
«មានកត្ដាចម្បង៣យ៉ាងសំខាន់ៗដែលនាំឲ្យនិស្សិតប្រឈម នឹងឧបសគ្គចំពោះការស្វែងរកការងារបស់ពួកគេ។ កត្ដាសំខាន់បំផុតទី១គុណភាពសិក្សាដែលពួកគេទទួលបានមានការខុស ប្លែកគ្នាក្នុងការជ្រើសរើសសាកលវិទ្យាល័យនិងមុខជំនាញ។ ទីពីរ វាអាស្រ័យលើបរិមាណនៃចំណេះដឹងរបស់ពួកគេផ្ទាល់ដែលនិស្សិតមួយ ចំនួនគ្មានជំនាញជាក់លាក់និងភាសាច្បាស់លាស់ជាហេតុដែលធ្វើឲ្យ ពួកគេបាត់បង់ឱកាសការងារ។ កត្ដាទីបី ដោយសារតែទីផ្សារការងារនៅមានកម្រិតវាទាមទារឲ្យយុវជនត្រូវយក ចិត្ដទុកដាក់បន្ថែមទៀតដែលបេក្ខជនសុំរកការងារ ត្រូវមានបទពិសោធច្រើនឆ្នាំ» នេះបើយោងតាមសម្តីរបស់លោក ថោងកែវប៊ុនណាត មន្រ្តីការិយាល័យផែនការនៃ មន្ទីរអប់រំ យុវជន និងកីឡារាជធានី។
ក្រោយពេលបញ្ចប់ការសិក្សាពីសាលា មិនមែនមានន័យថា យើងអាចធ្វើការងារចំពោះមុខជំនាញដែលបានរៀននោះទេ។ យុវជនមួយចំនួនរមែងយល់ច្រឡំថា ខ្លួននឹងទទួលបានការងារសមតាមកម្រិតបរិញ្ញាបត្ររបស់ខ្លួនប៉ុន្ដែ មិនបានគិតគូរពីបទពិសោធដែលខ្លួនមានឡើយ។ ពួកគេខ្លះតែងតែមានអំនួតលើខ្លួនឯងជ្រុលហួសហេតុពេកភ្លេចការ តស៊ូព្យាយាមទៅវិញ។ ម្យ៉ាងវិញទៀតកង្វះទំនុកចិត្ដនិងការបាក់ស្បាតក៏ជាបញ្ហាចម្បង ដែលធ្វើឲ្យយុវជនរងការបរាជ័យក្នុងទីផ្សារការងារនៅកម្ពុជាផងដែរ ។
កញ្ញាអ៊ុល វ៉ាន់ណែតអាយុ២១ឆ្នាំជាសិស្សឆ្នាំ២នៃសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិបាននិយាយថា៖«ខ្ញុំគ្មានទំនុកចិត្តទៅលើខ្លួនឯងទេ។ ខ្ញុំចង់មានការងារធ្វើប៉ុន្តែខ្ញុំគ្មានសេចក្តីក្លាហានដាក់ ពាក្យសុំឡើយ។ខ្ញុំគិតថាខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់ចំពោះ មុខតំណែងនោះឡើយថ្វីដ្បិតតែវាមិនមែនជាការងារខ្ពស់ក៏ដោយ»។
នៅ ពេលដែលកញ្ញាដឹងថា មិត្ដភក្ដិខ្លះបានជួបបញ្ហាក្នុងការស្វែងរកការងារក្រោយបញ្ចប់ ការសិក្សា វាកាន់តែធ្វើឲ្យកញ្ញាខ្លាចរអានិងគិតស្មុគក្នុងអារម្មណ៍ពីមួយ ថ្ងៃទៅមួយថ្ងៃ។ សំខាន់បំផុតនៅពេលដែលជីវភាពមិនធូរធារកញ្ញាត្រូវគិតពីការចំណាយ ប្រចាំថ្ងៃ ណាមួយបារម្ភពីប្រាក់បង់ថ្លៃសិក្សាធ្វើឲ្យកញ្ញារឹតតែវិលវល់ ថែមទៀត។
ផ្ទុយពីមតិរបស់កញ្ញាវ៉ាន់ណែតខាងលើ លោកស៊ិននិមល អាយុ២៤ឆ្នាំជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា លោកមិនដែលរើសអើងចំពោះការងារឡើយ។ លោកមានតែពេញចិត្ដចំពោះការងារនាពេលបច្ចុប្បន្នមិនថាវាជាមុខ នាទីធំដុំ ឬតូចតាចនោះទេ។ វាអាស្រ័យលើភាពអំណត់អត់ធ្មត់ក្នុងការលត់ដំខ្លួនដើម្បីសម្រេច គោលដៅប៉ុណ្ណោះ។
