
ប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្ដដែលបុក របាំងចែកទ្រូងផ្លូវនោះ គឺម៉ាកលុច្សស៊ីស RX300
ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N-9810 បើកបរក្នុងទិសដៅ ពីកើតឆ្ពោះទៅលិច អ្នកបើកបរ ម្នាក់មិនប្រាប់ឈ្មោះដល់នគរបាល ដែលចុះទៅកន្លែងកើតហេតុនោះទេ ដោយរថយន្តរបស់គេ បានបុករបាំងចែកទ្រូងផ្លូវដាច់អស់ចំនួន ៧កំណាត់ និងក្បាលរបាំងមួយ។
ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា មុនពេលកើតហេតុ រថយន្ដមួយគ្រឿងនេះ បើកបរចេញមក ពីភ្នំពេញឆ្ពោះទៅលិច លុះដល់ចំណុចកើតហេតុ មិនដឹងជាមាន រឿងហេតុអ្វីនោះទេ ស្រាប់តែជ្រុលចង្កូត ទៅបុករបាំងចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឱ្យដាច់អស់ចំនួន ៧កំណាត់ ទាំងក្បាលចែក ទ្រូងផ្លូវមួយ ហើយចំណែក ឯអ្នកបើកបរវិញ ពុំបណ្ដាលឱ្យរងរបួសនោះទេ។ លុះដល់នគរបាលចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង បែរជាម្ចាស់រថយន្ដនោះថា មិនមែនជារូបគាត់អ្នកបុក នោះទេ គឺមានរថយន្ដផ្សេងបុក ហើយគេចខ្លួនទៅបាត់ គាត់គឺជាជនរងគ្រោះ ប៉ុន្ដែនគរបាល ចុះទៅកន្លែងកើតហេតុនោះថា ពុំមានរថយន្ដផ្សេងនោះ ទេ ប្រសិនបើមានរថយន្ដផ្សេងវិញ នោះប្រហែលជា ទៅណាមិនរួចនោះឡើយ ។
បច្ចុប្បន្នរថយន្ដបង្ក ត្រូវស្ទូចយកទៅរក្សាទុក នៅសាលារាជធានី ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕(dapnews)
