
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ថា រហូតមកទល់ពេលនេះ មិនទាន់មានការចាប់ខ្លួន ជនណាម្នាក់ ដែលជាបក្សពួករបស់ ឈ្មោះ ប៊ុន រដ្ឋា នៅឡើយទេ ដោយខាងលោកកំពុងធ្វើកិច្ច ការងារនេះ ជាមួយដៃគូពាក់ព័ន្ធដទៃ ក្នុងការតាមដានស្រាវជ្រាវ រកករណីបន្ថែម ទៀត ដើម្បីឈានទៅដល់ ការចាប់ខ្លួនពួកគេតែម្តង «យើងកំពុងធ្វើការងារនេះហើយ»។
កាលពី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវ របាយការណ៍ពាក់កណ្ដាល អាណត្ដិ ឆ្នាំ២០១១ ស្ដីពីផែនការ យុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០០៩-២០១៣ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដាក់បទបញ្ជា ផ្ទាល់មាត់ទៅដល់អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវតាមចាប់មេខ្លោងឈ្មោះ ប៊ុន រដ្ឋា និងបក្ខពួក ចំនួន៥ នាក់ផ្សេងទៀត យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ដោយសារតែក្រុមនេះ បានបង្កើតរដ្ឋ នៅក្នុងរដ្ឋ។
សម្ដេចនាយករដ្ឋមន្ដ្រី បានប្រកាសថា មេខ្លោង ប៊ុន រដ្ឋា ដែលជាប្រធានសហគមន៍ ប្រជាធិបតេយ្យដ៏តូចមួយនេះ ហ៊ានបង្កើតរដ្ឋ នៅក្នុងរដ្ឋ ហើយដើរតួនាទី ផ្ដល់ដីជូន ប្រជាពលរដ្ឋ ដោយខ្លួនឯង ដូច្នេះ តើរដ្ឋាភិបាល អនុញ្ញាតឲ្យទេ គឺមិនឲ្យនោះឡើយ ។
ក្នុងបទបញ្ជាត្រូវតែធ្វើឲ្យបាននេះ សម្ដេច នាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ទោះបី ប៊ុន រដ្ឋា ស្ថិតនៅប្រទេស ណាក៏ដោយ ត្រូវតែ តាមចាប់ខ្លួនឲ្យបាន និងទោះបីជាស្ថិតនៅ ក្នុងស្ថានទូតណាក៏ដោយនោះ។
ទាក់ទិននឹងបញ្ហាចុះបង្ក្រាប ក្រុមសមាគម អ្នកប្រជាធិបតេយ្យ របស់ឈ្មោះ ប៊ុន រដ្ឋា កាលពីពេលកន្លងទៅនោះ បានបណ្ដាល ឲ្យក្មេងស្រីម្នាក់ ស្លាប់ គឺសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវ ការសោកស្ដាយ ចំពោះករណីនេះ នៅពេលចុះបោស សំអាតក្រុម ប៊ុន រដ្ឋា៕