តាមពិតទៅហេតុផលចម្បងដែលធ្វើឲ្យយុវជនមិន ទទួលបានការងារគឺពួកគេនៅខ្វះបទពិសោធនិងទំនុកចិត្តលើខ្លួនឯង។ កង្វះទំនុកចិត្តលើខ្លួនឯងនិងមិនដឹងអ្វីដែលខ្លួនត្រូវធ្វើនេះ ហើយទើបជាកត្ដាជំរុញឲ្យយុវជនបាត់បង់ឱកាសការងារដ៏សមប្រកបរបស់ ខ្លួន។
កញ្ញាថេង យូហៀងជាអ្នកសម្របសម្រួលផ្នែកគ្រប់គ្រងធនធានមនុស្សនៃសណ្ឋាគារ Plantationបានឲ្យដឹងពីនីតិវិធីក្នុងការជ្រើសរើសបុគ្គលិកថាថ្វី ដ្បិតតែបទពិសោធពិតជាសំខាន់ក្នុងការជ្រើសរើសបុគ្គលិកយ៉ាងណាក៏ ដោយ ក៏កញ្ញានៅតែផ្ដល់ឱកាសដល់បុគ្គលិកដែលកំពុងតែស្វែងរកការងារថ្មី ថ្មោងផងដែរ ប្រសិនបើពួកគេពិតជាមានឆន្ទៈនិងការតស៊ូចំពោះកិច្ចការនោះ។
ចំពោះ លក្ខណសម្បត្តិរបស់បេក្ខជនកញ្ញាយូហៀងបានបញ្ជាក់ថា៖ «ជាធម្មតាភាគច្រើននៃបុគ្គលិកដែលត្រូវបានសម្រាំងចេញពីការសម្ភាស ទទួលបានលទ្ធផលការងារល្អដោយសារតែពួកគេមានឆន្ទៈនិងចិត្ដអំណត់ តស៊ូក្នុងការងារ។រីឯបេក្ខជនមួយចំនួនទៀតជួបការលំបាកក្នុងពេល បំពេញការងារដោយសារតែពួកគេខ្វះការអត់ធ្មត់និងតស៊ូដែលនាំឲ្យ លទ្ធផលការងារមិនល្អ»។
យ៉ាងណាមិញ និស្សិតមួយចំនួននៅតែមិនអាចស្វែងរកការងារសមរម្យដែលស័ក្ដិសមនឹង មុខជំនាញរបស់ខ្លួនឡើយ។លោកថោងកែវប៊ុនណាតបានឆ្លើយតបថាវាអាច បណ្តាលមកពីកត្តាមួយចំនួនដែលយើងបានកត់សម្គាល់ថាបច្ចុប្បន្ននេះ ប្រព័ន្ធអប់រំនៅកម្ពុជាកំពុងតែអភិវឌ្ឍរីកចម្រើន។មានស្ថាប័នរដ្ឋ និងឯកជនជាច្រើនដែលបានផ្តល់ចំណេះដឹងដល់សិស្សនិសិ្សតហើយវិធី សាស្រ្តបង្រៀនរបស់ពួកគេខុសប្លែកពីគ្នា។អ្វីដែលសិស្សអាចទទួល បានក៏មិនដូចគ្នាក្នុងករណីមួយចំនួនផងដែរ។
លោកបានបង្ហាញ ពីសុទិដ្ឋិនិយមថាសម្រាប់ឱកាសការងារនៅឆ្នាំ២០១៥ខាងមុខនេះ ទីផ្សារការងារនឹងកាន់តែធំទូលាយដែលទាមទារឲ្យនិស្សិតត្រូវ អភិវឌ្ឍខ្លួនឯងជាមុនសិន។ពួកគេត្រូវខិតខំបង្កើនចំណេះដឹងផ្នែក ភាសានិងជំនាញកុំព្យូទ័រដើម្បីប្រកួតប្រជែងនិងចាប់យកឱកាសការងារ នៅអាស៊ី។
ដើម្បីទទួលបានការងារសមស្របនឹងគោលដៅរបស់ខ្លួន យុវជនគ្រប់រូបត្រូវតែមានឆន្ទៈខ្ពស់ក្នុងការសិក្សាមិនត្រូវទុក ពេលវេលាឲ្យនៅទំនេរឬផ្តោតតែទៅការសិក្សាតែមួយមុខពេកនោះទេ គឺយើងត្រូវចេះរកការងារក្រៅម៉ោងឬការងារស្ម័គ្រចិត្តជាដើមដែល ទាក់ទងនឹងមុខជំនាញរបស់ខ្លួនដើម្បីដុសខាត់ចំណេះដឹងសម្រាប់ការ ងារជាក់ស្តែង។ជាការពិតណាស់ការចាប់ផ្តើមដំបូងវាមិនអាចងាយ ស្រួលឬបានធ្វើមុខតំណែងធំតែម្តងនោះទេ។ ដូច្នេះយើងត្រូវចេះកសាងទំនុកចិត្តចេះអត់ធ្មត់ចេះបន្ទាបខ្លួន ឱនលំទោននិងអភិវឌ្ឍគុណភាពរបស់ខ្លួនទើបជាមធ្យោបាយដ៏ក្នុងការ ចាប់យកការងារប្រសើរទៅថ្ងៃអនាគត៕ (POSTKHMER)