
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានថ្លែងថា ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹកកំពុងប្រឹងប្រែង អន្តរាគមន៍មូបទឹកដាក់ស្រែ ជូន ប្រជាពលរដ្ឋនៅតំបន់មានប្រភពទឹក ហើយសម្តេចអំពាវនាវ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយបូមទឹកសង្រ្គោះដីស្រែជូនប្រជាពលរដ្ឋបន្ថែមទៀត “ខ្ញុំអំពាវនាវឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមក្នុងសកម្មភាព ដើម្បីនឹងបូមបាចនៅតំបន់ ដែលមានប្រភពទឹក ត្រូវបញ្ចុះម៉ាស៊ីនអន្តរាគនម៍ មិនត្រូវឲ្យស្រូវសំណាបងាប់ ដល់ទីកន្លែង ដែលមានប្រភពទឹក ហើយយើងមិនបានបូមបាចដាក់នោះទេ”។
សម្តេចតេជោ បានបន្តថា ប្រជាកសិករទាំងអស់ កុំអាលអស់សង្ឃឹម ទោះបីជាមានគ្រោះរាំងស្ងួតក្ដី ព្រោះឥឡូវនេះ បាតុភូតធម្មជាតិចម្លែក តែទោះជាយ៉ាងណា កុំអាលព្រួយបារម្ភ ព្រោះរដូវវស្សានៅវែងឆ្ងាយណាស់។ សម្តេចតេ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីក្រសួងធនធានទឹក និងមន្ទីរធនធានទឹក តាម បណ្តាខេត្តនានា ដែលបានចុះជួយបូមទឹកដាក់ស្រែ ជូនប្រជាពលរដ្ឋ ដែលជួបគ្រោះរាំងស្ងួតនេះផងដែរ។
បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចមន្ទីរធនធានទឹក ប្រចាំខេត្តនានា កំពុងមមាញឹកជួយសង្រ្គោះដីស្រែ ជូនប្រជាពលរដ្ឋ ដោយបានបូមទឹកដាក់ស្រែ ជូន ពួកគាត់ តែការបូមទឹកនេះ បានតែដីស្រែណា ដែលនៅជិតប្រភពទឹកប៉ុណ្ណោះ៕








