
ភាពភ្ញាក់ផ្អើលនេះបានក្លាយទៅជាសំណួរសួរដេញដោលគ្នាទៅវិញទៅមក ពិសេសក្នុងមជ្ឈដ្ឋានសិល្បៈ ដែលពួកគេគិតថា លោក អ៊ុក ណារីម និង កញ្ញា ឆោមឆពុំ ពិតជាមានភ័ព្វសំណាងក្រៃលែង ខណៈបានការជួយជ្រោមជ្រែងផ្តល់កិត្តិយសពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ធ្វើជាមេបាផ្សំផ្គុំពួកគេទាំង ពីរនាក់ ។
ក្រោមទឹកចិត្តសណ្ដោសប្រោសប្រណី ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យបំណងប្រាថ្នារបស់តារាចម្រៀងជាគូស្នេហ៍ចាស់វស្សា លោក អ៊ុក ណារីម និង កញ្ញាឆោម ឆពុំ បានចូលរោងការក្រាប ផ្ទឹមតាមប្រពៃណីខ្មែរ ស្ទើតែមិននឹកស្មានដល់ ដោយ សម្ដេច បានចាត់ឲ្យនាយ ឧត្តមសេនីយផ្កាយមាស៤ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់សម្ដេចផ្ទាល់ ជាអ្នកចាត់ចែងធ្វើជាមេបា និងរៀបចំពិធីនេះទាំងស្រុងរហូតដល់ចប់ជាស្ថាពរ។
ពិធីរៀបមង្គលការរបស់ អ៊ុក ណារីម និង ឆោម ឆពុំ ដែលគ្រោងប្រារព្ធនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ គឺត្រូវបានទទួលការ សណ្តោសប្រោសប្រណី ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចបានចាត់ ឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាអ្នកទទួលរៀបចំពិធីមង្គលការនេះ ទើបមានឈ្មោះ លោកនាយឧត្តម សេនីយ៍ធ្វើជាមេបា។
ជុំវិញរឿងរ៉ាងខាងលើនេះលោក អ៊ុក ណារីម បានបញ្ជាក់ប្រាប់ Lookingtoday ឲ្យដឹងថា " បាទ..! ចំពោះរឿងថា.. សម្តេចតេជោ ហ៊ុន សែន ជាអ្នកប្រាប់ឲ្យរៀបចំកម្មវិធីមង្គលការរបស់ខ្ញុំនេះ គឺជារឿងពិត ហើយមានកាផ្តល់កិត្តិយសពីសំណាក់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ធ្វើជាមេបា ទៀតផង" ។
លោកតារាចម្រៀង អ៊ុក ណារីម បានបញ្ជាក់ឲ្យដឹងទៀតថា " បើនិយាយទៅកម្មវិធីមង្គលការខ្ញុំហ្នឹង...! គឺសម្តេចលោកបានផ្តល់អ្វីៗទាំងអស់ ព្រោះតាមកាពិតទៅខ្ញុំនិង អនាគតភរិយា ត្រូវជាកូនធម៌របស់សម្តេចអស់រយៈពេល ៦ឆ្នាំមកហើយ តែខ្ញុំមិនដែលយកប្រាប់គេនោះទេ ទើបតែពេលថ្ងៃនេះ សម្តេចបានប្រទានពិធីរៀប មង្គលការមកដល់ខ្ញុំ ទាំងពីរនាក់ ពិតជាមហាកិត្តិយសខ្លាំងមែនទែន សម្រាប់ខ្ញុំ និង អនាគតភរិយាខ្ញុំ " ។
យ៉ាងណាមិញលោក អ៊ុក ណារីម បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកបានផ្តល់នូវអ្វីៗគ្រប់យ៉ាង មានទាំងដំបូន្មានល្អៗ ដល់លោក និងអនាគតភរិយា ជាពិសេស សម្តេចបានផ្តល់ពិធីអាពាហ៍ពិពាហ៍នេះ ដែលសម្តេចតែងតែ មានព្រហ្មវិហារធម៌សណ្តោសប្រោសប្រណីដល់កូនចៅ ។
លោក អ៊ុកណារីម ក៏បានបួងសួងដល់វត្ថុស័ក្កិសិទ្ធក្នុងលោក សូមប្រទានពរជ័យដល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ចៅប្រុស ចៅស្រី សូមឲ្យលោកជួបតែសុខភាពល្អ កម្លាំង ពលំ មាំមួន មានបញ្ញាញាណវាងវៃ ដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកសុខសន្តិភាព និងរីកចម្រើនជានិរន្តរ៍ ៕

