារម្ភទេ។ អគ្គលេខាធិការរូបនេះបន្ថែមថា
មិនមែនមានតែទឹកខ្មៅនេះទេ
ដែលអាចការពារការបោះឆ្នោតពីរបីដងបាននោះ។
នៅមានឯកសារបញ្ជាក់អត្តសញ្ញាណអ្នកបោះឆ្នោត
និងបញ្ជីឈ្មោះបោះឆ្នោតជាដើម ដែលសុទ្ធតែរួមចំណែកបង្ការ
និងការពារ ការបន្លំបោះឆ្នោតច្រើនដងបាន៕(RFI)