Saturday, June 9, 2012

សាពូន មីដាដា ត្រៀមចេញអាល់ប៊ុមថ្មី "Return of Sapoun Midada" 0 41

ភ្នំពេញ: តារាចម្រៀង​មនោសញ្ចេតនា អមដោយ​ហ្គី​តា លោក សាពូន មីដាដា របស់​ផលិតកម្ម​ហង្ស​មាស និង​រស្មី​ហង្ស​មាស ដែល​បច្ចុប្បន្ន​មិនសូវ​ជា​បាន​លេចមុខ​លេច​មាត់​តាម​កញ្ចក់​ទូរទស្សន៍​នោះ បាននិងកំពុង​ត្រៀម​ចេញ​នូវ​អាល់​ប៊ុ​ម​ថ្មី​របស់ខ្លួន ដែលមាន​ឈ្មោះថា "Return of Sapoun Midada" ទាំង​ទំនុកច្រៀង ទាំង​ទំនុកភ្លេង ជា​ស្នាដៃ​របស់​ខ្មែរ​សុទ្ធសាធ​។​

​លោក សាពូន មីដាដា បានផ្ដល់​បទសម្ភាសន៍​ជាមួយ CEN ថា “​កំពុងតែ​រៀបចំ​ចេញ​នូវ​វ៉ុល​ថ្មី​មួយទៀត នៅពេល​ឆាប់ៗ​នេះ មាន​ឈ្មោះថា Return of Sapoun Midada ជាការ​តែង​និពន្ធ​ទំនុកច្រៀង​ថ្មី សាច់ភ្លេង​ថ្មី ដែលជា​ការរួម​សហកា​រ​ផលិត​ដោយ​ខ្មែរ​យើង​សុទ្ធសាធ​”​។

​លោក​បាន​ បន្តថា ទំនុកច្រៀង​ថ្មី​របស់លោក មានការ​និពន្ធ​ដោយ​លោក ខេមរៈ តារា​, លោក សុខា ចាន់​ផល និង​លោក ដូ រ៉េ​។ រីឯ​ទំនុកភ្លេង គឺ​លោក មីដាដា និពន្ធ​ដោយ​ខ្លួន​លោក​ផ្ទាល់​តែម្ដង​។ ដោយឡែក ការដឹកនាំ​សម្ដែង​សម្រាប់​អាល់​ប៊ុ​ម Return of Sapoun Midada នេះ មានការ​ចូលរួម​ពី​លោក កែ សីហា និង​លោក សុខ ជំនោរ​។​

​លោក មីដាដា បាន​ឲ្យ​ដឹងថា មួយរយៈ​ពេលនេះ លោក​រវល់​គួរសម​ក្នុងការ​បំពេញការងារ​ឲ្យ​ផលិតកម្ម ដែល​បាន​បន្ត​កិច្ចសន្យា​ថ្មី បន្ទាប់ពី​បាត់​មុខ​អស់​មួយរយៈ ដោយសារតែ​បញ្ចប់​កុងត្រា និង​ម្យ៉ាងវិញទៀត លោក​ចង់​មាន​ពេល​សម្រាក​ខ្លះ​ជាមួយ​ក្រុមគ្រួសារ​។

​លោក​បន្តថា នៅក្នុង​រយៈពេល​នេះដែរ ក៏មាន​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស មាន​អូស្ដ្រាលី និង​សហរដ្ឋអាមេរិក ពួកគាត់​ចង់បាន​លោក​ទៅ​សម្ដែង​ច្រៀង​នៅ​ទីនោះ តែ​មិនទាន់​បានសម្រេច​យ៉ាងណា​នៅឡើយ​ទេ គឺ​កំពុងស្ថិត​នៅក្នុង​ការសម្រេច​ចិត្ត​។ លោក​បញ្ជាក់ថា “​ខ្ញុំ​ក៏​កំពុងតែ​មមាញឹក​ជាមួយ​ផលិតកម្ម​ហង្ស​មាស ដើម្បី​បង្កើត​ស្នាដៃ​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ​សិន​”​។

​ជា​ ចុងក្រោយ លោក សាពូន មីដាដា សង្ឃឹមថា អាល់​ប៊ុ​ម​ថ្មី​របស់លោក Return of Sapoun Midada នឹងមាន​ការគាំទ្រ​ច្រើន ពី​សំណាក់​ទស្សនិកជន​ទាំងថ្មី​ទាំងចាស់ ដែល​បាន​ពេញចិត្ត​នឹង​សំនៀង​របស់លោក​៕

Comments system

Disqus Shortname