Sunday, July 1, 2012

សម្ដេច ហ៊ុន សែន ឲ្យ​ត្បិតត្បៀត និង​សន្សំសំចៃ​ការចំណាយ​សម្រាប់​ថវិកា​ឆ្នាំ​២០១៣

ភ្នំពេញ: សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន​របស់​រដ្ឋ បន្ត​សន្សំសំចៃ​លើ​មុខសញ្ញា​ចំណាយ​ដែល​ពុំ​សូវ​ចាំបាច់ ផ្អាក​ការសាងសង់​អគារ​ថ្មី និង​សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៣​។ នេះ​បើ​យោងតាម​សារាចរ​ណែនាំ ស្តីពី ការរៀបចំ​សេចក្តីព្រាង​ច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៣ ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១២​។​

​សារាចរ​ណែនាំ​បង្ហាញថា ត្រូវ​បន្ត​ការ​ត្បិតត្បៀត​ចំណាយ​ចរន្ត ពិសេស​ការបន្ត​សន្សំសំចៃ​លើ​មុខសញ្ញា​សម្ភារៈ និង​ឧបករណ៍​ទំនើប ការជួសជុល​ធំៗ គ្រឿង​សង្ហា​រឹម​ប្រណិត ព្រមទាំង​ការចំណាយ​លើ​អគ្គិសនី ទូរស័ព្ទ និង​ប្រេងឥន្ធនៈ ដើម្បី​កាត់បន្ថយ​ថវិការដ្ឋ​សរុប អោយ​ស្ថិត​មក​នៅត្រឹម​កម្រិត ១៩,២១ % នៃ​ផសស (​ផលិតផល​សរុប​ក្នុងស្រុក​) គឺ​ថយចុះ ០,១២ % នៃ​ផសស ធៀប​នឹង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១២ ដែល​ក្នុងនោះ​ការចំណាយ​ចរន្ត​ថវិកា និង​ត្រូវ​រក្សា​អោយនៅ​ត្រឹម ១,៣៦ % នៃ​ផសស (​ថយចុះ ០,០៩ % នៃ​ផសស ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១២) និង​ចំណាយ​មូលធន នឹងត្រូវ​វរ​ក្សា​អោយនៅ​ត្រឹម ៧,៨៥ % នៃ​ផសស (​ថយចុះ ០,០២ % នៃ​ផសស ធៀប​នឹង​ឆ្នាំ​២០១២) ក្នុងទិសដៅ​រក្សា​អតិរេក​ចរន្ត​ក្នុង​រង្វង់ ២,៣៣ % នៃ​ផសស និង​ឱនភាព​ថវិកា​សរុប​ក្នុង​រង្វង់ -៥,២៧ % នៃ​ផសស​។ ការចំណាយ​មូលធន​ដោយ​ហិរញ្ញប្បទាន​ក្នុងស្រុក ត្រូវ​កំណត់​ក្នុង​កម្រិត ២,៤៣ % នៃ​ផសស គឺ​ថយចុះ ០,០៣ % នៃ​ផសស ធៀប​នឹង​ច្បាប់​២០១២ ក្នុងនោះ​ការចំណាយ​សម្រាប់​រំលស់​បំណុល ត្រូវ​កំណត់​ត្រឹម ០,៤៤ % នៃ​ផសស គឺ​កើន ១២ % ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១២​។ ទន្ទឹមនឹងនេះ ការចំណាយ​មូលធន​ដោយ​ហិរញ្ញប្បទាន​ក្រៅប្រទេស ត្រូវបាន​គ្រោង​ក្នុង​កម្រិត ៤,៩៧ % នៃ​ផសស គឺ​កើន​ប្រមាណ ១០ % ធៀប​នឹង​ច្បាប់​២០១២​។​

