ខេត្តកណ្តាល ៖
កម្មការិនីរោងចក្រកាត់ដេរយីហោ ឃ្យូ អឹម អាយ ចំនួនជាង១០០នាក់
បានដួលសន្លប់ជាបន្តបន្ទាប់គ្នាទាំងព្រឹកនៅក្នុងខណៈពេលដែលពួក
គេកំពុងបំពេញការងារ ។ កម្មការិនីដែលដួលសន្លប់
ត្រូវបានគេដឹកតាមរថយន្តរោងចក្រនិងរថយន្តពេទ្យនាំទៅសង្គ្រោះ
បន្ទាន់នៅក្នុងមន្ទីរពេទ្យក្នុងស្រុកអង្គស្នួលភ្លាមៗ ។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង
កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៦ កក្កដា
នៅក្នុងរោងចក្រកាត់ដេរខាងលើដែលមានទីតាំងស្ថិតនៅតាមបណ្តោយ
ផ្លូវជាតិលេខ៤ ក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ។
តាមប្រភពព័ត៌មានពីក្រុមកម្មករបានឱ្យដឹងថា
នាព្រឹកថ្ងៃកើតហេតុនោះនៅក្នុងរោងចក្រកាត់ដេរឃ្យូ អឹម
អាយ មានកម្មករ-កម្មការិនីធ្វើការជាង៦.០០០នាក់ ។
ពួកគេធ្វើការងារជាធម្មតាដូចរៀងរាល់ថ្ងៃដែរ
ប៉ុន្តែមួយសន្ទុះក្រោយមកស្រាប់តែមានកម្មការិនីចំនួន៣នាក់
មានអាការមិនស្រួលខ្លួនដោយតឹងណែនទ្រូងនិងទន់ដៃជើង
ព្រមទាំងងងឹតមុខរួចក៏ដួលសន្លប់តែម្តង ។
ប្រភពដដែលបន្តថា
ភ្លាមៗនោះកម្មការិនីទាំង៣នាក់ត្រូវបានគេបីចេញពីក្នុងរោងចក្រ
កាត់មុខក្រុមកម្មករ កម្មការិនី រាប់ពាន់នាក់
ក៏បង្កឱ្យមានការភា្ញក់ផ្អើល
ឆោឡោនិងជ្រួលច្របល់ពេញក្នុង
រោងចក្រ ។ បន្ទាប់ពីឃើញបីអ្នកដែលដួលសន្លប់ចេញ
កម្មការិនីផ្សេងៗទៀតមានការភិតភ័យក៏បានដួលសន្លប់ជាបន្ត
បន្ទាប់ថែមទៀតធ្វើឱ្យចំនួនអ្នកដួលសន្លប់កើនឡើងដល់៧៥នាក់
។
ប្រភពដដែលបានបន្តទៀតថា កម្មការិនី
ទាំងនេះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរ
ពេទ្យស្រុកអង្គស្នួល
ហើយទោះបីជាមានការចលាចលពេញក្នុងរោងចក្របែបនេះក៏ដោយ
ក៏ខាងរោងចក្រមិនបានអនុញ្ញាតឱ្យកម្មករ កម្មការិនី
ដែលមិនសន្លប់ឈប់សម្រាក និងចាកចេញទៅផ្ទះវិញឡើយ
គឺបានឱ្យបន្តធ្វើការទៀត។ លុះរយៈពេលប្រមាណ១ម៉ោងក្រោយមក
ក៏មានកម្មការិនីដួលសន្លប់ថែមបន្តបន្ទាប់ទៀតសរុបរហូតដល់
ជាង១០០នាក់ និងកាន់តែធ្វើឱ្យមានភាពចលាចលខ្លាំងឡើងៗ
ប៉ុន្តែខាងរោងចក្រនៅតែមិនបានបិទទ្វារជាបណ្តោះអាសន្នដដែលគឺ
ឱ្យកម្មករធ្វើការរង់ចាំដល់ពេលល្ងាច
នឹងបើកលុយឱ្យសម្រាប់ការធ្វើដំណើរទៅបោះឆ្នោត ។
ទាក់ទិនទៅនឹងហេតុការណ៍កម្មការិនីដួលសន្លប់
នេះគេនៅមិនទាន់បានដឹងពីមូលហេតុនៅឡើយទេ
ប៉ុន្តែជំហានដំបូងគេសង្ស័យថា បណ្តាលមកពីសុខភាពកម្មករមួយផ្នែក
និងមួយផ្នែកធំទៀតដោយសារតែបញ្ហាបរិស្ថានរួមផ្សំជាមួយនឹង
ជាតិគីមីក្រណាត់នៅក្នុងរោងចក្រផងដែរ ។
នាព្រឹកនោះសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅកាន់កន្លែងកើត
ហេតុដើម្បីពិនិត្យមើលពីស្ថានភាពជាក់ស្តែងភ្លាមៗដែរ ៕(KOH)