Monday, June 4, 2012

មន្ទីរពេទ្យ២ មកពីសាធារណរដ្ឋកូរ៉េ គ្រោងបង្កើត សាខារបស់ខ្លួន នៅកម្ពុជា

Photo by DAP-NEWSភ្នំពេញៈមន្ទីរពេទ្យធំៗ ចំនួន២ ក្នុងចំណោម មន្ទីរពេទ្យ៧ មកពីសាធារណរដ្ឋកូរ៉េ ដែលបានមក ផ្សព្វផ្សាយពី ទេសចរសុខាភិបាល នៅកម្ពុជា តាមរយៈ អាជ្ញាធរទេសចរកូរ៉េ កាលពីល្ងាចថ្ងៃសៅរ៍ ទី២ ខែមិថុនា ឆ្នាំ២០១២ បានមកបង្ហាញចំណាប់ អារម្មណ៍ ដោយគ្រោងនឹងបង្កើត មន្ទីរពេទ្យ ដែលជាសាខារបស់ខ្លួនម្នាក់មួយ ប្រចាំនៅកម្ពុជា ។
តំណាងមន្ទីរពេទ្យ Fatima Hospital និងមន្ទីរពេទ្យ Korean Traditional Medical Hospital Young Cheon Son បាននិយាយថា ពួកគេកំពុងស្វែងរកដៃគូរសហការ ដែលជាវេជ្ជបណ្ឌិតនៅកម្ពុជា ដើម្បីរៀបគម្រោងបង្កើត មន្ទីរពេទ្យកម្រិតស្តង់ដារមួយនៅកម្ពុជា ។
លោក លី ឆាម ( Lee Charm ) ប្រធានអគ្គនាយក អាជ្ញាធរទេសចរកូរ៉េ បានឱ្យដឹងថា ប្រទេសកម្ពុជា ជាទីផ្សារ ដ៏ល្អមួយ មានភាពទាក់ទាញ ក្នុងវិស័យទេសចរ ហើយមានប្រជាជនច្រើន បានស្វះស្វែងរកសេវាព្យាបាល នៅ ក្រៅប្រទេស ដូចជានៅប្រទេសថៃ វៀតណាម សឹង្ហបុរី ម៉ាឡេស៊ី និងអឺរ៉ុបជាដើម ដែលហេតុធ្វើឱ្យមន្ទីរពេទ្យនានា នៅកូរ៉េ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការមកផ្សព្វផ្សាយ វិស័យទេសចរសុខាភិបាល និងបង្កើតមន្ទីរពេទ្យ នៅប្រទេសមួយនេះ ។
លោកថា នៅឆ្នាំ២០១១ ចំនួនភ្ញៀវទេសចរកម្ពុជា ដែលទៅកម្សាន្តនៅប្រទេសកូរ៉េខាងត្បូង មានរហូតដល់ ២៤ ០០០នាក់ គឺ បានកើនឡើង ៣០ភាគរយហើយ បើប្រៀបធៀប ទៅនឹងឆ្នាំទៅមួយទៀត ដែលនេះជាកំណើន គួរឱ្យកត់សម្គាល់មួយ ប៉ុន្តែចំនួនភ្ញៀវដែលបាន ធ្វើទេសចរសុខាភិបាលនោះ នៅមានតិចតួចនៅឡើយ គឺប្រមាណ១០០នាក់ប៉ុណ្ណោះ ដែលភាគច្រើនជាមន្រ្តីធំៗ ដោយសារតែការព្យាបាលនៅទីនោះ ហាក់ដូចជាថ្លៃ ជាងប្រទេសថៃបន្តិច ប៉ុន្តែវាមានតម្លៃទាបជាង ការទៅព្យាបាលនៅប្រទេសសឹង្ហបុរី។
លោក Son In Seok ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យ Korean Traditional Medical Hospital Young Cheon Son ជាមន្ទីរពេទ្យ ព្យាបាល តាមបែបវេជ្ជសាស្រ្តបុរាណ និងសម័យ ដែលជំនាញខាងព្យាបាល ជំងឺលើសឈាម ស្វិតដៃជើង នៅប្រទេសកូរ៉េ បាននិយាយថា លោកមានគម្រោងបើកមន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ ដោយសហការជាមួយវេជ្ជបណ្ឌិតកម្ពុជា ធ្វើជាតំណាងរបស់យើង នៅកម្ពុជា។ លោកថា គម្រោងបង្កើតមន្ទីរពេទ្យ នៅកម្ពុជានេះ ក្នុងគោលបំណងផ្សព្វផ្សាយ ពីវេជ្ជសាស្រ្តបុរណ  របស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា តែកម្ពុជាក៏មានវេជ្ជសាស្រ្តបុរណដែរ ដែលអាចឱ្យយើងផ្សារភ្ជាប់ វេជ្ជសាស្រ្តរវាងប្រទេសទាំង២បាន ហើយយើងក៏កំពុង មានការិយាល័យរួចហើយ នៅអគារមជ្ឈមណ្ឌលវប្បធម៌ទេសចរណ៍ពាណិជ្ជកម្ម កូរ៉េ តាំងពីខែកុម្ភៈ កន្លងទៅម្ល៉េះ ។
