២៨-កក្កដា-២០១២៖ សកម្មភាពអ្នកជិះកង់ហែជាក្បួន ដើម្បីប្រារព្ធខួបទី២៥ នៃស៊ីធីណេត (CITYNET)។
ការជិះកង់ជាក្បួនពីសំណាក់មន្ត្រីសាលារាជធានីភ្នំពេញ សិស្សនិស្សិត និងអ្នកស្ម័គ្រចិត្តជិះកង់សម្អាតក្រុង សរុបប្រមាណ៣០០នាក់នោះ មានរយៈពេលប្រហែលមួយម៉ោង ដោយចេញដំណើរពីសាលារាជធានីភ្នំពេញ កាត់តាមមហាវិថីនានា ឆ្ពោះទៅវិមានឯករាជ្យ សួនច្បារសម្ដេចសង្ឃរាជ ជួន ណាត ខាងមុខព្រះបរមរាជវាំង និងរមណីយដ្ឋានវត្តភ្នំ។
អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ជំរុញអោយពលរដ្ឋនៅទីក្រុង ចាប់ផ្ដើមងាកមកជិះកង់ ដែលជាប្រភេទយានជំនិះងាយៗ ដើម្បីចូលរួមក្នុងការសម្អាតទីក្រុង និងការរក្សាបរិស្ថានល្អ។
ថ្លែងបើកកម្មវិធីជិះកង់នៅថ្ងៃរំលឹកខួប២៥ឆ្នាំ នៃការបង្កើតបណ្ដាញថ្នាក់តំបន់នៃអាជ្ញាធរថ្នាក់មូលដ្ឋាន ដើម្បីការគ្រប់គ្រងការតាំងលំនៅឋានក្នុងក្រុង នៅអាស៊ីប៉ាស៊ីហ្វិក ស៊ីធីណេត លោក កែប ជុតិមា បានអោយដឹងថា ការជិះកង់គឺរក្សាបានសុខភាព និងធ្វើបរិស្ថានបានស្អាត ដែលពលរដ្ឋកម្ពុជាគួរចាប់អារម្មណ៍ជិះកង់អោយបានកាន់តែច្រើន។
លោក កែប ជុតិមា៖ «នេះជាកីឡាប្រភេទម្យ៉ាង ដែលផ្តល់សុខមាលភាពអោយយើង។ ហើយការជិះកង់នេះ ក៏ជាការរួមចំណែកដើម្បីបណ្ដុះនូវគំនិតមួយ ក្នុងការប្រើប្រាស់កង់ក្នុងរាជធានីភ្នំពេញ ដែលយើងឃើញថា មធ្យោបាយនានាកាន់តែច្រើនទៅៗ ហើយកាន់តែស្មុគស្មាញទៅៗ»។
កម្ពុជាបានចូលជាសមាជិករបស់អង្គការ ស៊ីធីណេត កាលពីឆ្នាំ២០០២ គម្រោងដែលជាតម្រូវចាំបាច់សម្រាប់ទីក្រុងនេះគឺ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយភាពក្រីក្រ សុខុមាលភាពសាធារណៈ និងអនាម័យ។
ប្រធានគម្រោង ចាំអង្កាល់ ឬlet's do it លោក ជី សីលា ដែលបានដឹកនាំអ្នករួមការងារចូលរួមជិះកង់មានប្រសាសន៍ថា បន្ថែមពីលើការជិះកង់ ដើម្បីថែរក្សាបរិស្ថាន ក្រុមរបស់លោកបានចូលរួមសម្អាតទីក្រុង តាមរយៈការជិះកង់រើសសំរាម នៅចុងសប្ដាហ៍។ លោក ជី សីលា សាទរចំពោះការជំរុញអោយពលរដ្ឋងាកមកជិះកង់នៅក្នុងក្រុងនេះ។
លោក ជី សីលា៖ «អីចឹង ពួកខ្ញុំជិះកង់ហ្នឹង គឺប្រាប់ថា ពួកខ្ញុំឈប់ចោលសំរាម អោយយើងទទួលខុសត្រូវលើសំរាមខ្លួនឯង។ យើងគួរធ្វើការងារហ្នឹងអោយបានច្រើន យើងសង្ឃឹមថា ពលរដ្ឋយើងចាប់ផ្ដើមគិតពីសុខភាព គិតពីបរិស្ថានអីចឹងទៅ។ ជិះកង់អោយបានកាន់តែច្រើន និយាយទៅវាជួយដល់សេដ្ឋកិច្ចយើងទៀត ព្រោះយើងអត់មានចាយលុយច្រើនទេ។ ក្រោយទៀតទៅប្រហែលសាលាក្រុង ឬខាងរាជរដ្ឋាភិបាលចាប់ផ្ដើមគិតដល់សុវត្ថិភាព ប្រហែលយើងអាចធ្វើផ្លូវជិះកង់ជាមួយដើរហ្នឹង អោយកាន់តែធំ អីចឹងមនុស្សគាត់ជិះតាមអោយកាន់តែច្រើន ប្រជាជនយើងសុខភាពកាន់តែល្អ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គិមអេង មានប្រសាសន៍ថា ដើម្បីអោយពលរដ្ឋកាន់តែច្រើនងាកទៅប្រើប្រាស់យានជំនិះដែលងាយៗ និងមានសារប្រយោជន៍សម្រាប់បរិស្ថាន សាលារាជធានីត្រូវគិតគូរគម្រោងប្លង់មេ សម្រាប់ទីក្រុងទាំងមូល ដោយបង្កើតអោយមានផ្លូវសម្រាប់អ្នកជិះកង់ ការអប់រំផ្លាស់ប្ដូរទម្លាប់ក្នុងការប្រើប្រាស់យានយន្តជាដើម។
លោក យ៉ង់ គិមអេង៖ «នៅតាមបណ្ដាប្រទេសអឺរ៉ុប មួយចំនួនដែលគេធ្វើបាន គេមានបែងចែកផ្លូវសម្រាប់កង់ ផ្លូវអី ត្រឹមត្រូវអីចឹងទៅ។ ហើយ១ទៀត គឺត្រូវតែចាប់ផ្ដើមចលនាអោយប្រជាពលរដ្ឋហ្នឹង ត្រូវតែធ្វើគំរូដល់ប្រជាពលរដ្ឋ ប៉ុន្តែយើងអត់ដែលឃើញមន្ត្រីរដ្ឋាភិបាលណាមួយជិះកង់មកធ្វើការ ទេ។ សូម្បីតែផ្ទះរបស់គាត់នៅជិតការិយាល័យក៏ដោយ ក៏គាត់នៅតែជិះឡានទំនើប ដើម្បីបង្ហាញប្រជាពលរដ្ឋ ដើម្បីបង្ហាញអ្នកធ្វើដំណើរតាមដងផ្លូវ ក្នុងនោះដែរក៏ត្រូវអោយចេះគោរពសិទ្ធិអ្នកជិះកង់ អ្នកថ្មើរជើងអីហ្នឹង»។
នៅក្នុងរាជធានីភ្នំពេញដែលមានពលរដ្ឋរស់នៅជិត២លាននាក់ មានយានជំនិះដែលចុះបញ្ជីផ្លូវការ គឺមានចំនួនជិត៧សែនគ្រឿង (៦៧០.០៨១គ្រឿង) ក្នុងនោះភាគច្រើនជាម៉ូតូ។ ក្រៅពីនោះមានពលរដ្ឋតិចតួចបំផុតដែលជិះកង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។