
លោក កោះ សុខ អាយុ៥១ឆ្នាំ ឪពុកបង្កើតខាងប្រុសបានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ ពួកគេ (កូនក្រមុំ និងកូនកំលោះ) បាននាំគ្នាមកដេកនៅផ្ទះចំការខាងប្រុសក្នុងភូមិ ឃុំខាងលើស្ទើរពេញមួយយប់ ស្រាប់ តែនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ ក្រោយពីដេកលង់លក់អស់មួយស្របក់ធំមក កូនកំលោះ បានភ្ញាក់ពីដំណេក ហើយយកដៃរាវរកគូអនាគតខ្លួន ស្រាប់តែមិនឃើញហើយក៏ផ្អើលឆោឡោឡើង ដោយកូន កំលោះបានបា្រប់ទៅឪពុកម្តាយទាំងសងខាង អំពីការបាត់ខ្លួនកូនក្រមុំមុនថ្ងៃរៀបការចូលមកដល់នេះ។
លោកស្រី ស៊្រៀង លាងឆេង ម្តាយកូនក្រមុំបានបា្រប់ឲ្យដឹងទៀតថា ការបាត់ខ្លួនដោយមិនដឹងពីមូលហេតុពិត ប្រាកដបែបនេះ លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះថា ការបាត់ខ្លួននេះ មិនដឹងថា កូនស្រីគាត់ចាញ់ បោកគេនាំយកទៅធ្វើបាប លក់ដូរ ឬយ៉ាងណានោះទេ? ម្យ៉ាងទៀតនាងយកទៅជាមួយតែសម្លៀកបំពាក់មួយ ចង្កេះ ជញ្ជៀនភ្ជាប់ពាក្យមួយវង់ និងក្រវឹលមួយគូប៉ុណ្ណោះ ។ លោកស្រី បានសំណូមពរដល់សមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ មេត្តាជួយធ្វើអន្តរាគមន៍ជួយរកកូនស្រី លោក ស្រីផង ចំណែកគ្រួសារខាងប្រុសនៅតែមានខន្តី សណ្តោះប្រណី ស្វាគមន៍ការវិលវិញរបស់កូនក្រមុំជានិច្ច។ ជាមួយគ្នាក្រុមគ្រួសារ ក៏ដូចគូដណ្តឹងបានទទូច សូមឲ្យអនាគតគូគាប់របស់ខ្លួន ត្រឡប់វិញ ដោយមិនមានការប្រកាន់ទោសអូសដំណើរអ្វីនោះទេ ក្នុងចិត្តរបស់គេនៅតែនឹករលឹក និងស្រឡាញ់ពេញបេះដូង។
ក្រុមគ្រួសារក៏បានអំពានាវដល់ប្រជាពលរដ្ឋ ដែលបានស្គាល់ ឬបានឃើញនារី ដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយពន្យល់ ណែនាំ និងនាំរូបនាងត្រឡប់មកផ្ទះវិញផង។
ឪពុកបង្កើតរបស់កូនកំលោះបានបា្រប់ឲ្យដឹងថា កូនប្រុសរបស់លោកឈ្មោះ កោះ វិឈាន អាយុ ២៧ឆ្នាំ រស់នៅ ភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ចំណែកនារីអនាគតកូនក្រមុំឈ្មោះ សៅ សុគន្ធា អាយុ ១៩ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងដូចគ្នា ។
លោក កោះ សុខ បានបន្តឲ្យដឹងទៀតថា ដោយមានការព្រមព្រៀងគ្នារវាងភាគី និងយល់ព្រមពីកូនកំលោះ កូន ក្រមុំ លោកក៏បានចូលសួរនាំ និងស្តីដណ្តឹងកូនក្រមុំ សៅ សុគន្ធា កាលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២កន្លងទៅ ហើយត្រូវចូលរោងការនៅដើមខែមេសា ខាងមុខនេះ ៕(dap)