អនុប្រធានផ្នែកអង្កេតសមាគមអាដហុក
(Adhoc) លោក ចាន់ សុវ៉េត ចូលរួមវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១១។
ប្រធានផ្នែកអង្កេតសមាគមអាដហុក លោក នី ចរិយា មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់ប្រាកដថា ដីកានេះមានទាក់ទិនទៅនឹងប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ ក្នុងឱកាសចែកសញ្ញាបត្រជូននិស្សិតនៅវិទ្យាស្ថានជាតិអប់រំ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា មានអ្នកផ្ដល់ប្រាក់ដល់ជនជាប់ចោទមានដីកាចាប់ខ្លួនក្នុងរឿង បង្កើតតំបន់អបគមន៍នៅស្រុកឆ្លូង ខេត្តក្រចេះ ។ ក៏ប៉ុន្តែលោកអះអាងថា លោក ចាន់ សុវ៉េត មិនមានជាប់ទាក់ទិនក្នុងករណីនោះឡើយ។ យ៉ាងនេះក្តីលោកអះអាងថា លោក ចាន់ សុវ៉េត នឹងចូលខ្លួនទៅបំភ្លឺករណីនេះ ហើយសមាគមអាដហុក កំពុងរៀបចំផ្ដល់មេធាវីការពារក្តីជូនលោក ចាន់ សុវ៉េត។
លោក នី ចរិយា៖ «យោងតាមខ្លឹមសារនៃដីកាហ្នឹង អាចចោទប្រកាន់ពីបទថា យើងបានផ្ដល់មធ្យោបាយជំនួយអ្វីដល់អ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ណាមួយ។ ប៉ុន្តែបើយោងតាមអ្វីដែលយើងបានដឹងច្បាស់លាស់ពីប្រវត្តិរបស់គាត់ ក៏ដូចសកម្មភាពជាឯកជន ក៏ដូចសកម្មភាពការងារក្នុងអាដហុក យើងឃើញថា គាត់អត់ដែលបានប្រព្រឹត្តបទល្មើសផ្ដល់មធ្យោបាយឲ្យទៅជនល្មើសណាមួយ ទេ»។
សមាគមអាដហុក នៅថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១២ បានចេញសេចក្ដីថ្លែងការណ៍ចំហមួយចាត់ទុកកាយវិការនៃការប្រើប្រាស់ ប្រព័ន្ធតុលាការលើសកម្មជនសិទ្ធិមនុស្សថា គ្មានអ្វីក្រៅពីការគំរាមកំហែង និងបំភិតបំភ័យលើអ្នកការពារសិទ្ធិមនុស្ស ហើយរារាំងពួកគេមិនឲ្យបំពេញកិច្ចការស្របច្បាប់នោះឡើយ។
យ៉ាងនេះក្តីក្នុងដីកាដដែលនោះបានព្រមានថា "ក្នុងករណីលោក ចាន់ សុវ៉េត មិនចូលខ្លួនតាមកាលកំណត់ខាងលើនេះទេ ចៅក្រមស៊ើបសួរនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន៕