ចំណែកលោកស្រី Park Jeong Soon អគ្គនាយករង នៃមន្ទីរពេទ្យ Fatima Hospital បានបង្ហាញ ចំណាប់អារម្មណ៍ដែរថា ខ្លួនមានបំណង បើកមន្ទីរពេទ្យមួយនៅកម្ពុជា ដោយពេលនេះ កំពុងស្វែងរកទីតាំង ណាមួយ ក្នុងប្រទេសនេះ ដើម្បីបើកមន្ទីរពេទ្យតែម្តង ។ អ្នកស្រីនិយាយថា កន្លងមកយើង បានធ្លាប់ សហការជាមួយ អង្គការ និងមន្ទីរពេទ្យមួយចំនួន ក្នុងការព្យាបាល អ្នកជំងឹកម្ពុជា រួចទៅហើយ ក្នុងនោះមាន នៅខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តមួយចំនួនទៀត នៅតំបន់ជនបទ  ដែលនាំឱ្យមាន ការគាំទ្រ ពីសំណាក់ប្រជាជនកម្ពុជា ហើយពេលនេះ យើងចង់បង្កើតមន្ទីរពេទ្យ ខ្លួនឯងវិញម្តង ។    
លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលក្លាយជាបុរស មានសំណាងជាងគេ ក្នុងចំណោមអ្នកចូលរួមប្រមាណ៣០០នាក់ ដោយបានឈ្នះរង្វាន់ សំបុត្រយន្តហោះទៅមក ពីកម្មវិធីផ្សព្វផ្សាយ វិស័យទេសចរណ៍សុខាភិបាល ដែលរៀបចំដោយអាជ្ញាធរទេសចរកូរ៉េ លើកដំបូងនៅកម្ពុជានេះ បានសម្តែងចំណាប់អារម្មណ៍ថា  ការផ្សព្វផ្សាយ ពីវិស័យទេសចរណ៍សុខាភិបាល នៅកម្ពុជា របស់សាធារណៈរដ្ឋកូរ៉េ ជាការបង្កើនទំនាក់ទំនង រវាងប្រជាជន នៃប្រទេសទាំង២ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ ពីគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា មន្ទីរពេទ្យចំនួន៧ធំ របស់កូរ៉េ បានមកចាប់អារម្មណ៍ ចូលផ្សព្វផ្សាយ ស្តីពី ទេសចរសុខាភិបាល លើកទីមួយនៅកម្ពុជា ដែលរៀបចំដោយ អាជ្ញាធរទេសចរកូរ៉េខាងត្បូង នៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្នុងនោះ មានមន្ទីរពេទ្យ Daegu medical org ល្បីខាង វះកាត់ប្តូរផ្ទៃមុខ, Fatima Hospital , Kangnam Severence ល្បីខាងវះកាត់ ព្យាបាលជំងឺមហារីក ឆ្អឹងកង, Kyunbook University Hair Transplant Center ល្បីខាងបណ្តុះសក់, Korean Traditional Medical Hospital Young Cheon Son ព្យាបាលដោយ របៀបបុរាណ, V Cosmetic Hospital ល្បីល្បាញ ខាងកែសម្ពស្ស, Hucare និង Hyosung University ជាមន្ទីរពេទ្យមានជំនាញខាង សម្ភព និងរោគស្រ្តី បន្ទាប់ពីមើលឃើញថា ប្រទេសកម្ពុជា ជាទីផ្សារសំខាន់មួយ ហើយទំនាក់ទំនង រវាងប្រជាជន នៃប្រទេសទាំង២ កាន់តែប្រសើរឡើងខ្លាំង តាមរយៈការនិយម មើលរឿង ចម្រៀង របស់កូរ៉េ និងដំណើរ ទេសចរណ៍ រវាងប្រជាជននៃប្រទេសទាំង២ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname