
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅក្នុងសារលិខិតឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ថា ប្រទេសកម្ពុជា សម្រេចសមិទ្ឋិផលយ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរបេង ក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ដោយរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេង តាមយុទ្ឋសាស្រ្ត ដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងសហគមន៍ផងដែរ នៅទូទាំងប្រទេស ដែលការព្យាបាលជំងឺរបេង ផ្តល់ជូនសេវាដល់ប្រជាជនដោយឥតគិតថ្លៃ ។
ការចេញសារលិខិត របស់សម្តេច ក្នុងឱកាសប្រារព្ឋទិវាពិភពលោក កំចាត់ជំងឺរបេងនៅពេលនេះ ធ្វើឲ្យកូនចៅសម្តេច ពិសេស ប្រជាជនដែលកំពុងព្យាបាលជំងឺ របេង មានទឹកចិត្តកក់ក្តៅ ដោយឃើញរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ពួកគេដែលជាអ្នកកើតជំងឺរបេង ។
សូមបញ្ជាក់ថា អត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង មានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះអត្រាស្លាប់បានថយចុះពី ១៥៣ករណី ក្នុងចំណោមប្រជាជន ១០០.០០០នាក់នៅឆ្នាំ១៩៩០ មកដល់៦១ករណី ក្នុងមានចំណោមប្រជាជន ១០០.០០០នាក់ ក្នុងឆ្នាំ២០១០ ដែលស្មើនឹង ៦០ភាគរយ ។ រីឯអត្រាឈឺវិញ បានធ្លាក់ចុះពី១២៥៨ករណី ក្នុងចំណោម ១០០.០០០នាក់ នៅឆ្នាំ ១៩៩០មកដល់៦៦០ករណី ក្នុងចំណោមប្រជាជន ១០០.០០០នាក់ នៅឆ្នាំ២០១០ ដែលស្មើនឹង ៤៧ភាគរយ ។
ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាប្រទេសកម្ពុជា សម្រេចបាននូវលទ្ឋផលប្រយុទ្ឋប្រឆាំងនឹងជំងឺរបេង ក៏សម្តេចបានបញ្ជាក់ថា ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសដទៃ ។ យុទ្ធនាការទិវារបេងពិភពលោកឆ្នាំ២០១២នេះ នឹងបំផុសឲ្យមនុស្សទាំងឡាយ នៅលើពិភពលោក ធ្វើការអំពាវនាវព្រមទាំងធ្វើសកម្មភាពដោយផ្ទាល់ដើម្បីប្រយុទ្ឋនឹងជំងឺរបេងក្នុងមួយជិវិតរបស់ពួកគេ ។
ជាមួយគ្នានេះ លោក ទាម បាក់ឃីម នាយករង នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង បានចូលរួម ចំណែក ក្នុងការលើកកម្ពស់អភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យប្រទេសជាតិរុងរឿង ។
ការប្រយុទ្ធនឹងជំងឺរបេងស្មើនឹងការដាក់បញ្ចូលថវិការាប់រយលាន ទៅក្នុងសេដ្ឋកិច្ចជាតិ។ ការសិក្សាមួយ បានបង្ហាញថា ជំងឺរបេងបង្ក ឲ្យបាត់បង់ពេលវេលា បំពេញ ការងារពី៣ ទៅ៤ខែជាមធ្យម ហើយចំណូលក៏ត្រូវ បានខាតបង់ប្រមាណ ២០-៣០ ភាគរយផងដែរ ។ ចំណែកគ្រួសារ ដែលមានសមាជិកស្លាប់ ដោយសារ ជំងឺរបេង នោះ នឹងបាត់បង់ ចំណូល គ្រួសារ ប្រមាណ ១៥ឆ្នាំបន្ថែមទៀត ដោយស្លាប់មុនអាយុ ៕(dapnews)