
អភិបាលខណ្ឌ ដែលត្រូវបានគេមើលឃើញថា តែងតែមានសកម្មភាព កសាង និងអភិវឌ្ឍន៍ខណ្ឌ របស់ខ្លួនជាងគេ បានគូសបញ្ជាក់ថា រថយន្ដពាក់ស្លាកលេខ ន.ប រថយន្ដពាក់ស្លាកលេខ ខ.ម និងរថយន្ដបិទកញ្ចក់ខ្មៅ រួមទាំងម៉ូតូជាច្រើនគ្រឿង ត្រូវបានឃាត់ ពេលកំពុងធ្វើដំណើរឆ្លងកាត់ កន្លែងត្រួតពិនិត្យនោះ ក្នុងគោលបំណង ពិនិត្យមើលប័ណ្ណបើកបរ ក៏ដូចជា លិខិតស្នាមផ្សេងៗ ។ ដោយឡែករថយន្ដ ដែលបិទកញ្ចក់ខ្មៅ គឺគណៈបញ្ជាការ ឯកភាព តម្រូវឱ្យម្ចាស់រថយន្ដ បកដោយខ្លួនឯង ទើបអនុញ្ញាតឱ្យទៅ។
ក្នុងនាមជាអភិបាលខណ្ឌមានជ័យ លោក គួច ចំរើន សូមអំពាវនាវ ឱ្យម្ចាស់យានយន្ដ និងទោចក្រយានយន្ដ ទាំងឡាយត្រូវបំពាក់ និងមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ ពេលធ្វើដំណើរ ដើម្បីរួមចំណែកពង្រឹងច្បាប់ចរាចរណ៍ ជើងគោក នៃប្រទេសកម្ពុជា ក៏ដូចជាការចូលរួម កាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលជាបញ្ហាធ្ងន់ធ្ងរជាងគេ នាពេលបច្ចុប្បន្ននេះ។
លោក គួច ចំរើន បានថ្លែងថា ចំពោះរថយន្តទាំងឡាយណា ដែលមានបិទស្កុតពណ៌ ទោះ ជាពណ៌អ្វីក៏ដោយ នៅលើកពា្ចក់រថយន្តរបស់គេ គឺត្រូវបកចេញ ដោយខ្លួនឯង និងត្រូវពិន័យ តាមអនុក្រឹត្យរបស់រដ្ឋាភិបាល ស្តីពីការប្រើប្រាស់រថយន្ត ដែលបិទស្កុត ឫដាក់វាំងនន កពា្ចក់រថយន្ត ដែលបានចែកជូន ក្រោយពីបង់ប្រាក់ពិន័យរួច។
អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានថ្លែងឱ្យដឹងថា ប្រតិបត្ដិការចុះត្រួតពិនិត្យ ច្បាប់ចរាចរណ៍ជើងគោក នៅពេលនេះ ក្នុងគោលបំណង ដើម្បីឱ្យអ្នកបើកបរយានយន្ដ ទាំងឡាយ ត្រូវមានលិខិតស្នាមត្រឹមត្រូវ ដែលជាប់ពាក់ព័ន្ធ ពោលត្រូវផាកពិន័យ ចំពោះម្ចាស់យានយន្ដទាំងឡាយណា ដែលមិនទាន់មានលិខិតស្នាម បញ្ជាក់ពីក្រសួងស្ថាប័នពាក់ព័ន្ធនោះ។
លោកអភិបាលបន្តទៀតថា គោលបំណងដើម្បីទប់ស្កាត់ បទល្មើសដែលបង្កឡើង ដោយជនល្មើសយករថយន្ត បិទកញ្ចក់ពណ៌ ឫដាក់វាំងនន មើលពីខាងក្រៅទៅមិនឃើញខាងក្នុងរថយន្ត និងដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងទីក្រុងភ្នំពេញ ពិសេស នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ទាំងមូល។
លោក ឡុង ង៉ែត នាយករដ្ឋបាលសាលាខណ្ឌមានជ័យបាន ឲ្យដឹងថា ក្នុងប្រតិបតិ្តការឆែកឆេរអាវុធជាតិផ្ទុះ មានអាវុធឆ្លងកាត់ ២ដើម ដែលមានច្បាប់ត្រឹមត្រូវ និងមានរថយន្តឆ្លងកាត់ប្រមាណ ៥០គ្រឿងនេះ មានរថយន្ត ៣៦គ្រឿង មានបិទស្កុតខ្មៅ ហើយយើង បានឲ្យពួកគាត់ បកចេញដោយខ្លួនឯង ទើបអនុញ្ញាតឲ្យធ្វើដំណើរបន្តទៀត៕












