
បន្ទាប់ពីតម្កល់នៅក្នុងផ្ទះអស់រយៈ
កាលជិតពីរថ្ងៃមក សពលោកតា យស សាត ដែលជាវីរសិល្បករ
ផ្នែកចម្រៀងអាយ៉ៃ និងចាប៉ីដងវែង ត្រូវបានដង្ហែយកទៅបូជា
ហើយនៅវេលាម៉ោង២ និង ៣០នាទីរសៀលថ្ងៃចន្ទនេះ
ឆ្ពោះទៅសង្កាត់ទូលសង្កែរ ខណ្ឌឫស្សីកែវ។
នៅក្នុងពិធីដង្ហែសពនោះដែរ មានតែក្រុមគ្រួសារ និងកូនចៅ
និងមានសិល្បករ សិល្បការិនីចូលរួមពីរបីនាក់ប៉ុណ្ណោះ
ដែលធ្លាប់ធ្វើការជាមួយលោកតា។
លោក យន់ ធារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌
នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
និងជាសាស្ត្រាចារ្យតន្ត្រីបុរាណផងនោះ
បានបង្ហាញនូវភាពក្រៀមក្រំ
និងសម្ដែងនូវការសោកស្ដាយចំពោះមរណភាពរបស់វីរសិល្បករដ៏ឆ្នើម។
លោកបានរៀបរាប់ ហាក់ដូចជាដឹងច្បាស់ ពីស្នាដៃរបស់សពថា ”
លោកតា យស សាត គាត់បានបន្សល់ទុកស្នាដៃច្រើនណាស់…។
គាត់បានបង្រៀន
នៅសាលាវិចិត្រសិល្បៈមួយរយៈ…គាត់ធ្វើការនៅវិទ្យុជាតិ…”។
ថ្លែងស្រដៀងគ្នានេះ អ្នកស្រី អ៊ុក សុផា ជាសិល្បការិនី
ប្រចាំនៅវិទ្យុជាតិ និងជាទីប្រឹក្សាក្រសួងព័ត៌មាន
បានឲ្យក្រុមការងារSabay ដឹងទាំងអួលដើមករថា ”
ខ្ញុំរួមអាជីពជាមួយគាត់ តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ…
ខ្ញុំមានការសោកស្ដាយរកអ្វីប្រៀបផ្ទឹមមិនបាន…(ស្រក់ទឹកភ្នែក
)…”។
អ្នកចម្រៀងអាយ៉ៃ និងចាប៉ីដងវែង លោកតា យស សាត
បានទទួលអនិច្ចកម្មកាលពីម៉ោងប្រមាណជា៥ព្រឹកថ្ងៃអាទិត្យ
ម្សិលមិញនៅគេហដ្ឋានរបស់លោកតាខាងក្រោយសណ្ឋាគារភ្នំពេញ
ដោយសារជំងឺរ៉ាំរ៉ៃ៕(sabay)