
ជនជាតិម៉ាយ៉ាន ដែលរស់នៅតំបន់ មឺរីដា នៃប្រទេសមិកស៊ីកូ ដែលមានការយល់ដឹងពី វប្បធម៌របស់ខ្លួននោះបានអះអាងថា បើតាមប្រតិទិនដែលបន្សល់ទុក ដោយបុព្វបុរសរបស់ពួកគេ គឺ ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ នេះ គ្រាន់តែជាការរំដោះចេញពី ដំណាក់កាលនៃសករាជមួយ ទៅសករាជមួយទៀតតែប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា មនុស្សគ្រប់គ្នានឹងត្រូវ ស្លាប់នោះទេ។
ជាងចម្លាក់ឈើម្នាក់ឈ្មោះ សាន់តូស អេស្ទេបាន រស់នៅភូមិ យ៉ាហ្ស៊ូណា ដែលមានប្រជាជន ជាជនជាតិម៉ាយ៉ានរស់នៅជាង ៧០០នាក់ និង ត្រូវជាទីក្រុងបុរាណដែលមាន អាយុកាលតាំងពី ២០០០ឆ្នាំមុនគ្រិស្តសករាជនោះ បានអះអាងថា “នេះជាសករាជថ្មី។ យើងសប្បាយចិត្ត ណាស់ដែលមើលឃើញ នូវការបញ្ចប់របស់វា។ មនុស្សជាច្រើនបាននិយាយថា វាជាថ្ងៃអវសាននៃពិភពលោក ប៉ុន្តែយើងមិនបានជឿលើវានោះទេ។”
បុរសខាងលើបានបង្ហាញ ពីអារម្មណ៍របស់លោក ថានេះជាឱកាសដ៏សំខាន់មួយ ដែលលោកកំពុងទន្ទឹងរង់ចាំ សម្រាប់ជីវិតថ្មីមួយ ហើយលោក មិនបានភ័យខ្លាចនោះទេ។
គួរបញ្ជាក់ផងដែរ ថា ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ បានក្លាយជាភ័យខ្លាច និង មន្ទិលសម្រាប់មនុស្សមួយចំនួន ដោយសារតែមានការបកស្រាយ ខុសពីប្រតិទិនរបស់ជនជាតិម៉ាយ៉ាន ជាពិសេសដោយមាន ខ្សែរភាពយន្តអន្តរជាតិមួយចំនួន បានថតនិងបង្ហាញពីវិនាសកម្មដ៏ធំធេង នៃភពផែនដីក្នុងថ្ងៃនេះ៕