
កាកា បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា “ចាស…បង រឿងហ្នឹងខ្ញុំពិតជា បានថតមែន ។ ខ្ញុំមិននឹកស្មានថា ខ្លួនឯងបានសម្តែង ជាតួឯកនោះទេ តែមិនដឹងយ៉ាងម៉េច ទើបអ៊ុំ ពាន់ ភួងបុប្ផា គាត់ជ្រើសរើសខ្ញុំ ។ តាមការពិតទៅ ខ្ញុំអត់ទាន់ចង់និយាយទេ រឿងនេះខ្លាចគេថាខ្ញុំអួត តែទោះជាយ៉ាងណា ខ្ញុំបានថតវា បាន៥ទៅ ៦ឈុតហើយ” ។
នៅក្នុងសាច់រឿងតាំងពីដើមរហូតដល់ចប់ ត្រូវបានកញ្ញា កាកា ដែលក្នុងរឿងគេដាក់ឈ្មោះថា កាភេន ថ្លែងសង្ខេប ឲ្យដឹងទៀតថា “រឿងហ្នឹងគេឲ្យខ្ញុំ ដើរជាតួកំសត់ តាំងពីកុមាររហូតដល់ធំ ។ មិនតែប៉ុណ្ណោះខ្ញុំត្រូវបានលោកយាយ យកទៅបោះ បង់ចោល ខណៈដែលម្តាយខ្ញុំ នឹងប៉ាបានឈ្លោះគ្នារហូតដល់ ថ្នាក់ចែកផ្លូវគ្នាដើរ តាំងពីខ្ញុំមិនទាន់កើត សូម្បីតែខ្ញុំ ធំដឹងក្តីឡើង មិនបានស្គាល់មុខគាត់យ៉ាងម៉េចផង ។ ខ្ញុំត្រូវខិតខំប្រឹងប្រែងតស៊ូ ទាំងទឹកភ្នែក តែម្នាក់ឯង ដើម្បីបានរស់ ក្នុងសង្គមមួយ ដ៏ស្រស់ស្អាត ទីបំផុតជិវិតខ្ញុំ នៅតែអភ័ព្វស្ទើរ គ្រប់ឈុតឆាក” ។
នេះគឺជាលើកទី១ សម្រាប់តារាសម្តែងរាងតូចច្រឡឹង ពេជ្រ ច័ន្ទម៉ូនីកា ខណៈដែលកន្លងមក នាងមិនដែលបាន ដំណែង ជាតួឯកដូច្នេះឡើយ ពោលគឺគ្រាន់តែ ដើរជាតួ រាយរង ស្ពាយកាបូបឲ្យ តួឯកតែប៉ុណ្ណោះ ។ ក្រៅពីសម្តែង កាកា ក៏ជាតារាចម្រៀង ដែលមានទឹកដមសំនៀង ពីរោះមិនចាញ់តារាល្បីៗ ប៉ុន្មានឡើយ ដែលគេតែង សង្កេតឃើញ វត្តមានរបស់នាង នៅក្នុងផលិតកម្ម Classic ។
ងាកមកជីវិតក្រៅសិល្បៈ កាកា ត្រូវបានគេបង្ហើបឲ្យដឹងថា នាងត្រូវបានចាស់ទុំ ផ្គូផ្គងនាងជាមួយនិងបុរស ជាបងប្អូនជីដូនមួយ រស់នៅឯសហរដ្ឋអាមេរិក តែនាងបាន បដិសេធមិនទទួលយកស្នេហាពីបុរសនោះ ខណៈដែល បុរសរូបនោះ តាមស្រលាញ់នាង នឹងចង់រៀបការ ក្នុងពេលឆាប់ៗទៀតផង តែបំណងប្រាថ្នាត្រូវ រលាយ សាបសូន្យ ដោយសារនាង មិនទទួលយក សំណើសុំស្អំបេះដូង ពីបុរសនៅឯនាយសមុទ្រនោះ ព្រោះតាមការដឹង គឺគេចង់ឲ្យនាង លាឈប់ពីសិល្បៈ ដោយគេធានា ចិញ្ចឹមរ៉ាប់រង គ្រប់បែបយ៉ាង និងយកនាងទៅរស់នៅអាមេរិក ក្រោយរៀបការរួច ។
បញ្ហានេះ កាកា និយាយថា “លក្ខ័ណ្ឌនេះខ្ញុំអត់អាចទទួលយកបានទេបង ទើបខ្ញុំគេចពីគេ តែគេចេះតែសួររកខ្ញុំ ខ្ញុំបដិសេធ ម្យ៉ាងត្រូវជាបងប្អូនទៀត ខ្ញុំអត់អាចឈប់ ពីសិល្បៈបានទេ បើមិនយល់ចិត្តគ្នា មិនអាចរស់នៅ ជាមួយគ្នាបានទេ ណាមួយខ្ញុំអត់ចង់ រៀបការទៀត ខ្ញុំលែងគិតហើយបញ្ហានេះ” ។
តាមរយៈដំណែងជាតួឯកលើកនេះ ទស្សនិកជនពិតជាសង្ឃឹម នឹងរង់ចាំទស្សនាយ៉ាងយកចិត្តទុកដាក់ ចំពោះទេពកោសល្យ សម្តែង របស់កាកា ព្រោះកន្លងមក មានអ្នក សិល្បៈជាច្រើន ដែលតែងតែចង់បាន តំណែងជាតួឯក តែមិនងាយ ដូចការគិតនោះទេ ។ ចំណែកកាកា នាងទើបតែប្រឡូកក្នុងវិស័យនេះ រយៈកាលប៉ុន្មានឆ្នាំ តែប៉ុណ្ណោះ តែមានសភាព ឡើងកូដខ្លាំង និងភាពមមាញឹក ស្ទើររកពេលសម្រាកគ្មាន ខណៈដែលវិស័យភាពយន្ត កំពុងតែ រីកចំរើនឡើង ជាលំដាប់ ៕


