
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះទាំងពីរនាក់នោះ ឈ្មោះ ងួន ហេង អាយុ ៦០ឆ្នាំ និងកូនស្រីឈ្មោះ ឈួន ពិសី អាយុ ២៤ឆ្នាំ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្ស៊ី ភ្លាមៗ ក្រោយពីកើតហេតុ។ ស្ត្រីទាំងពីរនាក់ម្តាយកូននោះ ជាម្ចាស់ផ្ទះលក់ភេសជ្ជៈ។
រីឯបុរសដែលបាញ់គេ មុននឹងធ្វើអត្តឃាតខ្លួនឯងនោះ ត្រូវបានគេស្គាល់ថាឈ្មោះ ពុំ ជាអតីតអ្នកយាម នៅពន្ធនាគារព្រៃស។ យុវជនរូបនោះ បានឆក់យកកាំភ្លើងពីប៉ូលិស នៅម្តុំផ្សារ សុវណ្ណា ដែលស្ថិតនៅខាងជើងពេទ្យរុស្ស៊ី ហើយរត់មកបាញ់ស្ត្រីពីរនាក់ម្តាយ និងកូនខាងលើ។
បុរសនោះ ក៏បានបាញ់តដៃជាមួយសមត្ថកិច្ច អស់ប្រមាណជា ១០គ្រាប់ ដោយបណ្តាលឲ្យមានមនុស្សប្រុសស្រីប្រាំនាក់ រងរបួសធ្ងន់ និងស្ត្រីម្នាក់ បានស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។
គេនៅមិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យបុរសនោះ បាញ់ប្រហារ លើផ្ទះលក់ភេសជ្ជៈ នៅទល់មុខពេទ្យរុស្ស៊ី មុននឹងបាញ់សម្លាប់ខ្លួនឯង នៅឡើយទេ៕