​សារ​ចរ​ ណែនាំ​បាន​អោយដឹងទៀតថា ត្រូវ​វិភាជន៍​ចំណាយ​ចរន្ត​ទៅតាម​វិស័យ​នីមួយៗ ដូចតទៅ ៖ វិស័យ​សង្គមកិច្ច ស្មើនឹង ៤,២៤ % នៃ​ផសស គឺ​ស្មើនឹង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១២, វិស័យសេដ្ឋកិច្ច ០,៩០ % នៃ​ផសស ថយចុះ ០,០៤ % នៃ​ផសស ធៀប​នឹង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១២, វិស័យ​រដ្ឋបាល​ទូទៅ ១,៥៥ % នៃ​ផសស ថយចុះ ០,០៧ % នៃ​ផសស ធៀប​នឹង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១២, ​វិស័យ​ការពារជាតិ និង​សន្តិសុខ ២,៤២ % នៃ​ផសស ថយចុះ ០,០១% នៃ​ផសស ធៀប​នឹង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១២​។​

​ ថវិកា​រាជធានី ខេត្ត ត្រូវ​កំណត់​ត្រឹម ០,៧១ % នៃ​ផសស ដែល​ក្នុងនោះ​ថវិកា​ផ្ទាល់​របស់​រាជធានី ខេត្ត មាន​ប្រមាណ ០,៦០ % នៃ​ផស​សមាន​កំណើន ០,០២ % នៃ​ផសស ឬ ១៤,៧ % ធៀប​នឹង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១២ និង​ថវិកា​ឧបត្ថម្ភ​ពី​ថ្នាក់ជាតិ ស្មើនឹង ០,១១ % នៃ​ផសស​។ ទន្ទឹមនឹងនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ចេញ​សារាចរ​ណែនាំ​ដោយឡែក សម្រាប់​ការរៀបចំ​ថវិកា​ថ្នាក់ក្រោម​ជាតិ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​សារាចរ​ណែនាំ​នេះ ជាពិសេស​ការកំណត់​ក​ញ្ច​ប់ និង​ការ​វិភា​ជ​ថវិកា​ទៅតាម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវគោរព​ទៅតាម​គោលការណ៍ និង​វិធាន​តាម​ជំពូក ដូច​បានកំណត់​ក្នុង​សារាចរ​ណែនាំ​នេះ ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល និង​ប្រសិទ្ធភាព​ចំណាយ ដើម្បី​កាត់បន្ថយ​ឱនភាព​ថវិកា និង​រក្សា​អតិរេក​សាច់ប្រាក់​។​

​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​នៅក្នុង​សារ​ចរ​ណែនាំ​ថា ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៣ “​គឺជា​ឧបករណ៍​ដ៍​សំខាន់បំផុត សម្រាប់​ឈាន​ទោ​ដល់​សម្រេច​ឲ្យ​បាន នូវ​បណ្តា​គោលដៅ​ជា​អាទិភាព​ខ​ខាងលើ​”​។

​ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​រៀបចំ​ឲ្យ​បាន​ទាន់ពេលវេលា នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០១៣​។ នៅក្នុង​កិច្ចដំណើរការ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចាប់ផ្តើម​ការចរចា និង​ពិភាក្សា​រៀបចំ​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៣ ជាមួយ​ក្រសួង​ស្ថាប័ន និង​មន្ទីរជំនាញ រាជធានី ខេត្ត​ទាំងអស់ ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១២ រហូតដល់​ថ្ងៃទី​៣១ ខែកញ្ញា ឆ្នាំ​២០១២​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ ឆ្នាំ​២០១៣ និង​ធ្វើ​កំណត់​បង្ហាញ​នៃ​សេចក្តីព្រាងច្បាប់​នេះ ហើយ​ផ្ញើជូន​គណៈរដ្ឋមន្ត្រី អោយបាន​ក្នុង​សប្តាហ៍​ទី​១ នៃ​ខែតុលា ឆ្នាំ​២០១២ ដើម្បី​គណៈរដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច​ផ្ញើជូន​រដ្ឋសភា អោយបាន​ក្នុង​សប្តាហ៍​ទី​១ នៃ​ខែវិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​ស្ថាប័ន​នីតិបញ្ញត្តិ​មាន​ពេល​គ្រប់គ្រាន់ ក្នុងការ​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ អោយបាន​មុន​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១២៕

Comments system

Disqus Shortname